ដោយៈប.ជ័យ / បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខ តំណែង និងបំពាក់ឋានន្តរសក្ដិដល់យោធិននៃកងរាជអាវុធហត្ថចំនួន៨៨រូប។ក្នុងនោះថ្នាក់អនុសេនីយ៍ឯក ចំនួន៣៣រូប ថ្នាក់អនុសេនីយ៍ទោចំនួន៣០រូប ថ្នាក់អនុសេនីយ៍ត្រីចំនួនពីររូប ថ្នាក់នាយចំណង់ចំនួនប្រាំបួនរូប ថ្នាក់ព្រិនបាលឯកចំនួនប្រាំមួយរូប ថ្នាក់ព្រិនបាលទោចំនួនពីររូប និងផ្លាស់ប្ដូរមុខតំណែងចំនួនប្រាំមួយរូប ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីនៅពិធីនោះរសៀលថ្ងៃអង្គារទី២៦ ខែកក្កដា ឆ្នាំ២០២២ នោះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត(រូបថត ប.ជ័យ)
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីនៅក្នុងពិធីនេះនារសៀលថ្ងៃអង្គារទី២៦ ខែកក្កដាឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។
ក្នុងពិធីនោះដែរមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរង សរុបចំនួន១២៦រូបផងដែរ ។
ក្នុងឱកាសនេះលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើចំពោះ នាយទាហាន នាយទាហានរង នៃកងរាជ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួន ដោយបានអនុវត្តតាមបទបញ្ជា និងគោរពវិន័យ របស់ អង្គភាព កងរាជអាវុធហត្ថបានយ៉ាងល្អ ប្រសើរប្រកបដោយទំនួលខុសត្រូវ រហូតទទួលបានការលើកទឹកចិត្តនិងតំឡើងឋានន្តរសក្ដិរបស់ថ្នាក់លើ ។
លោកមេបញ្ជាការក៏បានណែនាំនិងជំរុញបន្ថែមទៀត ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញនូវទិសស្លោកចំនួនបួន គឺ “-ប្រទេសជាតិត្រូវតែការពារ -ប្រជាត្រូវតែបម្រើ -ច្បាប់ត្រូវតែគោរព -បទល្មើសត្រូវតែបង្ក្រាប ” ៕សរន