ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កក្កដា​បាន​ចោទប្រកាន់​ចិន​ថា​បង្កើន​«​ការ​បង្ករឿង​»​ប្រឆាំង​អ្នកអះអាង​កម្មសិទ្ធិ​ប្រជែង​ជាមួយ​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​​ថា «​ឥរិយាបទ​គឃ្លើន​និង​មិន​ទទួលខុសត្រូវ​ខ្លាំង​ឡើង​»​របស់​ចិន មាន​ន័យ​ថា​វា​«​គ្រាន់តែ​ជា​បញ្ហា​នៃ​ពេលវេលា​ប៉ុណ្ណោះ​មុន​ឧបទ្ទវហេតុ​ធំ​មួយ​កើតឡើង​»​។​

​ជុង​ប៉ាក​(Jung Pak) ឧបការ​រី​រង​ក្រសួងការបរទេស​អាម៉េរិក​ទទួលបន្ទុក​អាស៊ី​ខាងកើត បាន​ប្រាប់​ក្រុម​ទីប្រឹក្សាផ្តល់យោបល់​អាម៉រិក​មួយថា «​មាន​និន្នាការ​ច្បាប់​និង​កើន​ឡើង​មួយ​ដែល​ថា​ចិនប្រជាមានិត​​បង្ករឿង​ប្រឆាំង​អ្នកអះអាង​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​រដ្ឋ​ដទៃ​ទៀត​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ស្របច្បាប់​នៅ​ក្នុង​តំបន់​នេះ​»​។​

​លោកស្រី ជុង​ប៉ាក ឧបការ​រី​រង​ក្រសួងការបរទេស​អាម៉េរិក​ទទួលបន្ទុក​អាស៊ី​ខាងកើត

​លោកស្រី បាន​ប្រាប់​មជ្ឈមណ្ឌល​សំរាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ថា យន្តហោះ​ចម្បាំង​ចិន​កាន់តែ​បង្កើន​ការហោះ​ស្ទាក់​មុខ​យន្តហោះ​យកការណ៍​អូស្ត្រាលី​បែប​មិន​មាន​សុវត្ថិភាព​នៅក្នុង​ដែន​អាកាស​​អន្តរជាតិ​លើ​សមុទ្រ​ចិន​ខាងត្បូង និង​កើតឡើង​ក្នុង​ឧបទ្ទវហេតុ​ដាច់​ដោយឡែក​ចំនួន​បី​លើក​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។​វា​រំខាន​ដល់​ការសិក្សា​ស្រាវជ្រាវ​សមុទ្រ​និង​សកម្មភាព​ធ្វើ​អាជីវកម្ម​ថាមពល​ក្នុង​​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ហ្វីលីពីន​។​

​លោកស្រី ជុង​ប៉ា​កបាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​មាន​ទំនាក់ទំនង​ស្មុគស្មាញ​ណាស់​មួយ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ហើយ​មិន​ព្យាយាម​ប្រឆាំង​អ្វី​គ្រប់​យ៉ាង​ដែល​ខ្លួន​ធ្វើ​នៅ​អាស៊ី​​អាគ្នេយ៍​និង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភព​កំពុងអភិវឌ្ឍន៍ទេ តែ​«​យើង​ចង់​ធានាថា ប្រទេស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ចិន ត្រូវមាន​ទាំង​ឧបករណ៍​ អំណាច​ហើយ​នឹង​លទ្ធភាព​ដើម្បី​ងើបឈរ​សំរាប់​ស្វ័យ​​ភាព​របស់​គេ​និង​ការសំរេចចិត្ត​ដោយ​ខ្លួនគេ​»​។​

​ថ្លែង​ក្នុង​វេទិកា​ដដែល អ៊ី​លី រ៉ា​ត​នឺ​(Ely Ratner) អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​សំរាប់​កិច្ចការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​និយាយថា មាន​ឧបទ្ទវហេតុ​រាប់សិប​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ ពាក់ព័ន្ធ​នឹង​យោធា​​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ជា​កំណើន​ខ្លាំង​មួយ​នៅក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ​។​

