ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង មេបញ្ជាការវរសេនាធំប្រឆាំងភេរវកម្មនៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេសកងទ័ពហ្វីលីពីន (Light Reaction Regiment SOCOMAFP) នៅទីបញ្ជាការកងពលតូចលេខ៧០ នាថ្ងៃទី២៦ ខែកក្កដានេះ ។
ក្នុងឱកាសនោះលោកមេបញ្ជាការកងពលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង ដែលបានមកបំពេញទស្សនកិច្ចនៅកងពលតូចលេខ៧០។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់នូវសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។តទៅអនាគតនឹងបន្តពង្រឹងពង្រីកប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំយូរអង្វែង ដើម្បីភាពសុខដុមប្រទេសទាំងពីរ។
ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង បានថ្លែងអំណរគុណចំពោះលោកមេបញ្ជាការកងពល ដែលបានទទួលលោក និងសហការី យ៉ាងកក់ក្តៅព្រមទាំងបានលើកបង្ហាញពីចំណងទាក់ទងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត៕សរន