ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ ក្មេងស្រី​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង និង​បុរស​ម្នាក់ រងរបួស​ស្រាល ដោយសា​រថយន្ត​មួយគ្រឿង បាន​បើក​បុក​រះ ម៉ូតូ​ពីរ​គ្រឿង នៅលើ​ផ្លូវជាតិ លេខ​៥១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៧-៣៨ ស្ថិតក្នុង​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​ជិត ៨ យប់ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ ក្មេងស្រី​រងគ្រោះ​ដល់​ស្លាប់​នោះ មានឈ្មោះ ម៉ា សូ​នី​តា អាយុ ១៣ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​។ ចំណែក​បុរស​ម្នាក់ ដែល​រងរបួស​ស្រាល មានឈ្មោះ ភិន ច​ន្នី អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត​។ ឯ​អ្នកបើករថយន្ត​បង្ក មានឈ្មោះ ហ៊ឹម អៀង​សូផាត អាយុ ៤៣ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

​ប្រភព​បានឱ្យដឹង​ទៀតថាៈ នៅ​មុនពេល​កើតហេតុ រថយន្ត​មួយគ្រឿង ម៉ាក​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BB-៦៨៧៦ បាន​បើកបរ​ដោយ ឈ្មោះ ហ៊ឹម អៀង​សូផាត ពី​ទិស​ខាងជើង ទៅ​ទិស​ខាង​ត្បួ​ង លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១.M-១២៩២ បើក​ដោយ​ឈ្មោះ ភិន ច​ន្នី ដែល​កំពុងបើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្ដាលឱ្យ​បុរស​ម្នាក់​នោះ រងរបួស​ស្រាល​
​ហើយ​រថយន្ត​នោះ បាន​ជ្រុល​ទៅបុក​ម៉ូតូ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ម៉ា សូ​នី​តា ដែល​បាន​កំពុង ឈប់​ម៉ូតូ ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CT-៥៣១០ នៅលើ​ចិញ្ចើមផ្លូវ​ខាងស្តាំ​ដៃ យ៉ាង​ពេញទំហឹង បណ្តាល​ក្មេងស្រី​នោះ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​

​ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ បាន​វាស់វែង និង​ហៅ​រថយន្ត​សាមុយ ដឹក​ជនរងគ្រោះ យកទៅ​មន្ទីរពេទ្យ សព​ក្មេងរងគ្រោះ បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។​ ​វត្ថុតាង​ទាំងបី​គ្រឿង រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​គង ចំណែក​អ្នកបើកបរ​រថយន្ត បាន​ឃាត់ខ្លួន កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕/V​