​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Sotheby’s បានប្រកាសថា អាវ​ដែល​ពាក់​ដោយ​អវកាសយានិក​អាម៉េរិក លោក ប៊ូ​ស អាល់ឌ្រីន (Buzz Aldrin) ក្នុងអំឡុង​ការហោះហើរ​ឆ្នាំ ១៩៦៩ របស់​គាត់​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅលើ​យាន Apollo 11 ត្រូវ​បាន​លក់​ដេញថ្លៃ​ក្នុងតម្លៃ ២,៧ លាន​ដុល្លារ​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​អង្គារ​ទី​២៦ កក្កដា​។​

​អាវ​ពណ៌​ស​តុបតែង​ដោយ​ទង់ជាតិ​អាម៉េរិក ពាក្យ NASA បំណះ​ឡូហ្គោ​បេសកកម្ម Apollo 11 និង​ឈ្មោះ E. ALDRIN គឺជា​ផ្នែក​មួយ​នៃ​បណ្តុំ​វត្ថុ​ផ្ទាល់ខ្លួន ដែល​អវកាសយានិក​អាយុ ៩២ ឆ្នាំ​រូប​នេះ​សម្រេចចិត្ត​ដាក់លក់​។​

​ក្រុមហ៊ុន Sotheby’s បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​សម្លៀក​បំពាក់​ដ៏​កម្រ​ពិសេស​នេះ​ត្រូវបាន​ប្រមាញ់​ដោយ​អ្នកដេញថ្លៃ​ជាច្រើន​នាក់​អស់​រយៈពេល​ជិត​ដប់​នាទី​មុន​ពេល​លក់​​វា​ឱ្យទៅ​អ្នកដេញថ្លៃ​ម្នាក់​តាម​ទូរស័ព្ទ​”​។​

​លោក​អា​ឌ្រី​ន ដែល​ជា​សមាជិក​នៅរស់​ចុង​ក្រោយ​ក្នុងចំណោម​សមាជិក​អវកាសយានិក​ទាំង​បី​នាក់​របស់​យាន Apollo 11 បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​សប្តាហ៍​មុន​ថា​”​បន្ទាប់​ពី​​ការពិចារណា​យ៉ាង​ស៊ីជម្រៅ ពេលវេលា​ហាក់​មកដល់​ក្នុង​ការចែករំលែក​វត្ថុ​ទាំងនេះ​ជាមួយ​ពិភពលោក ដែល​សម្រាប់​មនុស្ស​ជាច្រើន​វា​ជា​និមិត្តរូប​នៃ​ពេលវេលា​ប្រវត្តិសាស្ត្រ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​វា​តែងតែ​​ជា​អនុស្សាវរីយ៍​ផ្ទាល់ខ្លួន​នៃ​ជីវិត​ដែល​បូជា​សម្រាប់​វិទ្យាសាស្ត្រ និង​ការរុករក​”​។

​លោក​បាន​ពន្យល់ថា អាវ​នោះ​គឺ​ដាច់ដោយឡែក​ពី​ឈុត​អវកាស​ដែល​គាត់​បាន​ពាក់​ពេល​កំពុង​ដើរ​លើ​ឋាន​ព្រះ​ចន្ទ​ជាមួយ​មិត្ត​រួម​អវកាស​លោក នី​ល អាម​ស្ត្រង (Neil Armstrong) ប៉ុន្តែ​គាត់​បាន​ពាក់​វា​ពេល​កំពុង​ហោះហើរ​ទៅ​និង​មក​ពី​ឋាន​ព្រះ​ចន្ទ​៕

អាវ​អវកាស​របស់លោក ប៊ូ​ស អាល់ឌ្រីន លក់​ដេញថ្លៃ​បាន ២,៧ លាន​ដុល្លារ​កាលពី​ថ្ងៃ​អង្គារ​