ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារទី២៦កក្កដា បានវាយបកលើការថ្កោលទោសអន្តជាតិចំពោះការអនុវត្តទោសប្រហារជីវិតលើកដំបូងរបស់ប្រទេសនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ដោយនិយាយថា អ្នកទោសដែលត្រូវបានប្រហារជីវិតបួននាក់នោះតាមពិត «សមតែទទួលទោសប្រហារជីវិតច្រើនដង»។
ការប្រហារជីវិតត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ដោយបង្កអោយមានការថ្កោលទោសមកពីជុំវិញពិភពលោក នឹងរំលេចការព្រួយបារម្ភថា អាចនឹងមានការអនុវត្តទោសបែបនេះជាច្រើនទៀត និងក៏នាំអោយមានការអំពាវនាវសំរាប់វិធានការអន្តរជាតិតឹងតែងឡើងប្រឆាំងនឹងរបបសឹកដ៏ឯកោមួយនេះ។
តែអាជ្ញាធរយោធាមីយ៉ាន់ម៉ានៅតែផ្គើន ដោយអ្នកនាំពាក្យលោក ហ្សរ មីន ទុន(Zaw Min Tun)នៅតែនិយាយថា បុរសទាំងបួននាក់នេះត្រូវបានផ្តល់សិទ្ធិការពារខ្លួនស្របតាមនីតិវិធីតុលាការ។«បើយើងប្រៀបធៀបការដាក់ទោសពួកគេទៅនឹងការកាត់ទោសប្រហារជីវិតដទៃទៀត ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋដែលសមតែដាក់ទោសប្រហារជីវិតច្រើនដង»។
លោកបាននិយាយក្នុងសន្និសីទកាសែតក្នុងទីក្រុងណៃពិដោថា «ពួកគេធ្វើអោយគ្រោះថ្នាក់ជនស្លូតត្រង់ជាច្រើន។មានការបាត់បង់ធំៗជាច្រើនដែលមិនអាចប៉ះប៉ូវបាន»។
លោកបានបន្ថែមថា អ្នកទោសប្រហារជីវិត ត្រូវបានអនុញ្ញាតអោយជួបសមាជិកគ្រួសារតាមវីដេអូបន្តផ្ទាល់។វាស្ថិតលើអាជ្ញាធរគុកថាតើគ្រួសារអ្នកទោសប្រហារជីវិតត្រូវអនុញ្ញាតអោយយកសាកសពរបស់គេដែរឬអត់។
អ្នកនាំពាក្យលោក ហ្សរ មីន ទុន បាននិយាយថា អ្នកទោសប្រហារជីវិតសមទទួលទោសប្រហារជីវិតច្រើនដងចំពោះបទឧក្រិដ្ឋរបស់គេ
ភ្យូ ហ្សេយ៉ា ថរ(Phyo Zeya Thaw) អតីតសមាជិកសភាគណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យរបស់មេដឹកនាំស៊ីវិលដែលត្រូវទម្លាក់ចេញពីតំណែង អ៊ុង សាន ស៊ូជី ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ថាបានដឹកនាំការវាយប្រហារជាច្រើនលើកងកម្លាំងប្រដាប់អាវុធ រួមមានការវាយប្រហារដោយកាំភ្លើងមួយលើរថភ្លើងដឹកអ្នកដំណើរនៅក្រុងយ៉ាងហ្គោនដែលបានសម្លាប់ប៉ូលិសប្រាំនាក់។
លោកត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមករាចំពោះការរំលោភច្បាប់ប្រឆាំងភេរវកម្ម។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្យរ មីន យូ(Kyaw Min Yu)ក៏ទទួលទោសប្រហារជីវិតពីតុលាការសឹក។អាជ្ញាធរបានចេញដីកាចាប់ខ្លួនលោកចំពោះការញុះញង់បង្កចលាចលដោយប្រើសារបង្ហោះក្នុងបណ្តាញសង្គម។
បុរសពីរនាក់ទៀតត្រូវបានប្រហារជីវិតផងដែរ ដោយសារពួកគេសម្លាប់ស្ត្រីម្នាក់ដែលពួកគេចោទប្រកាន់ថាជាអ្នកផ្តល់ព័ត៌មានដល់អាជ្ញាធរនៅក្រុងយ៉ាងហ្គោន។
សូមបញ្ជាក់ថា ក្រោយការថ្កោលទោសជាអន្តរជាតិកាលពីថ្ងៃចន្ទ រួមទាំងអង្គការសហប្រជាជាតិ អាម៉េរិកនិងសហភាពអឺរ៉ុបផងចំពោះការប្រហារជីវិតនេះ នៅថ្ងៃអង្គារនេះក៏មានការរិះគន់ថ្មីលើរបបសឹកមីយ៉ាន់ម៉ា។
ប្លុកសមាគមអាស៊ានដែលបាននិងកំពុងដឹកនាំកិច្ចការទូតដើម្បីបញ្ចប់វិបត្តិនេះ បាននិយាយថា ខ្លួនមានការតក់ស្លុតនិងសោកសៅយ៉ាងក្រៃលែងចំពោះការប្រហារជីវិតនេះ។
នៅក្រុងបាងកក មនុស្សរាប់រយនាក់បានធ្វើការតវ៉ាប្រឆាំងអ៊ូរអែនៅក្រៅស្ថានទូតមីយ៉ាន់ម៉ា ដោយខ្លះកាន់រូបថតអ្នកទោស រួមទាំងរូបលោកស្រីអ៊ុង សាន ស៊ូជី ហើយស្រែកថា«យើងចង់បានលទ្ធិប្រជាធិបតេយ្យ»។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងពេលជាមួយគ្នាបានរិះគន់ការប្រហារជីវិតនេះ ដោយហៅវាថាជា«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»និងអំពាវនាវអោយពិនិត្យសើរើមើលឡើងវិញកិច្ចព្រមព្រៀងមូលមតិគ្នាប្រាំចំណុចដែលយល់ព្រមដោយក្រុមមេដឹកនាំអាស៊ានកាលពីឆ្នាំមុន ក្នុងបំណងបន្ថយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារ៕