ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ លោកស្រី ប៉េង លីយួន (Peng Liyuan) ភរិយារបស់ប្រធានាធិបតីចិនស៊ី ជីនភីង កាលពីថ្ងៃអង្គារទី ២៦ កក្កដា បានជួបជាមួយជំទាវទីមួយឥណ្ឌូនេស៊ី លោកស្រី អៀរីយ៉ាណា ចូកូ វីដូដូ (Iriana Joko Widodo) នៅឯលំនៅដ្ឋានរដ្ឋទាវយូតាយ (Diaoyutai) ក្នុងទីក្រុងប៉េកាំង។
លោកស្រីប៉េងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីអៀរីយ៉ាណា ដែលកំពុងអមដំណើរប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូក្នុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសចិនហើយអ្នកទាំងពីរបានរំលឹកអនុស្សាវរីយ៍ដ៏សប្បាយរីករាយនៃជំនួបកាលពីលើកមុនរបស់ពួកគេ។
លោកស្រីប៉េងបាននិយាយថា ក្នុងនាមជាអ្នកជិតខាងដ៏សំខាន់ ប្រជាជនចិននិងឥណ្ឌូណេស៊ីមានទំនាក់ទំនងមិត្តភាពជាមួយប្រវត្តិសាស្ត្រដ៏យូរអង្វែង។
លោកស្រីបាននិយាយថា ប្រទេសទាំងពីរបានឃើញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដ៏រឹងមាំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះហើយឥណ្ឌូនេស៊ីគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមទីពីរសម្រាប់ភ្ញៀវទេសចរចិន។
លោកស្រីអៀរីយ៉ាណាបាននិយាយថា លោកស្រីពិតជារីករាយណាស់ដែលបានឃើញមិត្តភក្តិចាស់ៗនៅទីក្រុងប៉េកាំងនិងថ្លែងអំណរគុណដល់លោកប្រធានាធិបតីស៊ីនិងលោកស្រីប៉េងសម្រាប់បដិសណ្ឋារកិច្ចរបស់ពួកគេ។
លោកស្រីស្វាគមន៍ភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាប្រទេសឥណ្ឌូនេស៊ី ហើយនិយាយថាលោកស្រីសង្ឃឹមមានមិត្តភាពយូរអង្វែងរវាងឥណ្ឌូនេស៊ីនិងចិន៕
លោកស្រីប៉េង លីយួនជួបជាមួយជំទាវទីមួយឥណ្ឌូនេស៊ី លោកស្រី អៀរីយ៉ាណា ចូកូ វីដូដូ នៅឯលំនៅដ្ឋានរដ្ឋទាវយូតាយ (Diaoyutai) ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