ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជនពិការកម្ពុជា សរុប ១៧៩ នាក់ បានធ្វើដំណើរតាមជើងយន្ដហោះពិសេស ដោយឥតគិតថ្លៃ ដើម្បីចូលរួមការ ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ បានទៅដល់ទីក្រុងសូឡូ ប្រទេសឥណ្ឌូណេ ស៊ី ដែលជាកន្លែងប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដោយសុវត្ថិភាព បន្ទាប់ពីចាក ចេញពីព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា។

អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មកម្ពុជាសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១១ លោក យី វាសនា បានបញ្ជាក់ថាៈ ការជូនដំណើរពី សំណាក់លោក ហ៊ុន ម៉ានី បានបង្ហាញនូវសេចក្ដីរីករាយ និងកក់ក្ដៅ ប្រកបដោយមោទនភាព ធ្វើឲ្យកីឡាករ កីឡាការិនីជនពីការកម្ពុជា មានភាពជឿជាក់ ក្នុងការបំពេញបេសកកម្ម មួយនេះ។

លោកបានថ្លែងអំណរគុណ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដែលបានយកចិត្តទុកដាក់ដ៏
ខ្ពង់ខ្ពស់ ចំពោះប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដោយសម្ដេចតេជោ បានផ្តល់យន្ដហោះ ពិសេស (Charter Flight) ដើម្បីដឹកជញ្ជូនប្រតិភូ និងអត្តពលិកកម្ពុជា ហោះហើរត្រង់ ពីរាជធានីភ្នំពេញ ទៅទីក្រុងសូឡូ ដើម្បីធានាសុវត្ថិភាព ទាំងទៅ ទាំងមក ក្នុងការបង្ការ ជំងឺកូវីដ-១៩ទៀតផង ជាពិសេស ឧបត្ថម្ភប្រាក់ហោប៉ៅ និងការចាក់វ៉ាក់សាំងដូសជំរុញ ផងដែរ។

ជាមួយនឹងការយកចិត្តទុកដាក់នេះ លោកអគ្គលេខាធិការ និងអត្តពលិកទាំងអស់ ប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដណ្តើមមេដាយមាស ជូនជាតិ សម្តេចតេជោ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាង ១៧ លាននាក់ ឲ្យខាងតែបាន។

លោកក៏បានផ្តាំផ្ញើដល់ អត្តពលិកគ្រូបង្វឹក គ្រូជំនួយ និងអ្នកបច្ចេកទេស ឲ្យយកបេះដូងគិតពីតម្លៃរបស់ខ្លួន តំណាងឲ្យជាតិទាំងមូល និងប្រជាពលរដ្ឋ ជាង ១៧ លាននាក់ ដូច្នេះត្រូវធ្វើ យ៉ាងណា ដណ្តើមមេដាយមាស ឲ្យខាងតែបាន ដើម្បីបង្ហូតទង់ជាតិ បង្ហាញពីមោទកភាព និងកិត្តិស័ព្ទកម្ពុជា លើឆាកអន្តរជាតិ ជាពិសេសជាការត្រៀមខ្លួន ប្រកបដោយសក្តានុពល សម្រាប់អត្តពលិកជនពិការកម្ពុជា ដោយជោគជ័យ ទាំងការរៀបចំ និងការប្រកួតប្រជែង ដណ្តើមមេដាយ ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី នឹងប្រព្រឹត្តទៅ ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិកសរុប ចំនួន ១១៥ នាក់ លើ ១១ ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយ បុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕/V-PC