​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ទាហាន​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ចំនួន​បី​នាក់​និង​ជន​ស៊ីវិល​យ៉ាងតិច​១២​នាក់​ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​ផ្ទុះ​អំពើហិង្សា​ដល់​ថ្ងៃ​ទី​ពីរ​​ប្រឆាំង​នឹង​វត្តមាន​អង្គការ​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ភាគ​ខាងកើត​កាលពី​ថ្ងៃ​អង្គារ​។​

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា បាន​និយាយថា ទាហាន​អ​.​ស​.​ប បី​នាក់​ដែល​ស្លាប់ រួមមានពីរនាក់ជា​ជនជាតិ​ឥណ្ឌា និង​អ្នកស្លាប់​ទី​បី​ជា​ជនជាតិ​ម៉ារ៉ុក​។​

​ការតវ៉ា​ប្រឆាំង​នឹង​វត្តមាន​អ​.​ស​.​ប​នៅ​ទីនោះ​ជំរុញ​ឡើង​ដោយ​ការ​ត្អូញត្អែរថា បេសកកម្ម​អ​.​ស​.​ប ដែល​គេ​ស្គាល់​ថា​MONUSCO​បរាជ័យ​ក្នុង​ការការពារ​ជន​ស៊ីវិល​ទល់នឹង​អំពើហិង្សា​របស់​ក្រុម​ជីវពល​ដែល​​បាន​កើតមាន​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។​

​បាតុកម្ម​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ទីក្រុង​ហ្គោ​ម៉ា​(Goma)​និង​បាន​រាលដាល​កាលពី​ថ្ងៃ​អង្គារ​ទៅ​កាន់​ទីក្រុង​ប៊ូតេ​ម​បូ​(Butembo)​កន្លែង​ដែល​ទាហាន​អង្គការសហប្រជាជាតិ​ម្នាក់​និង​ប៉ូលិស​​អ​.​ស​.​ប ពីរ​នាក់​ក្នុង​បេសកកម្ម​MONUSCO​ត្រូវបាន​បាញ់សម្លាប់ នេះ​បើ​តាម​​លោក ហ្វា​ហាន ហាក់ (Farhan Haq)​អ្នកនាំពាក្យ​រង​របស់​អ​.​ស​.​ស បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​​ញូវយ៉ក​។​

​នៅក្នុង​ទីក្រុង​ទាំងពីរ ទាហាន​អ​.​ស​.​ប ត្រូវបាន​ចោទប្រកាន់​ថា​បាន​ប្រើ​កម្លាំង​ត​តប​វិញ​នៅ​ពេល​អ្នក​ប្រឆាំង​តវ៉ា​រាប់រយ​នាក់ ចោល​ដុំថ្ម​និង​គ្រាប់បែក​សាំង វាយបំផ្លាញ​និង​ដុត​អាគារ​របស់​អង្គការ​សហ​​ប្រជាជាតិ​។​

​អ្នកយក​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​ម្នាក់​បាន​ឃើញ​ទាហាន​ថែរក្សា​សន្តិភាព​អ​.​ស​.​ប ត្រូវបាន​បាញ់សម្លាប់​នៅ​ក្រុង​ហ្គោ​ម៉ា កន្លែង​ដែល​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​អះអាង​ថា យ៉ាងតិច​មនុ​​ស្ស​ប្រាំ​នាក់​ត្រូវបាន​សម្លាប់​និង​៥០​នាក់​រងរបួស​។​

​នៅ​ក្រុង​ប៊ូតេ​ម​បូ យ៉ាងហោច​ណាស់​ជន​ស៊ីវិល​ប្រាំពីរ​នាក់​ត្រូវបាន​សម្លាប់ និងមាន​អ្នករងរបួស​ច្រើន តែ​មិន​ដឹង​ប៉ុន្មាន​នាក់​ទេ​។​

​សូមបញ្ជាក់​ថា បេសកកម្ម​ថែរក្សា​សន្តិភាព​អ​.​ស​.​ប ត្រូ​វ​បាន​ចោមរោម​ដោយ​ការចោទប្រកាន់​ពី​បទ​រំលោភ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​។​

​អ្នកនាំពាក្យ​រង​របស់​អ​.​ស​.​ស បាន​និយាយថា​«​បើ​មាន​ការប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​ការ​បង្ក​របួស​ឬ​ស្លាប់​មនុស្ស យើង​នឹង​ចាត់វិធានការ​។​កងកម្លាំង​អ​.​ស​.​ប ត្រូវបាន​នែ​ណាំ​អោយប្រើ​ឧស្ម័ន​ហៀរ​ទឹក​​ភ្នែក​ដើម្បី​បំបែកហ្វូង​អ្នកប្រឆាំង​តវ៉ា ឬ​ក៏​គ្រាន់តែ​បាញ់​ព្រមាន ក្នុង​ករណី​ចាំបាច់​»​។​

​ការប្រឆាំង​តវ៉ា​នេះ​ត្រូវបាន​អំពាវនាវ​ធ្វើឡើង​ដោយ​ក្រុម​យុវជន​នៃ​គណបក្ស​កាន់អំណាច ដែល​ទាមទារ​អោយ​ដក​បេសកកម្ម​អ​.​ស​.​ប​ចេញពី​កុង​ហ្គោ ដោយសារ​តែ​អ្វី​ដែល​ខ្លួន​ហៅ​ថា អ​ប្រសិទ្ធភាព​របស់​​កងកម្លាំង​ថែរក្សា​សន្តិភាព​នៅ​ទីនោះ​។​

​សូមបញ្ជាក់​ថា ការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី​រវាង​ទាហាន​កុង​ហ្គោ និង​ក្រុម​ឧទ្ទាម​M23​នៅ​ខាងកើត​ប្រទេស​នា​ប៉ុន្មាន​ខែ​មកនេះ​បាន​បណ្តា​លអោ​យ​មនុស្ស​ភៀសខ្លួន​រាប់ពាន់នាក់​។​រីឯ​ការវាយប្រហារ​ដោយ​ពួក​​សកម្មប្រយុទ្ធ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម ក៏​នៅតែ​បន្ត​ទោះ​ជា​រដ្ឋាភិបាល​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​និងធ្វើ​ប្រតិបត្តិការ​សឹក​រួម​រវាង​កងកម្លាំង​កុង​ហ្គោ​និង​អ៊ុយ​ហ្កង់​ដា​​ប្រឆាំង​នឹង​ពួក​នេះ​ក្តី​។​

MONUSCO​នេះបាន​ទទួល​ភារកិច្ច​បន្ត​ពី​ប្រតិបត្តិការ​អ​.​ស​.​ប មុន​នោះ​មួយ​នៅ​ឆ្នាំ​២០១០ ។​វា​មាន​ទាហាន​១២.០០០​នាក់ និង​ប៉ូលិស​១.៦០០​នាក់ ឈរជើង​នៅ​កុង​ហ្គោ​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២១​និង​ត្រូវ​បាន​កាត់បន្ថយ​បណ្តើរៗ​៕

​អ្នកប្រឆាំង​សំរុកចូល​មូលដ្ឋាន​អ​.​ស​.​ប នៅ​ក្រុង​ហ្គោ​ម៉ានិង​ក្រុង​ប៊ូតេ​ម​បូកាល​ពី​ថ្ងៃ​អង្គារ​