​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការសិក្សា​ថ្មី​ចំនួន​ពីរ​បាន​ផ្តល់​ភស្តុតាង​បន្ថែមទៀតថា មេរោគ​កូរ៉ូ​ណា​មាន​ប្រភព​ចេញពី​ផ្សារ​នៅ​ទីក្រុង​អ៊ូ​ហាន (Wuhan)​ប្រទេស​ចិន​កន្លែង​ដែល​សត្វមានជីវិត​​ត្រូវ​បាន​លក់ដូរ ដោយ​ពង្រឹង​បន្ថែម​លើ​ទ្រឹស្តី​ដែល​ថា មេរោគ​នេះ​បាន​លេចចេញ​ពី​សត្វព្រៃ​ជាជាង​រត់គេច​ពី​មន្ទីរពិសោធន៍​ចិន​។​

​ការស្រាវជ្រាវ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កក្កដា​ដោយ​ទស្សនា​វ​ដ្តី Science បានបង្ហាញ​ថា ផ្សារ​លក់ដុំ​គ្រឿង​សមុទ្រ​ហួ​ណាន​ទំនងជា​ចំណុចកណ្តាល​ដំបូងបង្អស់​នៃ​ជំងឺ​រាតត្បាត​ដែល​ឥឡូវនេះ​​បាន​សម្លាប់​មនុស្ស​ជិត ៦,៤ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​សន្និដ្ឋានថា មេរោគ ដែល​បង្ក​ជា​ជំងឺ​កូវី​ដ​១៩ គឺ SARS-CoV-2​ទំនង​ជា​ឆ្លង​ពី​សត្វព្រៃ​មក​មនុស្ស​ក្នុង​ពេលវេលា​ពីរ​​ផ្សេងគ្នា​។​

​លោក គ្រី​ស្ទៀន អាន់​ឌឺ​សិន (Kristian Andersen) សាស្ត្រាចារ្យ​នៅ​នាយកដ្ឋាន​ភាពស៊ាំ​និង​មីក្រូ​ជីវវិទ្យា​នៅ​មណ្ឌល​ស្រាវជ្រាវ​ស្គ្រីប (Scripps Research)​និង​ជា​អ្នកនិពន្ធ​នៃ​ការសិក្សា​មួយ​​ក្នុងចំណោម​ពីរ បាន​និយាយថា “​ភស្តុតាង​ទាំងអស់នេះ​ប្រាប់​យើង​នូវ​រឿង​ដូចគ្នា ៖ វា​ចង្អុល​ទៅ​ផ្សារ​នៅ​កណ្តាល​ទីក្រុង​អ៊ូ​ហាន​។​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​ពិតជា​ជឿជាក់​លើ​ការ​លេច​ធ្លាយ​ពី​មន្ទីរពិសោធន៍​រហូតដល់​​យើង​ស្រាវជ្រាវ​រឿង​នេះ​ដោយ​ប្រុងប្រយ័ត្ន​ហើយ​មើល​វា​កាន់តែ​កៀក​”​។​

​នៅក្នុង​ការសិក្សា​មួយ ដែល​រួម​បញ្ចូល​គ្នា​នូវ​ទិន្នន័យ​ប្រមូលបាន​ដោយ​អ្នកវិទ្យាសាស្ត្រ​ចិន អ្នកជំនាញ​ជីវវិទ្យា​វិវត្តន៍​នៃ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា​លោក ម៉ៃ​ឃើ​ល វ៉ូ​រ៉ូ​បេ (Michael Worobey)​និង​​សហការី​របស់​គាត់ គឺ​ប្រើ​ឧបករណ៍​គូស​ផែនទី​ដើម្បី​ប៉ាន់​ប្រមាណ​ទីតាំង​ជាង ១៥០ នៃ​ករណី​កូវី​ដ​១៩ ដែល​បាន​រាយការណ៍​ដំបូង​បំផុត​ចាប់ពី​ខែ​ធ្នូ ឆ្នាំ ២០១៩​។ ​ពួកគេ​ក៏​បាន​គូស​ផែនទី​ករណី​ឆ្លង​ពី​ខែ​មករា​និង​កុម្ភៈ​ឆ្នាំ​២០២០​ផងដែរ ដោយ​ប្រើ​ទិន្នន័យ​ពី​កម្មវិធី​បណ្តាញ​សង្គម​មួយ ដែល​បាន​បង្កើត​ឆា​នែ​ល​សម្រាប់​អ្នក​ដែល​មានកូ​វីដ​១៩ ដើម្បី​ទទួលបាន​ការជួយ​។​

