​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្នុងជំនួប​រវាង​លោក ទិ​ត ចន្ថា រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ទេស​​ចរណ៍ ជាមួយ​លោក ថុង អេ​ដ​វីន រដ្ឋមន្ត្រីក្រសួង​វប្បធម៌ សហគមន៍ និង​យុវជន​សិង្ហ​បុរី​​កាលពី​ថ្ងៃទី​២៦ កក្កដា ម្សិលមិញ​នេះ ភាគី​សិង្ហ​បុរី បាន​សន្យា​បន្ត​ជួយ​គាំទ្រ​បច្ចេកទេស​និង​បញ្ជូន​គ្រូ មក​បង្វឹក​កីឡាករ​កម្ពុជា លើ​ជំនាញ​កីឡា​បាល់​គប់​ក្នុង​ទឹក (Water Polo) ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ស៉ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

​លោក វ៉ា​ត់ ចំរើន រដ្ឋ​ល​ខា​ធិ​ការ ក្រសួង​ទេ​ចរណ៍​និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​លើកឡើងថា​: ភាគី​សិង្ហ​បុរី​បាន​សន្យា​បង្កើន​ការ​បង្វឹក និង​បង្កើន​គុណ​ផល​កីឡា​បាល់​គប់​ក្នុង​ទឹក (Water Polo) ដែល​សិង្ហ​បុរី មាន​កម្រិត​បច្ចេកទេស​ល្អ និង​មាន​ឧត្តមភាព ក្នុង​តំបន់​គ្រាន់បើ​ដែរ​។

​លោក​អគ្គលេខាធិការ បាន​បន្តថា​: ចំពោះ​កីឡា​បាល់​គប់ ក្នុង​ទឹក​នៅ​កម្ពុជា​នេះ គឺ​ស្ថិតក្រោម​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា ដែលមាន​ទេស​រដ្ឋ​ម​មន្ត្រី ស៊ុន ចាន់ថុល ជា​ប្រធាន​។​កន្លងមក សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា បានរៀបចំ​ក្រុម​កីឡាករ ដើម្បី​ត្រៀម​ចូលរួម​ហ្វឹកហាត់ ជាមួយ​គ្រូ​ជំនាញ មកពី​សិង្ហ​បុរី​ម្នាក់ (​អតីត​កីឡាករ​ដ៏​ល្បី​របស់​សិង្ហ​បុរី​) ដែល​នឹង​បញ្ជូនមក​ពេល​ក្រោយ ហើយនឹង​មានការ​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​សិង្ហ​បុរី ក្នុងនោះ​ក៏​នឹង​បញ្ជូន​កីឡាករ​កម្ពុជា ទៅ​ហ្វឹកហាត់ នៅ​សិង្ហ​បុរី​ទៀតផង​។

​លោក​អគ្គលេខាធិការ បា បន្តថា​: ការជួយ​គាំទ្រ​ពី​ភាគី​សិង្ហ​បុរី​នេះ គឺមាន​សារសំខាន់​ណាស់​សម្រាប់​កីឡាករ​កម្ពុជា ក្នុងការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៉ី​ហ្គេម​ឆ្នាំ​២០២៣​។

​ក្រៅពី​កីឡា​បាល់​គប់​ក្នុង​ទឹក​នេះ ភាគី​សិង្ហ​បុរី​ក៏បាន​សន្យា​ជួយ​បណ្ដុះបណ្ដាល​ផ្នែក​កីឡាបាល់ទាត់​លើ​ក្ដារ (Teqball) ដល់​កម្ពុជា​ទៀត​ដែរ ដើម្បី​ដាក់បញ្ចូល​ក្នុង​កម្មវិធី​កីឡា​សម្ដែង (​ជា​ប្រភេទ​កីឡា​សម្ដែង​)​។

​សូម​បញ្ចា​ក់ថា កិច្ចសហប្រតិបត្តិការ ការគាំទ្រ​និង​ជួយ​គ្នា​ទៅវិញទៅមក រវាង​កម្ពុជា និង​សិង្ហ​បុរី ខាងលើនេះ គឺធ្វើឡើង​តាមរយៈ​ការចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា (MoU) រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​សិង្ហ​បុរី​នៅ​ឆ្នាំ​២០១៧ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក លើ​ផ្នែក​បច្ចេកទេស និង​ជំនាញ​កីឡា​ផ្សេងទៀត​៕/V​