ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​: មេបញ្ជាការ​វរ​សេនា​ធំ​ប្រឆាំង​ភេរវកម្ម នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ ពិសេស កងទ័ព​ហ្វីលីពីន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​នី​កូ អេ​ស្តូ​តា អា​បាង បាន​ដឹកនាំ​គណៈប្រតិភូ ធ្វើដំណើរ​ទៅ​ទស្សនកិច្ច នៅ​តំបន់​សាលា​ហ្វឹកហ្វឺន តេ​ជោ​សែន ជុំ​គិរី ស្ថិតក្នុង​ស្រុក​ជុំ​គិរី ខេត្តកំពត និង​មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ កងពលតូច​លេខ​៧០ ស្ថិតក្នុង​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២​។

​តប​តាម​ការអញ្ជើញ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ​កងពលតូច​លេខ​៧០ ប្រតិភូ​កងទ័ព​ហ្វីលីពីន បានធ្វើ​ដំណើរ ទៅ​ទស្សនកិច្ច នៅ​តំបន់​សាលា​ហ្វឹកហ្វឺន តេ​ជោ​សែន ជុំ​គិរី ស្ថិតក្នុង​ស្រុក​ជុំ​គិរី ខេត្តកំពត និង​មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ កងពលតូច​លេខ​៧០ ស្ថិតក្នុង​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២​។

​ប្រតិភូ​កងទ័ព​ហ្វីលីពីន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​នី​កូ អេ​ស្តូ​តា អា​បាង មេបញ្ជាការ​វរ​សេនា​ធំ​ប្រឆាំង​ភេរវកម្ម នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស កងទ័ព​ហ្វីលីពីន (LIGHT REACTION REGIMENT SOCOMAFP) អមដំណើរ​ដោយ​លោក វរសេនីយ៍ឯក ហៃ សម​ឧ​ត្ត​ម​សក្តិ មេបញ្ជាការ​វរ​សេនា​តូច​ពិសេស​ប្រឆាំង​ភេរវកម្ម កងពលតូច​លេខ​៧០ បាន​ទៅ​ទស្សនកិច្ច នៅ​តំបន់​សាលា​ហ្វឹកហ្វឺន តេ​ជោ​សែន ជុំ​គិរី និង​មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ កងពលតូច​លេខ​៧០ ដើម្បី​សិក្សា​អំពី​ទីតាំង​ភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​តម្រូវការ​ហ្វឹកហ្វឺន​ជំនាញ​ផ្សេងៗ របស់​កងពល​តូ​ចលេ​ខ​៧០​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់ ប្រតិភូ​កងទ័ព​ហ្វីលីពីន នាពេលនេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​អនុវត្ត​ទិសដៅ កិច្ចសហប្រតិបត្តិការ ដែល​បាន​ឯកភាពគ្នា កន្លងមក ឲ្យ​សម្រេច​បានជា​ផ្លែផ្កា រួមជាមួយ​ការបន្ត​អនុវត្ត​ទិសដៅ កិច្ចសហប្រតិបត្តិការ សំខាន់ៗ​មួយចំនួន ដូចជា​ល័ក្ខខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ (ToR) ការហ្វឹកហ្វឺន​ធនធានមនុស្ស និង​ការធ្វើ​លំ​ហាត់​រួមគ្នា​ជាដើម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​នី​កូ អេ​ស្តូ​តា អា​បាង មេបញ្ជាការ​វរ​សេនា​ធំ​ប្រឆាំង​ភេរវកម្ម បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស កងទ័ព​ហ្វីលីពីន (Light Reaction Regiment SOCOMAFP) បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក និង​ជា​មេបញ្ជាការ កងពលតូច​លេខ​៧០ នៅ​ទីបញ្ជាការ​កងពលតូច​លេខ​៧០ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២​។

​ក្នុងឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការអញ្ជើញ​ញ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​នី​កូ អេ​ស្តូ​តា អា​បាង ដែល​បានមក​បំពេញ​ទស្សនកិច្ច នៅ​កងពលតូច​លេខ​៧០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បានបញ្ជាក់​ថាៈ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន តែង​បាន​ប្រកាន់ខ្ជាប់​នូវ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ហើយ​តទៅ​អនាគត នឹង​បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ ដែលមាន​ស្រាប់ ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ យូរអង្វែង ដើម្បី​ភាព​សុខដុម​នៃ​ប្រទេស​ទាំងពីរ​។​

​ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​នី​កូ អេ​ស្តូ​តា អា​បាង បាន​ថ្លែងអំណរគុណ ចំពោះ​លោក មេបញ្ជាការ​កងពល ដែល​បានទទួល​លោក និង​សហការី យ៉ាង​កក់ក្តៅ ព្រមទាំង​បាន​លើក​បង្ហាញ ពី​ចំណងទាក់ទង​មិត្តភាព រវាង​ប្រទេស​ទាំងពីរ កាន់តែ​រឹងមាំ​ទ្វេដង​៕/V​