​ដោយៈ សុផល / ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) នៅ​រសៀល​ថ្ងៃទី​២៦ ខែកក្កដា នេះ បាន​ចុះហត្ថលេខា លើ​ប្រាក់កម្ចី ចំនួន ១៥ លាន​ដុល្លារ ដើម្បី​ជំរុញ​វិស័យ​ចំណី​សត្វ​របស់​កម្ពុជា តាមរយៈ​ការពង្រីក​សមត្ថភាព​ផ្ទុក និង​កែច្នៃ​ចំណី​សត្វ​របស់​ក្រុមហ៊ុន DH-TMH នៅ​ខេត្តកំពង់ស្ពឺ​។

​ការពង្រីក​ទំហំ​ឃ្លាំង និង​លទ្ធកម្ម​នៃ​ម៉ាស៊ីន​កែច្នៃ​បន្ថែម នឹង​ជំរុញ​ការផលិត​ចំណី​ប្រកបដោយ​ប្រសិទ្ធ​ផល​។ គម្រោង​នេះ នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន អាច​ទិញ​វត្ថុធាតុដើម បាន​កាន់តែច្រើន ពី​ម្ចាស់​កសិដ្ឋាន ខ្នាតតូច​ក្នុងស្រុក នៃ​ដំណាំ ពោត ស្រូវ ដំឡូង​មី ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់ខ្លួន តាមរយៈ​ការបង្ក​លក្ខណៈ ដល់​ការផ្គត់ផ្គង់​ផលិត​ចំណី​ប្រកបដោយ​គុណភាព សម្រាប់​កសិករ​ចិញ្ចឹម​បសុសត្វ និង ត្រី​។ ជាមួយ​ការ វិនិយោគ​នានា​លើ​ឃ្លាំង​ផ្ទុក ផលិតផល​ពោត គម្រោង​នេះ ក៏​គាំទ្រ​ដល់​ការដំឡើង​ម៉ាស៊ីន​ស​ម្ងួ​ត អាច​រក្សាទុក​បាន​កាន់​តែ​យូរ និង​កាត់បន្ថយ​ហានិភ័យ ដែល​បណ្តាលមកពី​អាកាសធាតុ​។

​លោកស្រី Jyotsana Varma នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់ ADB បាន​មានប្រសាសន៍ថា​: “​តាមរយៈ​ការគាំទ្រ​ដល់ DH-TMH យើង​កំពុង​ជួយ​ពង្រឹង​ខ្សែសង្វាក់​តម្លៃ​ចំណី ធ្វើឱ្យ​ប្រសើរឡើង​នូវ ជីវភាព​រស់នៅ​របស់​កសិករ​ដំណាំ​ចំណី បសុសត្វ និង ត្រី ហើយ​គាំទ្រ​សកម្មភាព​កសិកម្ម ដែលមាន​និរន្តរភាព និង ភាព​ធន់​។ ការអភិវឌ្ឍ​ការផ្គត់ផ្គង់​ចំណី​សត្វ​ដែលមាន​ប្រភព​ក្នុងស្រុក គុណភាព​ខ្ពស់ និង តម្លៃ​សមរម្យ គឺជា​កត្តា​សំខាន់ ក្នុងការ​ការពារ​សន្តិ​សុខ​ស្បៀង​របស់​កម្ពុជា និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំ​ចូល​ចំណី​សត្វ​”​។

​លោក Gabor Fluit នាយក​ប្រតិបត្តិ De Heus នៅ​អាស៊ី បាន​មានប្រសាសន៍ថា​: “De Heus TMH ប្តេជ្ញា​ផ្តល់​អំណាច ដល់​កសិករ​ឯករាជ្យ នៅ​កម្ពុជា​។ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ជា​យុទ្ធសាស្ត្រ ជាមួយ ADB រួម​ជាមួយនឹង​ការផ្តោត​ការយកចិត្តទុកដាក់រ​បស់​យើង លើ​ការបណ្តុះបណ្តាល និង​ការចែករំលែក ចំណេះដឹង ជាមួយនឹង​បាវចនា ” ចំណេះដឹង​សកល​-​ផល​ជះ​ក្នុង​តំបន់ ” នឹង​គាំទ្រ និង​ព​ន្លឿ​ន​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ប្រូតេអ៊ីន សម្រាប់​សត្វ​នៅ​កម្ពុជា​”​។

​ជំនួយ​បច្ចេកទេស​មួយ នឹង​គាំទ្រ​ដល់​ការបណ្តុះបណ្តាល សម្រាប់​កសិករ​ដាំពោត ចំនួន ២.000 នាក់ និង​កសិករ​ចិញ្ចឹម​មាន់ ចំនួន ២.000 នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី អំពី​ការអនុវត្ត​ធ្វើឱ្យ​កសិដ្ឋាន​ធន់​នឹង​អាកាសធាតុ ព្រមទាំង​អំពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។

​ការគាំទ្រ​កសិករ​ជា​ស្ត្រី នឹង​ជួយ​ពង្រឹង​មុខកា​ងារ​របស់​ពួកគាត់ នៅក្នុង​កសិដ្ឋាន និង​ជំរុញ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគាត់​ផងដែរ​។

​ប្រតិបត្តិការ​នេះ នឹង​គាំទ្រ​ដោយ​មូលនិធិ​អភិវឌ្ឍន៍អាស៊ី​១៣ (Asian Development Fund 13) Private Sector Window (PSW) តាមរយៈ ដំណោះស្រាយ​ការធានា​ដោយ​ផ្នែក (partialguaranteesolution)​។​PSW គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ឯកជន​នៅក្នុង​ទីផ្សារ​កំពុង​អភិវឌ្ឍ ដោយ​ផ្តល់​ធនធាន សម្រាប់​ហិរញ្ញប្បទាន ដល់​ផលិតផល​ហិរញ្ញវត្ថុ​ដែល​ដោះស្រាយ និង​កាត់បន្ថយ​ឧបសគ្គ​ទទួលបាន​ហិរញ្ញប្បទាន​ទូទៅ ដែល​រារាំង​ប្រតិបត្តិការ​ក្នុង​វិស័យ​ឯកជន​ជាច្រើន​។

DH-TMH គឺជា​អ្នក​ផលិត​ចំណី​សត្វ​ធំជាងគេ​មួយ នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​សមត្ថភាព ផលិត​ចំណី​សត្វ ១៨០.000 តោន​។ DH-TMH គឺជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា រវាង De Heus នៃ​ប្រទេស​ហូ​ឡង់ (​ដែលជា​អ្នកផ្គត់ផ្គង់​ចំណី​សត្វ គ្រប់គ្រង​ដោយ​គ្រួសារ​លំដាប់​ពិភពលោក ហើយ​បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន តាំងពី​ឆ្នាំ​១៩១១) និង​ក្រុមហ៊ុន TMH Company Limited នៅ​ប្រទេស​កម្ពុជា​។

​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​ថា នឹង​សម្រេច​ឱ្យបាន​នូវ​វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ខ្លាំង​។ បង្កើតឡើង​នៅ​ឆ្នាំ ១៩៦៦ ធនាគារ​នេះ គ្រប់គ្រង​ដោយ​សមាជិក ចំនួន ៦៨ ប្រទេស ដែល​ក្នុងនោះ​មាន ៤៩ ប្រទេស មកពី​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​៕/V​