ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: នៅ​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ពលរដ្ឋ​ជាង​ចំនួន​ជាង ១០០ គ្រួសារ រស់នៅ​ភូមិ​ពីរ គឺ​ភូមិ​ដើម​ជ្រៃ និង​ចំការចេក ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រមូល​ផ្តុំគ្នា​ឡើងមក​សាលាសង្កាត់ សុំ​ដល់​អាជ្ញាធរ​សង្កាត់​ជួយ​ធ្វើ​អន្តរាគមន៍ បើក​កំណាត់​ផ្លូវ​សាធារណ​: មួយកន្លែង ក្នុងភូមិ សង្កាត់ ខាងលើ ដើម្បី​ឲ្យ​ពួកគាត់​បានធ្វើ​ដំណើរ​ធ​ម្ម​តា​ឡើងវិញ បន្ទាប់ពី​ម្ចាស់​នៃ​ដី ជាប់​ព្រំដី​សងខាង​ផ្លូវ​នេះ បាន​ឯកភាពគ្នា បោះបង្គោល​របង​ថ្ម ហ៊ុមព័ទ្ធ​បន្លា​លួស​បិទផ្លូវ​។

​ពលរដ្ឋ បាន​លើកឡើងថា​: កំណាត់​ផ្លូវ​ដែល​ត្រូវបាន​បិទ​ខាងលើនេះ ពួកគាត់​ធ្លាប់​ធ្វើដំណើរ​មាន​រយ​:​ពេល​ជាង ១៥ ឆ្នាំ​មកហើយ​។ បន្ទាប់ពី​ការបិទផ្លូវ ពួកគាត់​ប្រឈម​គ្មាន​ផ្លូវ​ដឹកទំនិញ​កសិផល ទៅរក​ទីផ្សារ ពិសេស​កូនៗ​តូចៗ​របស់​ពួកគាត់ ក៏​ពិបាកទៅ​សាលារៀន​ផងដែរ (​វាង​ផ្លូវ​ឆ្ងាយ​)​។

​ពលរដ្ឋ​ខាងលើ បាន​អះអាងថា​: កំណាត់​ផ្លូវ​ដែល​ត្រូវបាន​បិទ​នេះ កាលពី​ជាង ១៥ ឆ្នាំមុន​ជា​ផ្លូវ​ថ្មើ​ជើង ឬ​អាច​បើក​គោយន្ត​កន្ត្រៃ​បាន លុះ​ឆ្នាំ​បន្ទាប់មក ផ្លូវ​នេះ អាជ្ញាធរ​បានធ្វើ​ការអភិវឌ្ឍ​ចាក់ដី​ក្រួស​ក្រហម ហើយ​ម្ចាស់​ដី​សងខាង​ផ្លូវ​ឈ្មោះ ឡុង សុង​ពា​វ និង​ឈ្មោះ ស៊ុន រ៉ានី បាន​សម្បទាន​ដី​ម្នាក់​ម្ខាងៗ ចំនួន ៣ ម៉ែត្រ ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ទូលាយ​។ លុះ​តម្លៃ​ដី​នៅ​តំបន់​នោះ កាន់តែ​ឡើង​ខ្ពស់ ភាគី​ម្ចាស់​ដី​ទាំងសងខាង បាន​ប្រែ​ក្រឡះ​យក​ដី​ម្ខាង ៣ ម៉ែត្រ​នោះ មក​ធ្វើ​របស់ខ្លួន​វិញ​។

​លោក ផេ​ម សំអាត អតីត​ចៅសង្កាត់ បច្ចុប្បន្ន​ជា​ចៅសង្កាត់រង​ទី​១ សង្កាត់​អូរ​ស្មាច់ បាន​ឲ្យ​ដឹង​ដែរ​ថា​: កំណាត់​ផ្លូវ​ដែល​ត្រូវបាន​បិទ​ខាងលើនេះ នៅក្នុង​អំឡុង​គាត់​គ្រប់គ្រង ភាគី​ម្ចាស់​ដី​ទាំងពីរ ពិតជា​បានផ្តល់​ដី​ម្នាក់​ម្ខាង​ចំនួន ៣ ម៉ែត្រ សម្រាប់ធ្វើ​ផ្លូវ​បម្រើ​ដល់​សាធារណ​:​មែន (​តែ​គ្មាន​ឯកសារ​តំកល់​)​។

​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា​: ពាក់ព័ន្ធ​ពលរដ្ឋ​មានការ​តវ៉ា​លើ​កំណាត់​ផ្លូវ ដែល​ត្រូវបាន​បិទ​ខាងលើ លោក​ទ​ទូល​បានដែរ នៅ​អំឡុងពេល​ដី​ថោក​ភាគី​ទាំងពីរ បាន​សម្បទាន​សម្រាប់ធ្វើ​ផ្លូវ​សាធារណ​:​ហើយ មិនអាច​យក​ត្រឡប់មកវិញ​បាន​នោះទេ​៕/V​