​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ ស្លូ​វ៉ាគី​កំពុង​ជិត​ឈានទៅដល់​ការផ្តល់​អំណោយ​យន្តហោះ​ចម្បាំង Mig-29 របស់​ខ្លួន​ដល់​អ៊ុយ​ក្រែន​ដោយ​ផ្តល់ឱ្យ​ទីក្រុង​គៀវ​នូវ​យន្តហោះ​ចម្បាំង​មួយ​ទឹក​ ដែល​អ៊ុយ​ក្រែន​កំពុង​ស្នើសុំ ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​បាន​ចាប់ផ្តើម​កាលពី​ប្រាំ​ខែ​មុន​រហូត​ដល់​ថ្ងៃនេះ​។​

​លោក ចារ៉ូ​ស្លាវ ណាដ (Jaroslav Nad) រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​របស់​ស្លូ​វ៉ាគី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី ២៥ ខែកក្កដា​ថា​អតីត​សាធារណរដ្ឋ​សូ​វៀត​តូច​មួយ​នេះ​គ្រោង​នឹង​ចាប់ផ្តើម​ពិភាក្សា​​អំពី​ការផ្ទេរ​យន្តហោះ​ចម្បាំង MiG-29 ចំនួន ១១ គ្រឿង​របស់​ខ្លួន​ទៅ​កាន់​អ៊ុ​យក្រែន​។ យន្តហោះ​ទាំងនោះ​គ្រោង​នឹង​ដកចេញ​ពី​លើ​មេឃ​នៅ​ចុងខែ​សីហា បន្ទាប់ពី​នោះ​ផ្ទៃមេឃ​របស់​ស្លូ​វ៉ាគី​នឹង​ត្រូវ​ល្បាត​ដោយ​យន្តហោះ​ប្រទេសជិតខាង​ឆែក​និង​ប៉ូឡូញ​។​

​អ្នកបើក​យន្តហោះ​អ៊ុយ​ក្រែន​បាន​ហោះហើរ​យន្តហោះ MiG-29 រួចហើយ ដូច្នេះ​វា​នឹង​ត្រូវការ​ការហ្វឹកហ្វឺន​បន្ថែម​តិចតួច​ប៉ុណ្ណោះ ដើម្បី​ដាក់​យន្តហោះ​របស់​ស្លូ​វ៉ាគី​ឱ្យ​ប្រើប្រាស់​ភ្លាមៗ​។ ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​អង្វរ​អ្នកគាំទ្រ​លោក​ខាងលិច​ឱ្យ​ផ្តល់​យន្តហោះ​ចម្បាំង ប៉ុន្តែ​សមាជិក​ណា​តូ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​មកទល់ពេលនេះ​មិន​បាន​ផ្តល់​ឱ្យ​នោះ​ទេ​ទោះបី​ពួកគេ​បាន​​បរិច្ចាគ​គ្រឿងបន្លាស់ ដែល​បាន​ជួយ​ឱ្យ​យន្តហោះ​ចម្បាំង​អ៊ុយ​ក្រែន​ដែល​ចតចោល​អាច​ហោះ​លើ​អាកាស​ឡើងវិញ​ក៏ដោយ​។​

​យោង​តាម​សារព័ត៌មាន Sky News លោក​ណាដ​បាន​និយាយថា ប្រទេស​តូច​មួយ​នៅ​អឺរ៉ុប​ខាងកើត​នេះ​មិនមាន​ធនធាន​ដើម្បី​ផ្តល់​អំណោយ​យន្តហោះ MiG តែ​ម្នាក់​ឯង​នោះ​ទេ​ហើយ​នឹង​ត្រូវការ​​សម្ពន្ធមិត្ត​ដើម្បី​ផ្តល់​យន្តហោះ​ចម្បាំង​ជំនួស​ឬ​សាច់ប្រាក់​ជា​ថ្នូរ​នឹង​ការផ្តល់​យន្តហោះ​របស់ខ្លួន​ដល់​ទីក្រុង​គៀវ​។ លោកណាដ​និយាយថា យន្តហោះ​នីមួយៗ​មាន​តម្លៃ​ប្រហែល ៣៥ លាន​ដុល្លារ​អាម៉េរិក បើទោះបីជា​នោះ​ជា​តម្លៃ​ខ្ពស់​មិន​សម​ហេតុផល​សម្រាប់​យន្តហោះ​ទាំងនោះ​ក៏ដោយ​។​

​អំណោយ​ដ៏​មាន​សក្តានុពល​របស់​ស្លូ​វ៉ាគី​នឹង​នាំ​ឱ្យ​អ៊ុយ​ក្រែន​ឈាន​មួយ​ជំហាន​ខិត​ទៅជិត​ការធ្វើឱ្យ​កង​យន្តហោះ​ចម្បាំង​របស់​ខ្លួន​រស់​ឡើង​វិញ​បន្ទាប់​ពី​រង​ការវាយប្រហារ​ខ្ទេចខ្ទី​អស់​ក្នុង​រយៈពេល​ប្រាំ​ខែ​​នៃ​ការប្រយុទ្ធ​ក៏ដូចជា​ការបាត់បង់​អ្នកបើក​យន្តហោះ​របស់​ខ្លួន​ផង​ដែរ​។ ក្តីសង្ឃឹម​របស់​ទីក្រុង​គៀវ​ក្នុង​ការទទួលបានយ​ន្ត​ហោះ MiG-29 ចំនួន ២៨ គ្រឿង​ពី​ប៉ូឡូញ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ មុន​ពេល​ផែនការ​នេះ​បាន​ដួលរលំ បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​និយាយថា ខ្លួន​មិន​ចាប់អារម្មណ៍​ក្នុងការ​ធ្វើ​ជា​ឈ្មួញកណ្តាល​សម្រាប់​កិច្ច​ព្រមព្រៀង​នេះ​នោះ​ទេ​។ ក្តីបារម្ភ​បែបនេះ​ទំនង​ជា​បាន​ថយចុះ​ហើយ ដោយហេតុ​ថា​ប្រទេស​ជាច្រើន​កំពុង​បញ្ជូន​គ្រាប់​នាំ​ផ្លូវ​កម្រិត​ខ្ពស់​និង​អាវុធ​ផ្សេងទៀត ដែល​រុស្ស៊ី​ថ្កោលទោស​ថា​ជា​អាវុធ​សាហាវ​៕

ស្លូ​វ៉ាគី​គ្រោង​នឹង​ចាប់ផ្តើម​ពិភាក្សា​អំពី​ការផ្ទេរ​យន្តហោះ​ចម្បាំង MiG-29 ចំនួន ១១ គ្រឿង​របស់​ខ្លួន​ទៅ​កាន់​អ៊ុយ​ក្រែន​ឆាប់ៗ​