ដោយ​: បូកគោ / កំពត​: អភិបាលខេត្ត​កំពត​បា​ន​បញ្ជាក់ថា​: ដើមត្នោត ជា​កេរដំណែល​ពី​ដូនតា និង​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​។ ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប ពិសេស​គ្រួសារ​នីមួយៗ ដែល​កំពុង​រស់នៅ​តំបន់​ព្រំដែន ត្រូវ​ចូលរួម​ដាំ​កូន​ត្នោត ឲ្យ​បាន​ពី ៣ ដើម ទៅ ៤ ដើម ក្នុង​មួយឆ្នាំ​។

​រដ្ឋបាល​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ បានរៀបចំ​ព្រឹត្តិការណ៍​ដាំ​កូន​ត្នោត ដើម្បី​អបអរសាទរ​រុក្ខទិវា ៩ កក្កដា​។

​ក្នុង​ពិធី​ខាងលើ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា​: រុក្ខទិវា​ពោរពេញ​ដោយ​អត្ថន័យ​ជា​នយោបាយ និង​សារសំខាន់​យ៉ាង​ជ្រាលជ្រៅ ក្នុងការ​បំផុសស្មារតី​ប្រជាពលរដ្ឋ ឲ្យ​ស្រឡាញ់​ព្រៃឈើ ពិសេស​អ្នក​ខេត្តកំពត ដែល​រស់នៅ​តំបន់​ព្រំដែន ចេះ​ដាំ​កូន​ត្នោត ដើម្បី​រក្សា​កេរដំណែល​ប្រវត្តិសាស្ត្រ​សម្រាប់​ក្មេងជំនាន់ក្រោយៗ​ទៀត​។ សកម្មភាព​នេះ ក៏​ឆ្លើយតប​ទៅនឹង​កម្មវិធី​នយោបាយ​ព្រៃឈើ​ជាតិ​របស់​រាជរដ្ឋាភិបាល ដែល​បាន​អនុវត្ត​កំណែ​ទំរង់​វិស័យ​ព្រៃឈើ ហើយ​បានកំណត់​បញ្ហា​ព្រៃឈើ ជា​អាទិភាព ដើម្បី​ស្តារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យ​រីកចម្រើន​។

​លោក​អភិបាលខេត្ត បាន​បន្តថា ការដាំ​កូនឈើ និង​ដាំ​កូន​ត្នោត នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុង​ឃុំ​ព្រែក​ក្រឹស នាពេលនេះ បានបង្ហាញ​ពី​ឆន្ទៈ ស្មារតី​ស្រឡាញ់​ជាតិ ថែរក្សា​ការពារ​កេរដំណែល​ដូនតា ពិសេស​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ សម្រាប់​ក្មេងជំនាន់ក្រោយៗ​ទៀត​។

​លោក ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពត បាន​បញ្ជាក់ថា​: ដើម្បី​អបអរសាទរ​រុក្ខទិវា ៩​កក្កដា ឆ្នាំ​២០២២ ថ្ងៃនេះ មន្ទីរ​កសិកម្ម បាន​នាំយក កូន​ត្នោត​វ​ចំនួន ៥.០០០ ដើម មក​ដាំ​សងខាង​ផ្លូវ ខ្សែក្រវាត់​ព្រំដែន កម្ពុជា​-​វៀតណាម លើ​ប្រវែង​ផ្លូវ ១០ គីឡូម៉ែត្រ នៅ​អម​សងខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ឆ្លងកាត់​ភូមិ​ព្រៃ​ព្រូស ភូមិ​ព្រះទ្រហឹង ភូមិ​កោះ​ត្នោត និង​ភូមិ​កោះ​តា​កូវ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​។ ជាមួយនេះ ក៏មាន​កូនឈើ ប្រភេទ​ឈើទាល​ចំនួន ១.០០០ ដើម សម្រាប់​ចែកចាយ​ជូន​អង្គភាព​រដ្ឋ សាលារៀន វត្ត​អារាម និង​បងប្អូន​ប្រជាពលរដ្ឋ យកទៅ​ដាំ​ផងដែរ​៕/V​