ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​នៅ​ភូមិ​ត្រពាំង​ក្រសាំង​បើកមុខ​ទឹក​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​

1296
ចែករម្លែក

(​ភ្នំពេញ​)៖​អង្គភាព​លូទឹក​-​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ដាក់​គ្រឿងចក្រ​ចុះ​កាយ​ប្រឡាយ​១​ខ្សែ នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រ​ពាំ​ក្រសាំង​ដើម្បី​បើកមុខ​ទឹក រំដោះ​ជំនន់​ទឹកភ្លៀង​ជូន​ប្រជា​ពលរដ្ឋ ទៅតាម​ការណែនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​
​ ​
​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​នេះ​លោក ដួង ចាន់​សារ៉ាត់​ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ប្រឡាយ​ភូមិ​ត្រពាំង​ក្រសាំង​ដែល​បាន​កាយ​បើក​មុខទឹក​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ជំនន់​ទឹកភ្លៀង ចេញពី​សង្កាត់​កំបូល​និង​តំបន់​ក្បែរ​ខាង ហូរ​ទៅកាន់​ប្រឡាយ​មេ​ស្រប​ផ្លូវ​រថភ្លើង​។​ប្រឡាយ​នេះ​មាន​ទំហំ​២​ម៉ែត្រ​ប្រវែង​៤៥០​ម៉ែត្រ ។​
​ ​
​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ និង​សេង គន្ធ អភិបាលរងខណ្ឌ​រួមជាមួយ​លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក​បូមទឹក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ និង​សិក្សារ​ពី​លទ្ធភាព​ដើម្បី​កាយ​ប្រឡាយ​រំដោះ​ទឹក​ដែល​កំពុង​ជន់​លិច​ក្នុងភូមិ​សាស្ត្រ សង្កាត់​កំបូល ត្រពាំង​ក្រសាំង​កាត់បន្ថយ​ការលិចលង់​នៅពេល​ខាងមុខ​។​

​គួរ​បញ្ជាក់ថា ភូមិ​ប្រជាពលរដ្ឋ និង​ស្រូវ​ជាច្រើន​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ខាងលើ​កំពុង​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​៕​ដោយ​៖​រ៉ា​ម៉ន​

ទីតាំងផ្សាយពាណិជ្ជកម្ម