​បុរស​ចិន​២​ក្រុម​ស្រវឹងស្រា​វាយ​ដណ្តើម​ស្រី​គ្នា​ផ្អើល​ពេញ​ក្លិប​ឌី​ស្កូ​

1479
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ប៉ូលីស​ឃាត់ខ្លួន បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុងចំណោម​បក្ខពួក​ពីរ​នាក់ ដែល​បង្ក​ហឹ​ង្សា កាប់​ចាក់​ជាមួយ​ភាគី​ជម្លោះ​ម្ខាង​ទៀត​ជា​ជន​ជាតិចិន​ដូចគ្នា នៅក្នុង​ក្លិប​ឌី​ស្កូ មួយកន្លែង​ក្នុង​ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៣ មិថុនា ឆ្នាំ​២០១៨ មាន​ករណី​បុរស​ចិន​២​ក្រុម​ប្រើ​អំពើហិង្សា​កាប់​ចាក់​គ្នា​នៅក្នុង​ក្លិប​ឌី​ស្កូ​មួយកន្លែង បន្ទប់​លេខ​០២ ស្ថិតក្នុង​ក្រុមទី​៨ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ក្រុង​-​ប៉ុស្តិ៍ និង​កម្លាំង​អន្តរាគមន៍​ពិសេស​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ជាបន្ទាន់​។ ពេលនោះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​ម្នាក់ទៀត​រត់គេចខ្លួន ។​មាន​ជនជាតិ​ចិន​២​នាក់​រងរបួស​ហូរឈាម​ស្រោច​ពេញ​ខ្លួន ដេក​ដួល​នៅក្នុង​ក្លឹប​ឌី​ស្កូ​នោះ ដោយសារ​រង​នូវ​ការប្រើ​កាំបិត​កាប់​ពី​សំណាក់​ភាគី​ម្ខាង​ទៀត​។ តែ​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ ។​

​ក្នុងករណី​អំពើហិង្សា​នេះ​តាម​ចម្លើយ​ពី​ជនរងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា មូលហេតុ​បណ្តាលមកពី​ផឹកស៊ី​ស្រវឹង​ទំនាស់​ពាក្យសម្តី​ដណ្តើម​ស្រី​គ្នា ទើប​បណ្តាលឱ្យ​ឈានទៅដល់​ការប្រើ​អំពើហិង្សា​កាប់​ចាក់​គ្នា​តែម្តង ។ ជនរងគ្រោះ​២​នាក់ ម្នាក់​ឈ្មោះ Jian Lu ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជន​ជាតិចិន បាន​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​ឈ្មោះ Zhang Tian ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជន​ជាតិចិន បាន​រងរបួស​ស្រាល ។​

​ជនរងគ្រោះ​ទាំង​២​នាក់​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។ ចំណែក​ជនសង្ស័យ​ម្នាក់​បាន​រត់​គេចខ្លួនបាត់​។ រីឯ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ Huang Bing ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ព្រមទាំង​វត្ថុតាង​រួមមាន ដាវ និង​កាំបិត​ចំនួន​៧​ដើម ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕S/

បុរស​ចិន​២​ក្រុម​ស្រវឹងស្រា​វាយ​ដណ្តើម​ស្រី​គ្នា​ផ្អើល​ពេញ​ក្លិប​ឌី​ស្កូ​

ទីតាំងផ្សាយពាណិជ្ជកម្ម