ដោយ​៖ ដេប៉ូ / កែប​៖ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ សម្រាប់​ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី ព្រៃកោងកាង ២៦ កក្កដា ឆ្នាំ​២០២២ ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត​កែប និង​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​សហការគ្នា រៀបចំ​ព្រឹត្តិការណ៍​ដាំ​ដើម​កោង​កាង​ចំនួន ៣.០០០ ដើម នៅ​សហគមន៍​នេសាទ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

​ការដាំ​កោង​កាង​នេះដែរ ក្នុង​គោលបំណង​លើកកម្ពស់​និរន្តរភាព និង​ការយល់ដឹង អំពី​បរិស្ថាន និង​ចូលរួម​ស្តារ​ព្រៃកោងកាង​ឡើងវិញ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។ ព្រឹត្តិការណ៍ នេះ ត្រូវបាន​រំពឹងថា នឹង​ជា​សារ​ដ៏​សំខាន់​បណ្តុះ​ស្មារតី​ពលរដ្ឋ ឱ្យ​ស្រឡាញ់​បរិស្ថាន និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ កាន់តែខ្លាំង​ថែមទៀត​។


​លោកស្រី ជឹ​ង សុគន្ធា​វី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​បញ្ជាក់ថា​: «​វី​តា​ល់ ដែលមាន​មូលនិធិ​២៥៛ មាន​មោទនភាព​ដែល​ទទួល​ការបន្ត​គាំទ្រ​ពី​ក្រសួងបរិស្ថាន សម្រាប់​គម្រោង​ដាំ​ដើម​កោង​កាង ក្នុង​ឆ្នាំ​ទី​៣ ជា​ចំណែក​នៃ​ការចូលរួម​ការពារ និង​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សំខាន់ នៃ​តំបន់ឆ្នេរ​កម្ពុជា​។ ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃកោងកាង បាន​រង​ការគំរាមកំហែង​ដោយសារ​សកម្មភាព​រប​ស់មនុស្ស ហើយ​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដល់​មនុស្សជាតិ និង​ជីវៈចម្រុះ​។ ការការពារ និង​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងនេះ ឡើងវិញ មាន​សារៈសំខាន់​ណាស់ ហើយ​យើង​ទាំងអស់ អាច​ចាប់ផ្តើម​ពីថ្ងៃ​នេះ តាមរយៈ​សកម្មភាព នៃ​ការដាំ​កោង​កាង​ឡើងវិញ ចូលរួម​ការពារ និង​ផ្សព្វផ្សាយ ដើម្បីឱ្យ​អនាគត​កម្ពុជា កាន់តែ​ប្រសើរ និង​ជា​ប្រភព​ស្រស់ថ្លា​នៃ​ធម្មជាតិ​»​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងថា​: «​ដើម​កោង​កាង គឺជា​តំបន់ទ្រនាប់ រវាង​ដីគោក និង​សមុទ្រ ទប់​នឹង​បញ្ហា​ធ្ងន់ធ្ងរ​នៃ​ការហូរ​ច្រោះ តាម​ឆ្នេរសមុទ្រ និង​ការគំរាមកំហែង នៃ​ការកើនឡើង នៃ​កម្ពស់​ទឹកសមុទ្រ​។ ព្រៃកោងកាង ជា​របៀង​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ប្រព័ន្ធ​អេកូឡូស៊ី ពី​តំបន់​ដីគោក ឆ្នេរ និង​សមុទ្រ ហើយក៏​ជា​រនាំង​ប្រឆាំងនឹង​គ្រោះធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ មិនតែប៉ុណ្ណោះ បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ដោយមាន​តួនាទី​យ៉ាងសំខាន់ ជា​កន្លែង​រក្សា​ផល​ស្តុក ជា​ដែន​ជម្រក និង​ប្រភព​មេ​ពូជ​នៃ​ម​ច្ឆ​ធម្មជាតិ ដែលជា​ប្រភពធនធាន​សមុទ្រ​ដ៏​សម្បូរបែប ហើយ​ចាំបាច់​យើង​ត្រូវការ​រពារ អភិរក្ស និង​ដាំ​ស្តារ​ព្រៃកោងកាង ឡើងវិញ​។ កោង​កាង ផ្តល់នូវ​ការ​បន្ស៊ាំ​ធម្មជាតិ​ទៅនឹង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ និង​ចូលរួមចំណែក​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​»​។

​លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​ភិ​បាល​ខេត្ត​កែប បាន​ថ្លែងថា​: អាជ្ញាធរខេត្ត បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ធនធាន​ធម្មជាតិ សំដៅ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ការកើនឡើង​កម្ដៅ ការរាំងស្ងួត ទឹកជំនន់ និង​គ្រោះធម្មជាតិ​ផ្សេងៗ​ទៀត ពិសេស​ធ្វើឱ្យ​ការប្រើប្រាស់​ធនធានធម្មជាតិ បានយូរ​អង្វែង​»​។

​គួរ​បញ្ជាក់ថា វី​តា​ល់ បានចាប់ផ្តើម​អនុវត្ត​គម្រោង​ដាំ​ដើម​កោង​កាង តាំង​ឆ្នាំ​២០២០ ដោយបាន​ដាំ​បាន ចំនួន ២.០០០ ដើម​រួចមកហើយ នៅ​សហគមន៍​ត្រពាំង​សង្កែ និង​សហគមន៍​នេសាទ ព្រែក​ត្នោត ខេត្តកំពត​។ ដោយសារ​ការ​ទឹកចិត្ត​ដ៏​មោះមុត​របស់ខ្លួន​ខាង​ផ្នែក​សកម្មភាព​សង្គម កាលពី​ឆ្នាំ​២០២១ វី​តា​ល់ ទទួលបាន​ពានរង្វាន់​មាស ផ្នែក​ការងារ​សង្គម “Global CSR Award” ពី​សិង្ហ​បុរី ៕/V​