ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖ ប្រភព​ដែល​អាច​ជឿជាក់​បានៗ​អះអាងថា បុរស​ម្នាក់​ដែល​ជំនាញ​ខាង​រត់ការ​ឈើ​
​នៅ​អូរ​ឡង់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង កំពុង​បន្ត​ប្រមូល​ឈើ​ដាក់​ទូក​រាល់​យប់​តាម​ទន្លេមេគង្គ ឆ្ពោះទៅ​កោះ​ខ្ញែរ​និង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​។​សកម្មភាព​នេះ​នៅ​មិន​ឆ្ងាយ​ពី​ភ្នែក​និង​ត្រចៀក ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅ​តំបន់​នោះ ទេ​។​

​ប្រភព​ដដែល​ប្រា​ប់ឱ្យដឹងថា មេខ្លោង​រត់ការ​ឈើ​នៅ​តំបន់​នោះ អ្នកណា​ក៏​ស្គាល់​ដែរគឺ​គាត់​ឈ្មោះ​តា​វុ​ធ​។​ក្រៅពីនេះមានមេ​ឈ្មួញ​មួយចំនួនទៀត​ដូចជា​ឈ្មោះ​ឈឹម ឈ្មោះ​រិ​ទ្ធិ និង​ឈ្មោះ​សៀង​ឡាន​។​ថែមទាំង​មាន ឈ្មួញ​ជាច្រើន​នាក់​ទៀតមកពី​ខេត្តក្រចេះ ចុះប្រមូល​ឈើ​ពី​អ្នកភូមិ​នៅ​អូរ​ឡង់ ឃុំ​សៀម​បូក ដាក់​ទូក​។​

​ប្រភព​បាន​ឲ្យ​ដឹងថា​ទូក​មួយគ្រឿង​អាចដាក់​ឈើ​បាន​ចំណុះ​បីម៉ែត្រគូប​។ ក៏ប៉ុន្តែបើ​ទូក​ធំ​អាច​ពី​១៥ ទៅ​២០ ម៉ែត្រគុប​។​តម្លៃ​ឈើ​ក្តារ​កកោះ​ត្រូវប៉ាន់​ជាងគេ​លើ​តម្លៃ​ទីផ្សារទិញ​នៅ​អូរ​ឡង់ សៀម​បូក ក្នុង​មួយ​ម៉ែត្រគូប​តម្លៃ​ជាង​មួយ​លាន​រៀល​។​ពេលទៅដល់​កោះ​ខ្ញែរ​និង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ តម្លៃ​ចាប់ពី​៦០០ ទៅ​៧០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រគូប​។​បើ​ដល់​ខេត្តកំពង់ចាម ,ព្រៃវែង​នោះមាន​តម្លៃ​ជាង​មួយ​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រគូប​។​

​ប្រភព​បាន​បន្តថា ឈ្មួញ​ឈើ​នៅ​តំបន់​ខាងលើ​នោះ​ភាគច្រើន​ធ្វើ​សកម្មភាព​ចាប់ពី​ព្រលប់​រហូតដល់​អធ្រាត្រ​។​ចំណែក​គោយន្ត​របស់​អ្នកភូមិ​រាប់សិប​គ្រឿង​បាន​ចូលទៅ​ក្នុងព្រៃ​ដឹកជញ្ជូន​ឈើយកមក​ទម្លាក់​នៅតាម​ភូមិ​ដើម្បី​លក់​បន្ត​ទៅឱ្យ​ឈ្មួញ​។​មេ​ឈ្មួញ​ទាំងអស់​បាន​ចាត់តាំងអ្នក​រត់ការ​ម្នាក់ ឈ្មោះ​វុ​ធ ពីព្រោះ​ឈ្មោះ​វុ​ធ ជំនាញ​ខាង​រត់ការ​និង​ពូកែ​ទំនាក់ទំនង​ដាក់​ថ្នាំ​សណ្ដំ​ជំនាញ​ពាក់ព័ន្ធ​។​

បើ​មានអ្នកធំ​ថ្នាក់ស្រុក​ឬ​ខេត្តស្ទឹងត្រែង​ចុះទៅ​សៀម​បូក​គឺ​ឈ្មោះ​តា​វុ​ធ​ តែង​ចេញមុខ​ចាត់ចែង​ហើយ​។ហេតុនេះ ហើយ​បានជា​ពុំមាន​សមត្ថកិច្ច​ណា​ធ្វើ​អ្វី​លើ​តា​វុ​ធ​បាន​។​តែបើ​ឈ្មួញ​ណា​មិន​ឲ្យ​ឈ្មោះ​វុ​ធ​រត់ការ​ទេនោះ​មេការ​ឈ្មោះ​វុ​ធ​នឹង​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ឈើ​ភ្លាម​។​

ថ្មីៗ​នេះ​ឈ្មោះ​តា​វុ​ធ​បាន​ខឹង​អ្នកកាសែត​ម្នាក់​រឿង​ថត​ឈើ​។​តា​វុ​ធ​បាន​យក​ទូរស័ព្ទ​នោះ​បោះ​ចូល​ទឹកទន្លេ​បាត់​សមត្ថកិច្ច​ក៏​មិនមាន​ចំណាត់ការ​ដែរ​។​

​បុរស​ឈ្មោះ វុ​ធ បាន​និយាយ​កាលពី​យប់​ថ្ងៃទី​២៥​កក្កដា​កន្លងទៅ​ថា​អ្នកណា​ក៏ដោយ​បើ​ស្គាល់ឈ្មោះ​វុ​ធ អាច​ជួប​បាន​គ្រប់ពេល​។​តែបើ​និយាយ​រឿង​ឈើ គឺ​ឈើ​នោះ​ជា​របស់​ប្រជាពលរដ្ឋ​ទេ។​

​លោក សុខ សំណាង មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ទើប​ទទួល​តំណែង​ថ្មី​ចុះទៅ​សៀម​បូក​មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែកក្កដា​នេះ​។​

​ចំណែក​លោក អន ចាន់​សុជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​និយាយថា​លោក​នឹង​ចាត់​មន្ត្រី​និង​សុំ​ឲ្យ​
​មានការ​សហការ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ទប់ស្កាត់​បទល្មើស​នៅ​តំបន់​នោះ​៕​សរន​