ប្រែសម្រួលៈបំណង (XINHUA,ST)៖យោធាចិននឹងមិនអង្គុយនៅស្ងៀមឡើយបើសិនជាប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី(Nancy Pelosi)នៅតែចចេសទៅធ្វើទស្សនកិច្ចកោះតៃវ៉ាន់ នេះបើតាមការព្រមានមួយចេញពីអ្នកនាំពាក្យយោធាចិនកាលពីថ្ងៃអង្គារ។
វរសេនីយ៍ឯក តាន់ កេហ្វេយ(Tan Kefei) អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការព្រមានដូច្នេះជាការឆ្លើយតបទៅនឹងសំណួរអ្នកកាសែតមួយពាក់ព័ន្ធនឹងបញ្ហានេះ។
លោកវរសេនីយ៍តាន់បាននិយាយថា ចិនទាមទារអោយអាម៉េរិកគោរពការសន្យារបស់ខ្លួនថា«មិនគាំទ្រឯករាជ្យភាពតៃវ៉ាន់»។លោកបានបន្ថែមថា បើភាគីអាម៉េរិកនៅតែបន្តផែនការទស្សនកិច្ចនេះ នោះយោធាចិននឹងចាត់វិធានការខ្លាំងក្លាដើម្បីរារាំងអន្តរាគមន៍ពីខាងក្រៅ ឬផែនការរបស់ពួកផ្តាច់ខ្លួនទាមទារឯករាជ្យតៃវ៉ាន់ ហើយប្តេជ្ញាការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន»។
លោកតាន់បានកត់សំគាល់ថា ភាគីចិនបានបញ្ជាក់ទៅអាម៉េរិកច្បាស់ណាស់ថាខ្លួនប្រឆាំងនឹងដំណើរទស្សនកិច្វរបស់លោកស្រី ផេឡូស៊ី នៅកោះតៃវ៉ាន់ តែបើនៅតែចចេសទៅទស្សនកិច្ចវា«រំលោភលើគោលការណ៍ចិនមួយនិងសេចក្តីប្រកាសរួមគ្នាចំនួនបីរវាងចិននិងអាម៉េរិក ប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិនព្រមទាំងបំផ្លាញគ្រឹះនយោបាយនៃទំនាក់ទំនងចិន-អាម៉េរិក»។
អ្នកនាំពាក្យក្រសួងការពារជាតិចិន វរសេនីយ៍ឯក តាន់ កេហ្វេយ
ចំពេលយោធាចិនចេញការព្រមានដូច្នេះ ពួកមន្ត្រីអាម៉េរិកបាននិយាយថា មានការបារម្ភតិចតួចទេដែលថា យោធាចិនអាចនឹងវាយប្រហារលើយន្តហោះរបស់លោកស្រី ផេឡូស៊ី បើសិនជាលោកស្រីធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ តែលោកស្រីប្រធានសភានឹងឈានចូលចំណុចក្តៅបំផុតមួយរបស់ពិភពលោក កន្លែងដែលការយល់ខុសឬការចាត់វិធានការខុសណាមួយអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់លោកស្រី។ ដូច្នេះ ក្រសួងការពារជាតិអាម៉េរិកកំពុងបង្កើតផែនការយថាហេតុណាមួយ។
ពួកមន្ត្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានAPថា ដំណើររបស់លោកស្រីផេឡូស៊ី ស្ថិតក្នុងភាពមិនទាន់ច្បាស់នៅឡើយទេតែយោធានឹងបង្កើនការចល័តទ័ពនិងគ្រឿងយោធារបស់ខ្លួននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តែបដិសេធមិនផ្តល់ព័ត៌មានលម្អិត ដោយមន្ត្រីយោធាម្នាក់បាននិយាយថាការចេញក្រៅប្រទេសរបស់មន្ត្រីជាន់ខ្ពស់អាម៉េរិកណាមួយ វាទាមទារការត្រៀមសន្តិសុខបន្ថែម។
កាលពីថ្ងៃអង្គារនេះដែរ ប្រធានាធិបតីតៃវ៉ាន់បានឡើងលើនាវាចម្បាំងមួយនិងប្រកាសការពារកោះនេះក្នុងពេលលោកស្រីត្រួតបញ្ជាសមយុទ្ធកងទ័ពជើងទឹកនិងអាកាសប្រចាំឆ្នាំដ៏ធំ។
ប្រធានាធិបតីផ្តាច់ខ្លួននិយមតៃវ៉ាន់ សាយ អ៊ីនវិន ឡើងនាវាចម្បាំងនិងបញ្ជាសមយុទ្ធប្រចាំឆ្នាំកាលពីថ្ងៃអង្គារ
សមយុទ្ធហាត់វាយរុញច្រានការកម្លាំងឈ្លានពាននេះ ត្រូវបានធ្វើឡើងជួនពេលគ្នានឹងសមយុទ្ធទ័ពអាកាសនៅទូទាំងកោះ ដើម្បីត្រៀមប្រយុទ្ធក្នុងករណីមានការវាយប្រហារមកពីចិន។
ចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួន ដែលត្រូវតែនាំមកបង្រួបបង្រួមជាមួយចិនដីគោកឡើងវិញនៅពេលណាមួយ និងអាចប្រើកម្លាំងយោធាក្នុងករណីចាំបាច់។តែក្នុងពេលជាមួយគ្នាអាជ្ញាធរក្រុងតៃប៉ិះ (តៃវ៉ាន់) បដិសេធការអះអាងអំពីអធិបតេយ្យភាពរបស់ចិនប៉េកាំងនិងប្តេជ្ញាការពារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់កោះនេះ ក្រោមការធានាការពារពារនិងផ្គត់ផ្គង់សព្វាវុធពីអាម៉េរិក៕
សមយុទ្ធប្រចាំឆ្នាំរបស់កោះតៃវ៉ាន់កើតឡើងចំពេលអាម៉េរិកនិងចិនព្រមានអំពីការប៉ះទង្គិចប្រដាប់អាវុធដោយសារតែតៃវ៉ាន់និងសមុទ្រចិនខាងត្បូង។ លំហាត់យោធានេះមានការចូលរួមពីនាវាចម្បាំង២០គ្រឿង យន្តហោះF-16 និងយន្តហោះផលិតក្នុងស្រុកChing-kuo