​ដោយៈ ទេព មង្គល / ភ្នំពេញៈ យោងតាម​សេចក្ដី​ជូន​ព័ត៌មាន​មួយ ដែល​ចុះហត្ថលេខា ដោយ​លោកសាស្រ្តាចារ្យ​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៧ ខែកក្កដា នេះ បានឱ្យដឹងថា ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ច្រានចោល​ទាំងស្រុង នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត​ថា មាន​ស្ត្រី​មានផ្ទៃពោះ​ម្នាក់ នៅ​ខេត្តសៀមរាប មាន​កើត​ជំងឺ​អុត​ស្វា ។​

​ក្រសួងសុខាភិបាល តាមរយៈ​សេចក្ដី​ជូន​ព័ត៌មាន​នេះ បាន​សូម​ជម្រាបជូន​សាធារណជន ទាំងអស់ ឱ្យបាន​ជ្រាបថា មន្ទីរពេទ្យ​ខេត្តសៀមរាប បានទទួល​អ្នកជំងឺ​ម្នាក់ ដែលជា​ស្ត្រី​មាន​ផ្ទៃពោះ ៨​ខែ អាយុ ២៣​ឆ្នាំ មាន​អាស័យដ្ឋាន នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ស្ត្រី​រូបនេះ មាន​រោគសញ្ញា ចេញ​ពងទឹក នៅលើ​ដើមទ្រូង និង​ដៃ (​ស្រដៀង​ទៅនឹង​ជំងឺ​អុត​ស្វា​) ដែល​ស្វាមី​បាន​នាំមក​ពិនិត្យ ព្យាបាល​ជំងឺ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២​។

​ប្រភព​ដដែល បាន​អះអាងថា ក្រុមគ្រូពេទ្យ​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល ខេត្តសៀមរាប ដោយបាន​សហការ ជាមួយ​ក្រុមគ្រូពេទ្យ​ឆ្លើយតប​បន្ទាន់ របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​ចុះទៅ​សាកសួរ​ពិនិត្យ ស្ថានភាព​អ្នកជំងឺ​ផ្ទាល់ និង​បាន​យក​វត្ថុ​សំណាក របស់​អ្នកជំងឺ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​យកទៅ​ពិនិត្យ​វិភាគ នៅ​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​កម្ពុជា ដោយ​ទទួលបាន​លទ្ធផល អវិជ្ជមាន​វីរុស​អុត​ស្វា នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២​។ បច្ចុប្បន្ននេះ គាត់​មាន​ស្ថានភាព​វិវត្តន៍ ទៅរក​ការធូរស្រាល​ជា​បណ្តើរៗ ក្រោម​ការជួយ​ពិនិត្យ តាមដាន និង​ព្យាបាល​ជំងឺ​នេះ ជូន​គាត់ ដោយ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។

​ក្រសួងសុខាភិបាល បានលើកឡើង​ថាៈ អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​សាធារណជន មេត្តា​ជ្រាប និង​សូម​ចូលរួម​អនុវត្ត​វិធានការ ការពារ​ការចម្លង វីរុស​អុត​ស្វា​ទាំងអស់គ្នា តាម​ការណែនាំ​របស់​ក្រសួង ដែល​បានចេញ​ផ្សាយ ជារឿយៗ មកហើយ​។ ប្រសិនបើ​មាន​ចម្ងល់​លើ​ករណីនេះ ឬ​សំរាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង លេខ​ទូរស័ព្ទ ១១៥ ឬ​តាម​លេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៨៣៦ ៨៦៨ ឬ ០១២ ៩៥៨ ១៧៩ ៕/V