ដោយៈ​សុផល / ភ្នំពេញ​៖ លោកអ្នក​ប្រហែល ជា​ទន្ទឹងរង់ចាំ​យូរហើយ​មែន​ទេ ក្នុងការ​បញ្ចេញស្នាដៃ​សិល្បៈ​បុរាណ​របស់ខ្លួន លើ​វេទិកា​? បើសិនជា​លោកអ្នក​ចង់​ចូលរួមចំណែក​ថែរក្សា​វប្បធម៌​សិល្បៈ​ខ្មែរ ឱ្យមាន​ភាព​រីកចម្រើន និង​គង់វង្ស នេះហើយ​ជា​ឱកាស​ដែល​ត្រូវ​ឆក់យក​។

​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​លើកកម្ពស់​របាំ​ក្បាច់បុរាណ​ខ្មែរ​គ្រប់​ទម្រង់ ជាពិសេស​គាស់​រំលើង​មកវិញ នូវ​ទម្រង់​ណា ដែល​ប្រឈមមុខ​នឹង​ការបាត់បង់ ក៏ដូចជា​បណ្ដុះ​មនសិការ ស្មារតី​ស្រឡាញ់ និង​គាំទ្រ​វប្បធម៌​សិល្បៈ​ខ្មែរ​បែប​បុរាណ ទៅដល់​ស្រទាប់​យុវជន យុវនារី ព្រមទាំង​ស្រទាប់​មហាជន​ទាំងមូល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង សូម​នាំមក​ជូន​នូវ​កម្មវិធី​ល្ខោន​ខ្មែរ រដូវ​កាល​ទី​១ តម្រូវ​លើ​វិញ្ញាសា «​ទម្រង់​របាំ​ក្បាច់បុរាណ​ខ្មែរ​» គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សហការ​ផ្សព្វផ្សាយ ដោយ​ស្ថានីយទូរទស្សន៍ BTV​។

​បេក្ខជន​ក្រុម នឹង​បាន​ជួប​ជាមួយ​គណៈកម្មការ​ទាំង​បួនរូប សុទ្ធសឹង​ជា​កំពូល​សិល្បករ សិល្បការិនី​របាំ​បុរាណ និង​ជា​ព្រឹទ្ធាចារ្យ​មានបទពិសោធន៍​យូរ​ឆ្នាំ លើ​វិស័យនេះ រួមមាន​: (១).​លោក​សាស្ត្រាចារ្យ ព្រឿង ឈៀង (២). លោកស្រី​ព្រឹទ្ធាចារ្យ ប៉ែន សុខ​ហួន (៣). លោកស្រី​សាស្ត្រាចារ្យ សុទ្ធ សុ​ម៉ាលី និង (៤). លោកស្រី​សាស្ត្រាចារ្យ សំ សត្យា​។ លោក​ទាំង​បួន មិន​ត្រឹមតែ​ជា​គណៈមេប្រយោគ ដាក់ពិន្ទុ​យ៉ាង​សុក្រឹត​នោះទេ ថែមទាំង​ជា​គ្រូបង្វឹក​ដោយផ្ទាល់ ទៅដល់​បេក្ខជន​ប្រកួត​ផងដែរ ដែល​នេះ​ជា​ឱកាស​ដ៏​វិសេសវិសាល​មួយ​សម្រាប់​បេក្ខជន​ប្រឡង ក្នុងការ​ដកស្រង់​បទពិសោធន៍ និង​ចំណេះ​ជំនាញ​ពី​ព្រឹទ្ធាចារ្យ​សិល្បៈ​ទាំង​បួនរូប​។

​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​បេក្ខជន​ទូទាំង ២៥ រាជធានី​-​ខេត្ត ដែលមាន​ចំណាប់អារម្មណ៍​ចូល​ប្រកួត លក្ខន្តិកៈ​ងាយស្រួល​ណាស់ ដោយ​គ្រាន់តែ​បំពេញ​ពាក្យ​ចូលរួម​ប្រកួត ភ្ជាប់​ជាមួយ​ថវិកា​ត្រឹមតែ ១០.០០០ រៀល និង​វីដេអូ​សម្ដែង​ទម្រង់​របាំ​ក្បាច់បុរាណ​ខ្មែរ​ណាមួយ យ៉ាងតិច ៥ នាទី រួច​ផ្ញើ​មកកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហភាព​សហ​ព័​ន្ធុ្វ​ជនកម្ពុជា ខេត្តស្វាយរៀង ឬ​តេ​លេ​ក្រាម​លេខ 099 914 121 ដែលមាន​ឈ្មោះថា «​ល្ខោន​ខ្មែរ UYFC SVR»​។ ការទទួល​ពាក្យ​ចូលរួម​ប្រកួត និង​វីដេអូ ចាប់ពី​ថ្ងៃទី ២៥ ខែកក្កដា តទៅ រហូតដល់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២​។

​ជ័យលាភី​លេខ​១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ជា​ទឹកប្រាក់ ១២ លាន​រៀល​។ ជ័យលាភី​លេខ​២ ទទួលបាន​ទឹកប្រាក់ ៨ លាន​រៀល និង​ជ័យលាភី​លេខ​៣ ទទួលបាន​ទឹកប្រាក់ ៤ លាន​រៀល​។

“​មិន​ត្រឹមតែ​ជាការ​ចូលរួម​ប្រកួត តែ​យើងទាំងអស់គ្នា ត្រូវ​ចូលរួម​គាំទ្រ អភិរក្ស និង​លើកស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ​”​។

​សម្រាប់​ព័ត៌មាន​លម្អិត និង​ចម្ងល់​ផ្សេងៗ លោកអ្នក​អាចទាក់ទង​មក​លេខ​ទូរ​សព្ទ 099 914 121 ៕/V​