​ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​រួចហើយ ក្នុង​ការបង្កើត​គណៈកម្មកា​រ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ។

​គួរ​បញ្ជាក់ថា គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំរាជធានី​ភ្នំពេញ ត្រូវបាន​បង្កើតឡើង ដោយមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជា​ប្រធាន លោក កើត ឆែ អភិបាលរង​រាជធានី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ជា​អនុប្រធាន ស្នងការ​នគរបាល​រាជធានី មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី អភិបាលខណ្ឌ​ទាំង​១៤ មន្ទីរ​ទាំងអស់​ចំណុះ​រដ្ឋបាល​រាជធានី និង​អង្គភាព​ជុំវិញ សាលា​រាជធានី​ភ្នំពេញ ជា​សមាជិក​។

​ដើម្បីឱ្យ​ដំណើរ​នៃ​ការទទួល​ថវិកា ពី​សប្បុរសជន ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​នេះ បាន​កាន់តែ​ខ្ពស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំរាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៦ កក្កដា​នេះ បាន​អញ្ជើញ​ស្នងការ​នគរបាល​រាជធានី មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ទាំងអស់​ចំណុះ​រដ្ឋបាល​រាជធានី និង​អង្គភាព​ជុំវិញ សាលា​រាជធានី​ភ្នំពេញ មក​ប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ ។

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​: ការប្រជុំ​នេះ ធ្វើឡើង ដើម្បី​កៀងគរ​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​យើង​សម្រេច​រៀបចំ​ប្រមូល​ថវិកា តាមរយៈ​ប្រើប្រាស់ QR Code ទៅ​ដាក់​នៅតាម​ទីតាំង​នានា នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា​ទីប្រជុំជន កន្លែង​ផ្ដល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ នៅតាម​បណ្ដា​ក្រុមហ៊ុន តាម​ទីផ្សារ នៅតាម​សណ្ឋាគារ ភោ​ជនី​ដ្ឋា​ន​ជាដើម ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ចូលរួម​ជា​ថវិកា ដោយ​ស្ម័គ្រចិត្ត ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ។

​លោក ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ ក៏បាន​បញ្ជាក់​ផងដែរ​ថា​: ការងារ​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំង រហូត​ឱ្យ​អាជ្ញាធរ​រាជធានី និង​ខេត្ត​ទាំងអស់ បង្កើត​មូលនិធិ​នេះ​ឡើង ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ខណៈដែល មន្ទីរពេទ្យ​នេះ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​រាជធានី​ខេត្ត​ទាំងអស់ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក ឃួ​ង ស្រេង ក៏បាន​សង្កត់ធ្ងន់ថា​: ការងារ​នេះ ត្រូវតែ​ធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត មិនមាន​ការបង្ខិតបង្ខំ ដូច្នេះ​សូម​អាជ្ញាធរ​ខណ្ឌ ក៏ដូចជា អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់ ដើម្បី​អនុវត្ត គឺ​មិន​បង្ខិតបង្ខំ ធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត របស់​បុគ្គល​នីមួយៗ ។ ត្រូវ​បន្ត​ការផ្សព្វផ្សាយ​ការងារ​នេះ ឱ្យ​កាន់តែ​ជ្រួតជ្រាប​ទៅដល់​មន្ត្រី ក្រោម​ឱវាទ ក៏ដូចជា ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគាត់​បាន​ស្ម័គ្រចិត្ត​ចូលរួម​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​។

​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំរាជធានី​ភ្នំពេញ មាន​តួនាទី និង​ភារកិច្ច​ផ្សព្វផ្សាយ អំពាវនាវ និង​បំផុស​ចលនា​កៀរគរ​កា​រ​បរិច្ចាគ​ពី​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​គាំទ្រ​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ។ រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការចូលរួម​បរិច្ចាគ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​សប្បុរសជន ដែល​ចូលរួម​បរិច្ចាគ​រួមមាន ឈ្មោះ (​ភាសា​ខ្មែរ និង​អក្សរ​ឡាតាំង​) ភេទ ចំនួន ថវិកា​បរិច្ចាគ និង​លេខ​ទូរស័ព្ទ​របស់ សប្បុរសជន មក​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​បូកសរុប និង​ផ្សព្វផ្សាយ​ជា​សាធារណៈ ឱ្យបាន​ទាន់ពេល ក្នុង​គោលដៅ​ធានា​តម្លាភាព និង​ទំនុកចិត្ត​សាធារណជន និង​បំពេញការងារ​ផ្សេងទៀត តាម​ការណែនាំ​របស់​មូ​ល​និ​ធិ​គន្ធបុប្ផា​កម្ពុជា ៕/V​