ដោយៈ ជា សីហៈ/ភ្នំពេញៈ តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់ដីសើមមួយដែលនៅសេសសល់ធំជាងគេក្នុងដីសណ្ដរមេគង្គក្រោមលាតសន្ធឹងជាប់ព្រុំប្រទល់កម្ពុជា វៀតណាមនៅតែបន្តមានវត្តមានសត្វបក្សីដែលជិតផុតពូជ ។
តាមសេចក្តីរាយការណ៍របស់អង្គការកម្មវិធីសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជាបានអះអាងថា តំបន់ដីសើមមួយនេះ មានសក្ដានុពលទ្រទង់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈការផ្ដល់សេវាកម្មអេកូឡូស៊ីដែលមានតម្លៃប្រមាណជាង ២លានដុល្លាក្នុងមួយឆ្នាំៗ។ សត្វក្រៀល ដែលជាប្រភេទរងគ្រោះជាសកល និងចាបព្រៃវែងដែលជាប្រភេទជិតផុតពូជបំផុតលើពិភពលោកក៏មានវត្តមានក្នុងតំបន់នេះផងដែរ និងមានសត្វស្លាបផ្សេងៗទៀតប្រមាណជាង១០០ប្រភេទ ត្រូវបានកត់ត្រាបាន។
តំបន់បឹងព្រែកល្ពៅក៏កំពុងស្ថិតក្រោមការ ប្រែក្លាយជាតំបន់រ៉ាមសារ ទី០៦ក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងគោលបំណងគ្រប់គ្រងតំបន់នេះអោយមានប្រសិទ្ធភាពពិសេសដើម្បីទប់ស្កាត់បទល្មើសនានា អង្គការជីវិតធម្មជាតិនៅកម្ពុជាបានគាំទ្រដល់មន្ដ្រីឧទ្យានុរក្សដើម្បីធ្វើការល្បាតអនុវត្តច្បាប់ជាប្រចាំ។
ដោយឡែកក្នុងឆមាសទី១ (ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២)កន្លងទៅមន្ដ្រីឧទ្យានុរក្សប្រចាំតំបន់ បានចុះបង្ក្រាប បទល្មើស ជាច្រើនករណីព្រមទាំងអប់រំផ្សព្វផ្សាយដល់ប្រជាពរដ្ឋជុំវិញផងដែរ ។ ក្នុងនោះដែរ ករណីបោះបង្គោលព្រំដីខុសច្បាប់ ចំនួន ០៣ករណី ត្រូវបានក្រុមអនុវត្តន៍ច្បាប់ចុះកំទេចចោល, រៀបចំសំណុំរឿងករណីឈូសឆាយដីសើម០១ករណី (១០ហិកតា), ពន្លត់ភ្លើងឆេះវាលស្មៅ ០១ករណី (០.៤១ហិកតា) និងដកហូតអាំថវ៉ិចទ័រឆក់ត្រី ២គ្រឿង។
បញ្ហាចំនួនក្របីចូលឃ្វាលច្រើនហួសកំរិតធ្វើអោយខូចខានប្រព័ន្ធអេកូឡូស៊ីបានកំពុងកើតមានឡើងក្នុងតំបន់ការពារនេះ ដោយក្របីរាប់រយក្បាល ត្រូវបានក្រុមឈ្មួញយកទៅឃ្វាលក្នុងតំបន់ មកពីតំបន់ផ្សេង ដែលធ្វើអោយប៉ះពាល់ដល់ កិច្ចការដាំស្ដាព្រៃលិច ទឹក ការស្ដាវាលស្មៅធម្មជាតិ ព្រោះក្របីមានចំនួនច្រើនពេក៕