ដោយៈ ស​រិ​ទ្ធ / កណ្ដាល​: កូនប្រុស​ម្នាក់ ដោយសារតែ​ការប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត និង​ផឹកស្រា រហូត​បាត់បង់​ស្មារតី បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ អស់​មួយចំនួន ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែមទាំង​គំរាម​សម្លាប់​ឪពុក​របស់ខ្លួន​ទៀតផង ដែលជា​ហេតុ​ធ្វើឱ្យ ឪពុក​ភ័យ ក៏​រត់​ទៅប្ដឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​កូន​រូបនេះ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៦​ល្ងាច នៅ​ភូមិ​ព្រែក​តា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​ស្រុក​ខ្សាច់កណ្ដាល បានឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ លុន ថា ភេទ​ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​កើតហេតុ (​ត្រូវជា​ឪពុក​បង្កើត​)​។ ចំណែក​ជនសង្ស័យ ឈ្មោះ ថា សំណាង ហៅ​ខួច ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​លំនៅ នៅ​ភូមិ​ឃុំ​កើតហេតុ (​ត្រូវជា​កូនបង្កើត​)​។​

​ប្រភព​ដដែល បាន​បន្តថាៈ កន្លងមក ជនសង្ស័យ​ឧស្សាហ៍​រករឿង​ឈ្លោះ​ជាមួយ​ឪពុកម្ដាយ និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ ក្នុងផ្ទះ​ជាច្រើនលើក ហើយ​ត្រូវបាន​សមត្ថកិច្ច នាំខ្លួន យកទៅ​អប់រំ ណែនាំ​ជាច្រើនលើក មកហើយ​។ ជនសង្ស័យ ជា​អ្នកប្រើប្រាស់​សារធាតុ​ញៀន និង​ផឹកស្រា​ជាប្រចាំ រហូតដល់​មាន​សតិ​មិន​ប្រក្រតី​។ នៅ​អំឡុង​ឆ្នាំ​២០២០ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន ហើយ​តុលាការ បាន​កាត់ទោស​ដាក់ពន្ធនាគា​រ ខេត្តកណ្ដាល រយៈពេល ២ ឆ្នាំ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៥​ល្ងាច ជនសង្ស័យ បាន​យក​ចានបាយ គប់​ទៅ​ផ្លូវថ្នល់ បណ្ដាល​ឲ្យ​បែកខ្ចាយ និង​និយាយ​គំរាមកំហែង​ឪពុកម្តាយ ដែលជា​ជនរងគ្រោះ​ថា ” ប្រយ័ត្ន​អញ​កាប់​ដាច់ ក ទាំងអស់គ្នា ” ។ លុះ​មកដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៦​ល្ងាច ជនសង្ស័យ បាន​យក​មេសោ ដើរ​ឆ្លេឆ្លា​បម្រុង​គប់​ទៅ​ផ្លូវ​មុខផ្ទះ តែ​ម្ដាយ​បាន​ចាប់យក​មេសោ​នោះមក​ទុក ពេលនោះ ជនសង្ស័យ បាន​ដើរ​ចូលទៅ​ក្នុងផ្ទះ រើ​អីវ៉ាន់​ក្នុងផ្ទះ​ចោល ហើយ​បាន​ធាក់​ទ្វារ​បន្ទប់ទឹក ធ្វើ​ពី​ជ័រ បណ្ដាលឱ្យ​បែកបាក់ ខូចខាត​។

​បន្ទាប់មក ជនរងគ្រោះ បានមក​ប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែ​កតា​មាក់ ហើយ​កម្លាំង​ប៉ុស្តិ៍ បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនទៅ​អធិការដ្ឋាន​គរ​បាល ស្រុក​ខ្សាច់កណ្តាល បន្ត​ចាត់ការ​តាម​នីតិវិធី​៕/V