ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នាយ​បេសកកម្ម​កម្ពុជា សម្រាប់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូណេស៊ី នៅតែ​បង្ហាញ​ពី​ជំនឿ​ចិត្ត​ថា នឹង​រក​មេដាយមាស ឲ្យ​បាន ៣ គ្រឿង ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នេះ ។

​សូមបញ្ជាក់ថា ប្រតិភូ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​របស់​កម្ពុជា បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី​២៦ កក្កដា ម្សិលមិញ​នេះ តាម​ជើងយន្ដហោះ​ពិសេស (Charter Flight) ដោយ​ធ្វើដំណើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅកាន់​ទីក្រុង​សូ​ឡូ​តែម្ដង ។

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ បានបង្ហាញ​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​ភាពកក់ក្ដៅ ចំពោះ​បរិយាកាស​ដ៏​សប្បាយរីករាយ ប្រកបដោយ​មោទនភាព ភាតរភាព និង​ភាពជឿជាក់​របស់​កីឡាករ​-​កីឡាការិនី​ទាំងអស់ មុន​ចាក​ចេញពី​កម្ពុជា ។

​លោក​បាន​ថ្លែងអំណរគុណ​ជាថ្មី ចំពោះ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី ដែល​បាន​ចាត់តាំង​លោក​ឲ្យ​អមដំណើរ​ជាមួយ​កីឡាករ កីឡាការិនី​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ក្នុងការ​បំពេញបេសកកម្ម​​នេះ ព្រោះ​លោក​ត្រូវបំពេញ​ភារកិច្ច​មួយចំនួន ពិសេស​ការធ្វើ​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ទើប​លោក​ធ្វើដំណើរ​ទៅ​ចូលរួម​ជាមួយ​អត្ត​ព​លិ​ក​កម្ពុជា នៅ​ទីក្រុង​សូ​ឡូ​តែម្ដង ។

 

​លោក​បាន​ចាត់ទុកថា​: “​ទាំងអស់នេះ គឺជា​ការយកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​យើងខ្ញុំ​ទាំងអស់គ្នា និយាយ​តាម​ត្រង់​ទៅ អ្វីដែល​យើងខ្ញុំ អាច​ចូលរួម​ជួយ​បាន គឺ​សម្របសម្រួល​បាន ពិសេស​គឺ​តំណាង​ឲ្យ​ថ្នាក់ដឹកនាំ គឺ​នៅក្បែរ​ពួកគាត់ ដើម្បី​ធ្វើយ៉ាងណា​ថា យើងខ្ញុំ​ទាំងអស់គ្នា តំណាង​ឲ្យ​រាជរដ្ឋាភិបាល​ផង ដូច​អ្វី​ដែលជា​សារ​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី ពួកគាត់​ទាំងអស់គ្នា គឺ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ ជាង ១៧ លាន​នាក់ ដែល​នៅ​ពីក្រោយ​ពួកគាត់ ហើយ​អ្វីដែល​យើង​ចង់​ឲ្យ​បាន​ធំជាងគេ​បង្អស់ គឺ​ឲ្យ​បងប្អូន​កីឡាករ​-​កីឡាការិនី ដែល​ចូលរួម​ប្រកួតប្រជែង​តំណាង​ឲ្យ​កម្ពុជា គឺ​ផ្ដោតអារម្មណ៍​ទាំងស្រុង ទៅលើ​អ្វី​ដែលជា​វិញ្ញាសា ហើយនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់​”​។

​លោក​ប្រធាន​ប្រតិភូ បាន​បន្តថា​: “​ចំពោះ​លទ្ធផល​យ៉ាងណា គឺជា​រឿង​មួយ តែ​លោក​គិតថា ស្មារតី​ដែល​ពួកគាត់ បានបង្ហាញ ការខិតខំ​ប្រឹងប្រែង ពុះពារ ហ្វឹកហាត់ ហើយ​ការចូលរួម​ដោយ​មោទនភាព តំណាង​ឲ្យ​កម្ពុជា ក្នុងការ​ប្រកួត​លើ​ប្រភេទ​កីឡា ទាំង ១១ នៅ​ទីក្រុង​សូ​ឡូ​នេះ គឺជា​ភាពកក់ក្ដៅ ហើយ​យើងខ្ញុំ​គ្មានអ្វី​ក្រៅពី​ការគាំទ្រ ផ្ដល់នូវ​ការជឿជាក់ ហើយនឹង​ជូនពរ​ពួកគាត់ ឲ្យ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​”​។

​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា ដែល​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំនេះ គឺមាន​ចំនួន ១១៥ នាក់ លើ ១១ ប្រភេទ​កីឡា រួមមាន កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជនពិការភ្នែក បាល់ទាត់ ៧​ម្ខាង (​ចលករ​ខួរក្បាល​) វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​ប៊ូ​ស្យា ។

​លោក យី វាសនា នាយ​បេសកកម្ម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​កម្ពុជា បានដាក់​ក្ដី​រំពឹងថា​: បេសកកម្ម​នេះ កម្ពុជា រំពឹង​ដណ្ដើមបាន​មេដាយមាស​យ៉ាងតិច ៣ គ្រឿង មេដាយប្រាក់ ១០ និង​មេដាយ​សំរឹទ្ធ ១៥ គ្រឿង​៕/V​