​ដោយៈ ប​.​ខុន / ភ្នំពេញៈ អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា ពេល​ថ្ងៃ ស្ថិតក្រោម​ឥទ្ធិពល សម្ពាធ​ទាប​ខ្សោយ នាំឱ្យមាន​ភ្លៀង ធ្លាក់​ពី​តិច​ទៅ​ច្រើន ដែលជា​ភ្លៀង​កកើត នៅក្នុង​តំបន់ មិន​រាយប៉ាយ​ស្មើ ដល់ពេល​យប់ ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប​មួយ រុញ​មកពី​ភាគ​អាគ្នេយ៍ នៃ​ទីក្រុង​ហូជីមិញ ។ ចំពោះ​វិ​សម្ពាធ​មួយ ដែល​កើតមាន​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត ឆ្ងាយ​ពី​ប្រទេស​ហ្វីលីពីន អាច​វិ​វត្ត​ទៅជា​ព្យុះ តែ​មិន​ដើរចូល ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទេ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២​ថាៈ ប្រទេស​កម្ពុជា នៅថ្ងៃនេះ ស្ថិតក្រោម​តំបន់​ឥទ្ធិពល​សម្ពាធ​ទាប ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ ពី​តិច​ទៅ​ច្រើន មិន​រាយប៉ាយ​ស្មើ ដែល​បង្កឡើង ដោយ​សម្ពាធ​ទាប កកើតឡើង​នៅនឹងកន្លែង​។ តែ​ដល់​ពេលយប់ ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប​មួយ រុញ​មកពី​ភាគ​អាគ្នេយ៍ នៃ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បានបញ្ជាក់​ថាៈ សម្ពាធ​ទាប​តូចៗ កកើតឡើង នៅក្នុង​តំបន់​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​កន្លែង ជាមួយនឹង​ផ្គរ​រន្ទះ​ច្រើន និង​នៅពេល​យប់ ស្ថិតក្រោម​ឥទ្ធិពល​សម្ពាធ​ទាប រុញ​មកពី​ភាគ​អាគ្នេយ៍​ទីក្រុង​ហូជីមិញ នៃ​ប្រទេស​វៀតណាម​។ ចំណែក​វិ​សម្ពាធ​មួយ ដែល​ទើប​កកើត​មាន នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ស្ថិតនៅ​ខាងកើត ឆ្ងាយ​ពី​ប្រទេស​ហ្វីលីពីន អាច​នឹង​វិ​វត្ត​ទៅជា​ព្យុះ តែ​មិន​ដើរ​ចូលមក ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទេ​។ មន្ត្រី​ជំនាញ កំពុងធ្វើការ​តាមដាន ការ​ប្រែ​ប្រ​យលរ​បស់ បាតុភូត​នេះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៦ ខែកក្កដា បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២៧ ខែកក្កដា ដល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៧ ដល់ ៣១ ខែកក្កដា នឹង​ឥទ្ធិពល ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ នៅ​ថ្ងៃទី​១ និង​ទី​២ ខែសីហា ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) និង​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ខ្សោយ បង្កឱ្យមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​ស​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ៕/V​