ដោយ​: ពៅ​និមល / ភ្នំពេញ​៖ ក្នុង​គោលដៅ​លើកកម្ពស់​វិស័យ​ធានារ៉ាប់រង ឲ្យ​មានការ​រីកចម្រើន​ថែមទៀត នៅពេល​ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា នឹងដាក់​ឲ្យ​ប្រើប្រាស់​នូវ​ការធានារ៉ាបរង​យានយន្ត​ឯកជន ជា​កាតព្វកិច្ច ដែលជា​ការទទួលខុសត្រូវ​របស់​ប្រតិបត្តិ​ករ​ធានារ៉ាប់រង និង​ម្ចាស់​យានយន្ត ចំពោះ​សង្គមជាតិ​។

​ក្នុង​ពិធី​បើក​កម្មវិធី​ទិវា​ធានារ៉ាប់រង ២០២២ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅនេះ លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ បាន​មានប្រសាសន៍ថា​: គម្រោង​ធានារ៉ាប់រង​យានយន្ត​ឯកជន ជា​កាតព្វកិច្ច​នេះ តាមរយៈ​ការធានារ៉ាប់រង ដល់​ជនរងគ្រោះ ដែល​បង្កដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅតាម​ដងផ្លូវ ក្នុងប្រទេស​កម្ពុជា ពោលគឺ ជួយ​ឲ្យ​ពួកគាត់ ទទួលបាន​សំណង​សមស្រប​ណាមួយ សម្រាប់​ការព្យាបាល និង​ដោះស្រាយ​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន​។

​លោក​បាន​ឲ្យ​ដឹងថា​: ផលប្រយោជន៍ ក្នុងការ​ដំណើរការ​ប្រព័ន្ធ​ធានារ៉ាប់រង ខាងលើនេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង និង​ពង្រីក​ប្រព័ន្ធ​សំណាញ់ សុវត្ថិភាព​សង្គម ឲ្យ​ដើរ​ទន្ទឹមគ្នា​នឹង​ការដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម​របស់​រដ្ឋា​ភិ​បាល ផងដែរ​។

​ជាមួយគ្នានេះ លោក ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក នៃ​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា បាន​បញ្ជាក់ថា​: បុព្វលាភ​ដុល​សរុប នៃ​ទីផ្សារ​ធានារ៉ាប់រង​របស់​កម្ពុ​ជា បាន​កើន​ឡើងដល់​ប្រមាណ ៣០០ លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០២១ និង​មាន​កំណើន​ប្រមាណ ២០% ជា​មធ្យម ក្នុង​រយៈពេល ៥ ឆ្នាំ ចុងក្រោយ​នេះ​។

​លោក​បាន​បន្តថា​: ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា នៅតែ​រក្សាបាន​កំណើន​វិជ្ជមាន ក្នុង​រង្វង់​ប្រមាណ ៨ ភាគរយ ក្នុង​ឆ្នាំ​២០២០ និង ១០ ភាគរយ ក្នុង​ឆ្នាំ​២០២១ ទោះ​ក្នុងដំណាក់កាល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។ លោក​បាន​បន្តថា​: គិត​ត្រឹម​ឆ្នាំ​២០២១ ក្រុមហ៊ុន​ធានារ៉ាប់រង ធានា​បន្ទុក​ហិរញ្ញវត្ថុ ចំពោះ​រាល់​ហានិភ័យ បាន​ចំនួន​ប្រមាណ​ជាង ២០៤ ប៊ី​លាន​ដុល្លារ​អាមេរិក ជាមួយ​ប័ណ្ណសន្យា​រ៉ាប់រង ចំនួន​ជាង ១ លាន​ប័ណ្ណ និង​បាន​ទូទាត់​សំណង ជូន​អតិថិជន ចំនួន​ជាង ៤៥ លាន​ដុល្លារ​។ ដោយឡែក ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា បច្ចុប្បន្ន មានទ្រព្យ​សកម្ម សរុប​ចំនួន​ប្រមាណ ៨៥១ លាន​ដុល្លារ​អាមេរិក​។

​លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា បានបង្ហាញ​ការគាំទ្រ ចំពោះ​គម្រោង​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ធានារ៉ាប់រង​យានយន្ត​ឯកជន ជា​កាតព្វកិច្ច ខណៈ​បច្ចុប្បន្ន បាន​អនុវត្ត​ជា​អន្លើ​តែ​ទៅលើ​យានយន្ត នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ និង​ក្រុមហ៊ុន​ដឹកទំនិញ​ប៉ុណ្ណោះ​។

​លោក​បាន​បន្តថា​: ទីផ្សារ​ធានារ៉ាប់រង នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​សរុប ៣៩ ក្នុងនោះ ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន ១៨ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន ១៤ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន​៧ ព្រមទាំង​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន​១ ៕/V​