​លោក​ថា «​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កំពុង​ធ្វើតេស្តិ៍​ព្រំដែន​នៃ​ដំណោះស្រាយ​រួម​របស់​យើង​។​ក្នុង​ទស្សនៈ​របស់​ខ្ញុំ អំពើ​គឃ្លើន​និង​បែប​មិន​ទទួលខុសត្រូវ​នេះ​តំណាង​អោយ​ការ​គំរាម​សំខាន់បំផុត​ចំពោះ​សន្តិ​​ភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​នាពេល​បច្ចុប្បន្ន រួម​ទាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ហើយ​បើ​កងទ័ព​រំដោះប្រជាជន​ចិន​នៅ​តែ​ប្រព្រឹត្ត​បែប​នេះ វា​គ្រាន់តែ​ជា​បញ្ហា​នៃ​ពេលវេលា​ប៉ុណ្ណោះ​មុន​ផ្ទុះ​ឧបទ្ទវហេតុ​​ធំ​មួយ​នៅក្នុង​តំបន់​»​។ លោក​ចង់​និយាយ​សំដៅ​ទៅ​រក​កងកម្លាំងប្រដាប់អាវុធ​ចិន​។​

​អ៊ី​លី រ៉ា​ត​នឺ អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​យោធា​ចិន​កាន់តែ​«​ប្រព្រឹត្ត​គឃ្លើន​និង​មិន​ទទួលខុសត្រូវ​ឡើង​»​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​ថា​«​វា​គ្រាន់តែ​ជា​បញ្ហា​នៃ​ពេល​​វេលា​តែប៉ុណ្ណោះ​មុន​ឧបទ្ទវហេតុ​ធំ​មួយ​កើត​ឡើង​នៅ​ទីនោះ​»

​ការលើកឡើង​គួរអោយ​បារម្ភ​របស់​មន្ត្រី​អាម៉េរិក​ទាំង​ពីរ​រូប​កើតឡើង​មុន​ដំណើរ​ទស្សនកិច្ច​ដែល​អាច​នឹង​កើតមានឡើង​មួយ​របស់​ប្រធាន​សភា​អាម៉េរិក​ទៅកាន់​កោះ​តៃវ៉ាន់ និង​មុន​ជំនួប​រវាង​ប្រធានា​​ធិបតី​អាម៉េរិក​និង​ចិន​នៅ​សប្តាហ៍​នេះ ដែល​គេ​រំពឹងថា​នឹង​ពិភាក្សា​រក​វិធី​បញ្ចៀស​ការប្រកួតប្រជែង​គ្នា​ខាង​យុទ្ធសាស្ត្រ​រវាង​មហាអំណាច​ផុត​លេខ​ទាំងពីរ ។​

​វា​ក៏​កើត​ឡើង​នៅ​មុន​ជំនួប​រដ្ឋមន្ត្រីការបរទេស​អាស៊ាននិង​ដៃគូ រួម​មាន​អាម៉េរិក​នៅ​កម្ពុជា​នា​សប្តាហ៍​ក្រោយ​និងក្រោយពី​រដ្ឋមន្ត្រីការបរទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ បាន​និយាយថា សមុទ្រ​ចិន​ខាងត្បូង​មិនជា​«​សួន​ប្រមាញ់សត្វ​»​មួយ​សំរាប់​មហាអំណាច​មកពី​ក្រៅ​តំបន់ និង​ក៏​មិន​ជា​សង្វៀន​សំរាប់​ការប្រកួតប្រជែង​បស់​មហាអំណាច​ដែរ ។​

​លោក​រដ្ឋមន្រ្តីបាន​ទទូច​សុំ​អោយ​បណ្តា​ប្រទេស​អាស៊ាន​ច្រាន​ចោល​ការជ្រៀតជ្រែក​មក​ពី​ក្រៅ​។​

​ថ្លែង​នៅ​វេទិកា​មួយ​ដើម្បី​កត់សំគាល់​ខួប​ទី​២០​នៃ​ការចុះហត្ថលេខា​លើ​ការប្រកាស​ស្តីពី​ការ​ប្រតិបត្តិ​របស់​គូភាគី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​(DOC)​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០២ អ្នកការទូត​កំពូល​ចិន​រូបនេះ​​ក៏​បាន​ជំរុញ​អោយ​បណ្តា​រដ្ឋ​អាស៊ាន​សំរេចអោយបាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ចិន​ស្តីពី​ក្រម​ប្រតិបត្តិ​COC​សំរាប់​ផ្លូវទឹក​ប្រជែង​គ្នា​នេះ​៕

​រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី បាន​ពណ៌នា​ក្រម​ប្រតិបត្តិ​COC​ថា​ជា​គោលការណ៍​ណែនាំ​ផ្លូវ​ដើម្បី​ជួយ​គ្រប់គ្រង​ជម្លោះ​ក្នុង​លក្ខណៈ​អហិង្សា