​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កក្កដា ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិនបាន​សាទរ​ចំពោះវ​ឌ្ឍ​នភាព​ក្នុង​ការប្រឹងប្រែង​របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​កែលម្អ​សេដ្ឋកិច្ច​​ក្នុង​សតវត្ស​ទី ២១ របស់ខ្លួន បន្ទាប់ពី​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ដ៏​ធំ SK បានប្រកាស​ការវិនិយោគ​ចំនួន ២២ ពាន់​លាន​ដុល្លារ​នៅក្នុង​ឧស្សាហកម្ម​បន្ទះ​ឈីប​(Semiconductor)​និង​ឧស្សាហកម្ម​​ទំនើប​ផ្សេងទៀត​នៅ​សហរដ្ឋ​អាម៉េរិក​។​

​លោកបៃ​ដិនបាន​និយាយ​នៅក្នុង​កិច្ចប្រជុំតាមអន​ឡាញ​នៅ​សេត​វិមាន​ជាមួយ​នាយក​ប្រតិបត្តិ​កំពូល​មក​ពី​ក្រុមហ៊ុន SK Group ធំ​បំផុត​ទី​ពីរ​របស់​កូរ៉េ​ខាងត្បូង​ថា​”​សេចក្តីប្រកាស​ដ៏​ធំ​នេះ​តំណាង​​ឱ្យ​ភស្តុតាង​ច្បាស់ក្រឡែត​ថា សហរដ្ឋ​អាម៉េរិក កូរ៉េ និង​សម្ពន្ធមិត្ត​របស់ខ្លួន​បាន​ត្រឡប់​មក​វិញ​និង​ឈ្នះ​ការប្រកួតប្រជែង​ផ្នែក​បច្ចេកវិជ្ជា​ប្រចាំ​សតវត្ស​ទី ២១”​។​

​លោក​បាន​បន្ថែមថា “​អាម៉េរិក​គឺជា​ទិសដៅ​សំខាន់​សម្រាប់​បច្ចេកវិជ្ជា​ទំនើប​” ដោយ​បន្ថែម​ថា​ការវិនិយោគ​នេះ​ជា​សញ្ញា​នៃ​ភាព​ជោគជ័យ​សម្រាប់​គោលនយោបាយ​ទូលំទូលាយ​របស់​គាត់​ក្នុងការ​”​ធ្វើការ​​ជាមួយ​សម្ពន្ធមិត្ត​របស់​យើង​”​។​

​ការប្រកាស​នេះ​បាន​ធ្វើឡើង​នៅ​មុន​កិច្ចប្រជុំ​ដែល​លោកបៃ​ដិន ដែល​កំពុង​ជាសះស្បើយ​ពី​ការ​ឆ្លងកូវី​ដ បាន​បង្ហាញ​ខ្លួន​នៅ​លើ​វីដេអូ ខណៈ​ប្រធាន​ក្រុមហ៊ុន SK លោក ឆី តេ​វ៉ុន (Chey Tae-won) បាន​ចូលរួម​ជាមួយ​នាយក​ប្រតិបត្តិ​ផ្សេងទៀត​និង​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​ដោយផ្ទាល់​។​

​ក្រុមហ៊ុន​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​គ្រោង​នឹង “​បង្កើន​ការវិនិយោគ​ថ្មី​របស់​ខ្លួន​នៅ​សហរដ្ឋ​អាម៉េរិក​ចំនួន ២២ ពាន់​លាន​ដុល្លារ លើ​វិស័យ​នានា រួមមាន Semiconductor (​បន្ទះ​ឈីប​) ថាមពល​បៃតង និង​ជីវវិទ្យា​សាស្ត្រ ដោយ​បង្កើត​ការងារ​ថ្មី ដែល​មាន​បច្ចេកវិជ្ជា​ខ្ពស់​និង​ប្រាក់ខែ​ខ្ពស់​ដល់​ជនជាតិ​អាម៉េរិក​រាប់សិប​ពាន់​នាក់​”​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា “​នេះ​គឺ​បន្ថែម​ពីលើ​ការវិនិយោគ​របស់​ក្រុមហ៊ុន SK ដែល​បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ចំនួន ៧​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​រោងចក្រ​ខ្នាត​យក្ស​ថ្មី​ចំនួន​ពីរ​នៅ​រដ្ឋ​​ថេន​ណេ​សស៊ី (Tennessee) និង​រដ្ឋ​កេន​ថា​ក់គី (Kentucky)​ដែល​ជា​ផ្នែក​មួយ​នៃ​ការបណ្តាក់ទុន​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Ford Motor Company”​។​

​យោង​តាម​អ្នកនាំពាក្យ​សេត​វិមាន ការប្តេជ្ញា​ចិត្ត​កំពុង​កើន​ឡើង​របស់​ក្រុមហ៊ុន SK Group​គឺ​ឆ្លុះបញ្ចាំង​ពី​ការជំរុញ​ការកសាង​ខ្សែសង្វាក់​ផលិតកម្ម​និង​ការផ្គត់ផ្គង់​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អា​​ម៉េ​រិក ដែល​ត្រូវបាន​រំខាន​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ការបិទ​ខ្ទប់​ទប់ស្កាត់​ជំងឺ​រាតត្បាត​ជា​សកល កូវី​ដ​១៩៕

​លោកបៃ​ដិន​ជួប​ប្រធាន​ក្រុមហ៊ុន SK លោក ឆី តេ​វ៉ុន​តាមអ​ន​ឡាញ