ទិវា​ស្ត្រី​មេម៉ាយ​អន្តរជាតិ​

2330
ចែករម្លែក

(ភ្នំពេញ​)៖ ទិវា​ស្ត្រី​មេម៉ាយ​អន្តរជាតិ ប្រារព្ធ​នៅ​ថ្ងៃទី ២៣ ខែ មិថុនា គឺជា​ទិវា ដែល ប្រកាស​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ ដើម្បី បញ្ជាក់​អំពី ” ទុរគត​ភាព និង ភាព អយុត្តិធម៌ ដែល បាន និង កំពុង​ប្រឈម​ដោយ​ស្ត្រី​មេម៉ាយ រាប់លាន​នាក់ និង អ្នក​ក្នុង បន្ទុក​របស់​ពួកគេ ” ។

​ម្តាយ​លោក Loomba ( ព្រឹទ្ធសមាជិក នៃ ឧ​ត្ត​ម​ការិយាល័យ​នីតិកម្ម​ចក្រភព​អង់គ្លេស ) គឺ​លោកស្រី Shrimati Pushpa Wati Loomba បាន​ក្លាយជា​ស្ត្រី​មេម៉ាយ នៅ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៥៤ ។

​លោក Loomba និង លោកស្រី Cherie Blair ( ភរិយា​របស់លោក តូ​នី ប្ល៊ែ​រ៍ នាយករដ្ឋមន្ត្រី អង់គ្លេស ) បានចាប់ផ្តើម​បើក​យុទ្ធនាការ ទិវា ស្ត្រី​មេម៉ាយ​អន្តរជាតិ នេះ កាលពី​ឆ្នាំ ២០០៥ ប៉ុន្តែ​ហាក់​មិនទាន់​សូវ​ទទួលបាន​ការគាំទ្រ​ប៉ុន្មាន​ឡើយ ។

​លោក Loomba និង លោកស្រី Cherie Blair បាន​បង្កើត​មូលនិធិ​មួយ​ឈ្មោះថា មូលនិធិ The Loomba Foundation ដែលមាន​លោកស្រី Cherie Blair ជា​ប្រធាន ។ គោលបំណង​ដ៏​ចម្បង នៃ មូលនិធិ​នេះ គឺ ដើម្បី ទ្រោល​បំភ្លឺ​នូវ​រាល់​ក្តី​ទុក្ខលំបាក​វេទនា​ដ៏​មិនអាច​បរិយាយ​បាន​របស់​ស្ត្រី មេម៉ាយ ក្នុង​លោក ។​

​មូលនិធិ​នេះ បានធ្វើ​កិច្ចការ​ជាច្រើន​ពាក់ព័ន្ធ​ស្ត្រី​មេម៉ាយ ដូចជា​ធ្វើ​កិច្ច​នានា ដើម្បី ឱ្យ​មនុស្ស​ក្នុង លោក​យល់ដឹង​អំពី​បញ្ហា​នានា​របស់​ភាពជា​ស្ត្រី​មេម៉ាយ និង រៃអង្គាស​ថវិកា​ដើម្បី​ផ្តល់​ការអប់រំ ដល់​កូនៗ​របស់​ស្ត្រី​មេម៉ាយ​ក្រីក្រ​នៅក្នុង​ប្រទេស ឥណ្ឌា និង ធ្វើឱ្យមាន​សិទ្ធិអំណាច ដល់​ស្ត្រី មេម៉ាយ​ទាំងឡាយ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​នៅ​ទូទាំង អាស៊ី និង អាហ្វ្រិក ។​

​នៅ​ឆ្នាំ ២០១០ មូលនិធិ The Loomba Foundation បាន​រកឃើញ នៅ​ជុំវិញ​ពិភពលោក មាន​ស្ត្រី​មេម៉ាយ ប្រមាណ​ជា ២៤៥ លាន នាក់ ក្នុងនោះ​ស្ត្រី មេម៉ាយ ប្រមាណ​ជា ១១៥ លាន នាក់ បាន និង កំពុង​រស់នៅក្នុង​សភាព​ក្រីក្រ​តោកយ៉ាក និង រង​ការឈឺ​ចាប់ពី ស្លាកស្នាម​ទុរយស ផ្នែក​សង្គម និង ភាព​រីងស្ងួត​ខ្សោយ​ខ្សោះ ផ្នែក​សេដ្ឋកិច្ច ដោយសារតែ​ពួកគេ​បាត់បង់​ប្តី ។ មូលនិធិ The Loomba Foundation បានដាក់​នូវ​របាយការណ៍​របស់ខ្លួន​ទៅ​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១០ ។​
​ ​
​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១០ អង្គការសហប្រជាជាតិ បានអនុម័ត​ជា​ផ្លូវ​ការយក​ថ្ងៃទី ២៣ ខែ មិថុនា ថា​ជា ទិវា ស្ត្រី​មេម៉ាយ​អន្តរជាតិ គឺជា​ថ្ងៃ​ដែល​ម្តាយ​លោក Loomba បាន​ក្លាយជា​ស្ត្រី​មេម៉ាយ ( កាលពី​ឆ្នាំ ១៩៥៤ ) ។​
​ ​
​នៅពេលដែល​អង្គការសហប្រជាជាតិ​អនុម័ត​រួម​ក ទិវា​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​មុនគេ​នៅ​ប្រ​ទេ រ​វ៉ាន់ដា ស្រីលង្កា សហរដ្ឋអាមេរិក អង់គ្លេស ណេ​ប៉ាល់ ស៊ី​រី កេ​ន​យ៉ា ឥណ្ឌា បង់​ក្លា​ដេ​ស និង អាហ្វ្រិក​ខាងត្បូង ៕ ដោយ​: មេសា​

ស្ត្រី​មេម៉ាយ​ប្រមាណ​ជា​១១៥ នាក់ កំពុង​រស់នៅក្នុង​សភាព​តោកយ៉ាក ឈឺចាប់​ពី ស្លាកស្នាម​ទុរយស​សង្គម និង សេដ្ឋកិច្ច (​ស្ត្រី​មេម៉ាយ​)
​លោក Loomba ស្ថាបនិក ទិវា​ស្ត្រី​មេម៉ាយ​អន្តរជាតិ ( Loomba)

ទីតាំងផ្សាយពាណិជ្ជកម្ម