​លោក​វ៉ូ​រ៉ូ​បេបាន​និយាយ​នៅក្នុង​សន្និសីទសារព័ត៌​មាន​មួយ​ថា ពួកគេ​បាន​សួរថា “​ក្នុងចំណោម​ទីតាំង​ទាំងអស់​ដែល​ករណី​ដំបូង​អាច​កើតឡើង តើ​ពួកគេ​រស់នៅ​ឯ​ណា​? ហើយ​វា​បានបង្ហាញ​ថា​នៅពេលដែល​​យើង​អាច​ពិនិត្យ​មើល​ចំណុច​នេះ គឺ​មាន​គំរូ​ដ៏​មិនធម្មតា​មួយ ដែល​ដង់ស៊ីតេ​ខ្ពស់​បំផុត​នៃ​ករណី​ឆ្លង​គឺ​ស្ថិតនៅ​ជិត​បំផុត​និង​នៅ​ជុំវិញ​ផ្សារ​នេះ​តែម្តង​។ អ្វី​ដែល​សំខាន់​គឺ​ពិនិត្យ​ករណី​ឆ្លង​ក្នុង​ខែធ្នូ​និង​ករណី​​ឆ្លង​ដែល​មិន​មាន​ទំនាក់ទំនង​ទៅ​នឹង​ផ្សារ​នេះ​…​ហើយ​នេះ​គឺជា​សញ្ញា​បង្ហាញ​ថា មេរោគ​បានចាប់ផ្តើម​ឆ្លង​ក្នុងចំណោម​មនុស្ស​ដែល​ធ្វើការ​នៅ​ផ្សារ​នេះ​រួចហើយ​ប៉ុន្តែ​បន្ទាប់មក​បាន​ចាប់ផ្តើម​ឆ្លង​រាលដាល​​ទៅក្នុង​សហគមន៍​មូលដ្ឋាន​”​។​

​លោក​អាន់​ឌឺ​សិន​បាន​និយាយថា ពួកគេ​បាន​រកឃើញ​ចង្កោម​ករណី​ឆ្លង​នៅក្នុង​ផ្សារ​នេះ​ផង​ដែរ​”​ហើយ​ចង្កោម​នេះ​គឺ​ពិត​ណាស់​កើត​ឡើង​ជា​ពិសេស​នៅក្នុង​ផ្នែក​មួយ​នៃ​ផ្សារ​”​ដែល​ឥឡូវនេះ​គេ​ដឹងថា​ជា​​កន្លែង​ដែល​មនុស្ស​កំពុង​លក់ដូរ​សត្វព្រៃ ដូច​ជា​សត្វ​ឆ្កែ​រ៉ាក់​ឃូន (Raccoon ស្រដៀង​កញ្ជ្រោង​ព្រៃ​) ដែល​ងាយ​នឹង​ឆ្លង​វីរុស​កូរ៉ូណា​បំផុត​៕

អ្នកក្រុង​អ៊ូ​ហាន​តម្រង់​ជួរ​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​កាលពី​ថ្ងៃទី​៣​សីហា​ឆ្នាំ​២០២១

​ការសិក្សា​ថ្មី​ចំនួន​ពីរ​បាន​ផ្តល់​ភស្តុតាង​បន្ថែមទៀតថា មេរោគ​កូរ៉ូ​ណា​មាន​ប្រភព​ចេញពី​ផ្សារ​នៅ​ទីក្រុង​អ៊ូ​ហាន