ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្នុងអំឡុងពេល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា លោកស្រី Folakemi I. Akinleye ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​សាធារណរដ្ឋ សហព័ន្ធ​នី​ហ្សេ​រី​យ៉ា ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​ក្នុងជំនួប​ពិភាក្សា​នេះ បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​ការងារ​។

​លោក អ៊ិត សំហេង បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​អាណត្តិ​ការទូត​របស់លោក​ស្រី នៅលើ​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច​ឲ្យ​ប្រទេស​ទាំងពីរ ទទួលបាន​ផលប្រយោជន៍​ពីគ្នា​ទៅវិញទៅមក ខណៈពេលដែល​ពិភពលោក កំពុងមាន​ការប្រកួត​ប្រជែង និង​ការ​រាតត្បាត​នូវ​ជំងឺ​ផ្សេងៗ​។

​ក្នុង​ពិធី​នេះដែរ លោកស្រី ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់ថា​: លោកស្រី ពេញ​ចិត្តនឹង​បំពេញបេសកកម្ម ជា​ឯកអគ្គរដ្ឋទូត ប្រចាំ​នៅ​កម្ពុជា ដើម្បី​អាច​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព ឲ្យ​កាន់តែ​ប្រសើរ​។

​លោកស្រី បានកត់សម្គាល់​ឃើញថា នៅ​រាជធានី​ភ្នំពេញ មាន​អាគារ​ខ្ពស់ៗ យ៉ាងច្រើន ដែល​បញ្ជាក់​ពី​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​ភាព​រីកចម្រើន​។

​លោក អ៊ិត សំហេង បាន​ជម្រាបជូន​លោកស្រី​ឯកអគ្គរដ្ឋទូត អំពី​ចំណុច​សំខាន់ៗ​មួយចំនួន​នៃ​វឌ្ឍនភាព លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​កម្ពុជា​កំពុង​អនុវត្តន៍ រួមមាន ការលើកកម្ពស់​ល័ក្ខខ័ណ្ឌ​ការងារ និង​ភាពសុខដុមរមនា ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​, ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ការរក្សា និង​បង្កើន​មុខរបរ និង​ការងារ នៅក្នុង និង​ក្រៅប្រទេស​, ការអភិវឌ្ឍ​រប​បស​ន្តិ​សុខ​សង្គម និង​ការពង្រឹង​សេវា​គាំទ្រ​ទូទៅ​។

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង អំពី​នយោបាយ​ឈ្នះ​ឈ្នះ ក្រោម​ការដឹកនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ រក្សាបាន​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ ធ្វើ​ឲ្យ​កម្ពុជា​អាច​ទាក់ទាញ​អ្នកវិនិយោគ មក​បណ្តាក់ទុន​បង្កើត​រោងចក្រ សហគ្រាស ផ្តល់​ការងារ​ធ្វើ សម្រាប់​ពលរដ្ឋ ឲ្យ​មាន​ជីវភាព​ធូរធារ ជា​លំដាប់​។

​គួរ​បញ្ជាក់ថា កម្ពុជា បាន​អនុវត្ត​គោ​លន​យោ បាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​អន្តរជាតិ ជាមួយ​ល័ក្ខខ័ណ្ឌ​ការងារ តាមរយៈ​គម្រោង ILO-BFC, កម្មវិធី​ការងារ​សមរម្យ​នៅ​កម្ពុជា​, កម្មវិធី​សង្គម​, និង​បទដ្ឋាន​ការងារ នៃ​វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ​ក្នុង​តំបន់​អាស៊ី​, និង​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល​។ ចំណែក​ប្រាក់​ឈ្នួល​អ​ប្បរមា ត្រូវបាន​តម្លើង ជា​រៀងរាល់ឆ្នាំ តាមរយៈ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែលជា​យន្តការ​ត្រីភាគី​។ ក្នុង​ឆ្នាំ​២០២២ ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ និយោជិត វិស័យ​កាត់ដេរ គឺ ១៩៤ ដុល្លារ​អាមេរិក​/​ខែ រីឯ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​រង្វង់​តែ ០,៣ ភាគរយ​។

​ជា​ចុងក្រោយ ភាគី​ទាំងពីរ បានបង្ហាញ​ការពេញចិត្ត និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​បានធ្វើ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង នាពេល​កន្លងមក ព្រមទាំង​ឯកភាព​ឱ្យមាន​ការធ្វើ​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា ទៅវិញទៅមក លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទាំង​កម្រិត​ថា្នក់​រដ្ឋមន្ត្រី និង​ថ្នាក់​មន្ត្រី​បច្ចេកទេស នាពេល​អនាគត​៕/V​