ដោយៈសៅ​វ៉ាន់ឌី​/ព្រះវិហារ​៖សមត្ថកិច្ចចម្រុះបានចុះរឹបអូស​ឈើ​លេខ​១​ ប្រភេទ​កកោះ​និង​ឈើ​ព​ពេលដែល​ឈ្មួញ​លាក់ទុក​ក្នុងព្រៃក្រោយ​ផ្ទះ​ប្រជាជនស្ថិតនៅ​ភូមិ​ពោធិ​ទៀប ឃុំ​ម្លូព្រៃ​១​ស្រុក​ឆែប ចំនួន​៩៣​សន្លឹកស្មើ​នឹងជិត​បីម៉ែត្រគូប​។​ប៉ុន្តែពុំស្គាល់អត្តសញ្ញាណម្ចាស់ឈើឡើយ។

​លោក សេង លាង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បានឱ្យដឹងថា ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៦​ខែ​កក្កដា​ដោយមាន​ការចូលរួម​ពី​កម្លាំង​អាវុធហត្ថ​ស្រុក​-​អនុ​ភូមិ​ពោធិ៍​ទៀប និង​នគរបាល​ប៉ុស្តិ៍​ម្លូព្រៃ​១​។​លោកបន្ត​ក្រោយពី​ទទួលការចង្អុលបង្ហាញ​ពី​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់​និង​នេសាទ​ខេត្តព្រះវិហារ និង​បទបញ្ជា​របស់លោក​ នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ លោក​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះទៅ​ដល់ទី​តាំង​ស្តុក​ឈើ ដែល​ក្រុម​ឈ្មួញ​លាក់ទុក ។​ឈើដែលរឹបអូស​បានៗ​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ឆែប ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕សរន

កម្លាំងចម្រុះ​ចុះ​ចាប់​ឈើ​លេខ​១​ចំនួន​៩៣​សន្លឹក​នៅភូមិពោធិ៍ទៀប(រូបថត សមត្ថកិច្ច)