ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពេលនេះកម្ពុជា បានទទួលគ្រូបង្វឹកប្រដាល់សកលថ្មីហើយៗ គ្រូបង្វឹកនោះ គឺជាគ្រូដ៏មានសក្ដានុពល ដែលមានស្នាដៃជាច្រើន ក្នុងការដឹកដៃនាំសមាជិកក្រុមទៅរកមេដាយ។
គ្រូបង្វឹក ជាជនជាតិកាហ្សាក់ស្ថាន គឺលោក Kassymkhanov Berikbol Amantayevich បានចាប់ផ្ដើមបង្ហាត់សិស្សរបស់ខ្លួនហើយ។ លោកនឹងបង្ហាត់នៅកម្ពុជា ចាប់ពីពេលនេះ រហូតដល់ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ការប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោក Kassymkhanov Berikbol Amantayevich ធ្លាប់មានបទពិសោធន៍ជោកជាំ ក្នុងនាមជាគ្រូបង្វឹកប្រដាល់សកល។ជាងនេះទៅទៀត លោកគឺជាអតីតគ្រូបង្វឹកកីឡាករជម្រើសជាតិវៀតណាមផងដែរ នៅចន្លោះឆ្នាំ២០១៩ ដល់ ២០២០។ អ្វីដែលធ្វើឲ្យលោក ត្រូវបានសហព័ន្ធប្រដាល់សកល ចាប់អារម្មណ៍ ទាក់ទងមកធ្វើជាគ្រូបង្វឹកបន្ថែម ដោយសារតែគាត់ ធ្លាប់មានជោគជ័យ យ៉ាងច្រើន ក្នុងការដឹកនាំកីឡាករ យកបានមេដាយ ក្នុងព្រឹត្តិការណ៍ធំៗ ។
សូមក្រឡេកមើលស្នាដៃរបស់គាត់ ក្នុងការបង្វឹកទាំងក្រៅប្រទេស និងក្នុងប្រទេសរបស់គាត់កន្លងមក:
• ឆ្នាំ២០២០ លោកបានបង្វឹកកីឡាករជម្រើសជាតិវៀតណាម Nguyen Van Duong ដោយធ្វើឱ្យការប្រកួតជម្រុះបានជោគជ័យ បានឡើងទៅប្រកួត នៅ Olympic Games នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០។
• ឆ្នាំ២០១៧ លោកបានដឹកនាំក្រុមកីឡាករប្រដាល់សកល កាហ្សាក់ស្ថាន ឈ្នះមេដាយមាស ១គ្រឿង និងប្រាក់ចំនួន ២គ្រឿង។
• ឆ្នាំ២០១៦ នៅទីក្រុងអាស្តាណា ប្រទេសអាស្តាណា លោកក៏បានដឹកនាំកីឡាការិនីកាហ្សាក់ស្ថាន Nazim Kyzaibai ឈ្នះមេដាយមាស ១គ្រឿង ក្នុងព្រឹត្តិការណ៍ Astana World Championship។
• ឆ្នាំ២០១៥ ក្នុងកម្មវិធី World Championship នៅកូរ៉េខាងត្បូង លោកក៏បានដឹកនាំកីឡាការិនី Nazim Kyzaibai ដណ្ដើមបានមេដាយមាស ១គ្រឿង ផងដែរ។
• ឆ្នាំ២០១១ ដល់ ២០១៣ លោកក៏បានងាកមកដឹកនាំគ្រូបង្វឹករបស់មីយ៉ាន់ម៉ាវិញម្ដង ដែលក្នុងឆ្នាំ២០១៣ មីយ៉ាន់ម៉ា ធ្វើម្ចាស់ផ្ទះស៊ីហ្គេមលោកក៏បានដឹកនាំក្រុមកីឡាករប្រដាល់សកលមីយ៉ាន់ម៉ា ឈ្នះបានមេដាយមាស ២គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ២គ្រឿង ។
• ឆ្នាំ២០១១ លោកក៏បានដឹកនាំក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ទៅប្រកួតស៊ីហ្គេម នៅឥណ្ឌូណេស៊ី ដោយពេលនោះ លោកដឹកនាំបានឈ្នះមេដាយប្រាក់ ៤គ្រឿង និងសំរឹទ្ធ ៤គ្រឿង៕/V