​ភ្នំពេញ​៖ សមាគម​មូលនិធិ​គ្រួសារ​ខ្មែរកាលពី​ចុង​សប្តាហ៍​មុន បានប្រកាស​បើកសម្ពោធ​ជា​ផ្លូវការ​កម្មវិធី“​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ​”ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ តំណាង​ក្រសួងមហាផ្ទៃ ឆ្លើយតប​តាម​ការអញ្ជើញ​របស់ ឯកឧត្ដម នូវ សុខភាព ប្រធាន​សមាគម​មូលនិធិ​គ្រួសារ​ខ្មែរ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា​។ នៅក្នុង​ពិធី​ដ៏​មហោឡារិក និង​អធិកអធម​នេះ​ផងដែរ ឯកឧត្ដម នូវ សុខភាព ប្រធាន​សមាគម​មូល និធិ​គ្រួសារ​ខ្មែរ និងឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍បានផ្ដល់​មតិ​ស្វាគមន៍និង​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី ព្រមទាំង​ ផ្ដល់​កិត្តិយស​កាត់​ខ្សែបូរ បើកសម្ពោធ​ជា​ផ្លូវការ​កម្មវិធី​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ​។​

​កម្មវិធី​នេះ​ក៏មាន​ការចូលរួម​ពី​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ក្រសួងពាណិជ្ជកម្ម ផងដែរ ។​

​ឯកឧត្ដម នូវ សុខភាព ប្រធាន​សមាគម​មូលនិធិ​គ្រួសារ​ខ្មែរ បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​កម្មវិធី​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ យ៉ាង​ដូច្នេះ​ថា​៖​កន្លងមក សមាគម​មូលនិធិ​គ្រួសារ​ខ្មែរ​បាន​សិក្សា​ក្នុង​ការរៀបចំ​កែតម្រូវ​យុទ្ធសាស្ត្រ​ទីផ្សារ​និង​បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ​នាពេលនេះ ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​អំពី​ទិសដៅ និង​បេសកកម្ម​របស់​សមាគម​ឲ្យ​កាន់តែ​ផុលផុស ព្រមទាំង​បង្កើន​នូវ​សេចក្ដី​ជឿជាក់ និង​ទំនុកចិត្ត​ដើម្បី​ទាក់ទាញ​វិនិយោគិន​ដែលមាន​ធនធាន​ឲ្យ​ចូលមក​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា​វិស័យ​អចលនទ្រព្យ​ផ្ដោត​សំខាន់​លើ​លំនៅឋាន និង​លំហែ​ជាដើម​។ ឯកឧត្ដម នូវ សុខភាព ប្រធាន​សមាគម​មូលនិធិ​គ្រួសារ​ខ្មែរ បាន​សំណូមពរ​ទៅកាន់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​បន្ត​ផ្ដល់នូវ​កិច្ចសហការ និង​គាំទ្រ​ដល់​សមាគម និង​កម្មវិធី​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ ឲ្យ​ដំណើរការបាន​ដោយ​រលូន​។​

​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ គៀត​ច័ន្ទ​ថា​រិ​ទ្ធ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក៏បានផ្ដល់​កិត្តិយស​ថ្លែង​សុន្ទរកថា​និង​មានប្រសាសន៍​ផ្ដាំផ្ញើ​យ៉ាង​ដូច្នេះ​ថា ដោយ​មើលឃើញ​ពី​កាលានុវត្តភាព​និង​សក្ដានុពលភាព​នៃ​កម្មវិធី​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ​ក្រសួងមហាផ្ទៃ​បានទទួល​ស្វាគមន៍​និង​លើកទឹកចិត្ត​ដល់​សមាគម​ក្នុងការ​អនុវត្ត​គម្រោង​នេះ​ឲ្យ​លេចចេញ​ជា​រូបរាង​និង​ផ្លែផ្កា​ដោយសារ​ក្រសួងមហាផ្ទៃ​បាន​យល់ឃើញថា​កម្មវិធី​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ​អាច​នឹងមាន​ផលប្រយោជន៍​ជា​វិជ្ជមាន​សម្រាប់​ការរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ជនបរទេស​ដែលជា​គោលដៅ​អាទិភាព​សម្រាប់​កម្មវិធី​នេះ​ជា​ជនបរទេស​ដែលមាន​ធនធាន​ទ្រព្យសម្បត្តិជា​វិនិ យោគិន សហគ្រិន អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ​ឬ​បញ្ញវ័ន្ត​ដែលមាន​សមត្ថភាព​ចំណេះដឹង​ខ្ពស់​ដែលជា​ចលករ​ដ៏​សំខាន់​ក្នុងការ​ជម្រុញ និង​អភិវឌ្ឍ​ប្រទេសជាតិ នៅ​ក្នុង សម័យ​សកលភាវូបនីយកម្ម និង​ន​វា​នុ​វត្ត​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ​។​

​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍បានផ្ដល់​ការឆ្លើយតប​ជា​វិជ្ជមាន​ទៅកាន់​សំណូមពរ​របស់ ឯកឧត្ដម នូវ សុខភាព ប្រធាន​សមាគម​មូលនិធិ​គ្រួសារ​ខ្មែរ អំពី​ជំហរ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ក្រសួងមហាផ្ទៃ​ចំពោះ​គម្រោង​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ ព្រមទាំង​ផ្ដាំផ្ញើ និង​សំណូមពរ​ទៅកាន់​សមា គម​ឲ្យ​បន្ត​រក្សា​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​នានា​ដែល​ពាក់ព័ន្ធ​សិក្សា​ស្វែងយល់​ទិដ្ឋភាព​ផ្លូវច្បាប់​ឲ្យ​បាន​ទូលំទូលាយ​បន្ថែមទៀត​ជាពិសេស​គឺ​ច្បាប់​និង​បទបញ្ញត្តិ​ដែល​ត្រូវអនុវត្ត​សំដៅ​ធានាបាន​នូវ​ការសម្របសម្រួល​ឲ្យ​ភ្ញៀវ​បរទេស​ទទួលបាន​កញ្ចប់​សេវាកម្ម​ប្រកបដោយ​ការពេញចិត្ត​ក្នុង​រយៈពេល​ចេញ​-​ចូល និង​ស្នាក់ អាស្រ័យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរបញ្ជាក់​ផងដែរ​ថា “​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ​” គឺជា​កម្មវិធី​ដែល​បង្កើតឡើង​ដោយ​សមាគម​មូលនិធិ​គ្រួសារ​ខ្មែរ និង​ជា​កម្មវិធី​ផ្លូវការ​តែមួយគត់​ដែល​ត្រូវ​បានអនុម័ត ទទួល បាន​ការគាំទ្រ​ជាគោលការណ៍​និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែលជា​វិនិយោគិន​ផ្នែក​លំនៅឋាន​លំហែ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​នូវ​កញ្ចប់​ទិដ្ឋាការ​មាស​រយៈពេល​១០​ឆ្នាំ និង​អត្ថប្រយោជន៍​ដ៏​សម្បូរបែប​ជាច្រើន​ទៀត​។ សមាជិក​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ​ដំបូង​គេ ចំនួន​១៨​នាក់ ត្រូវបាន​អញ្ជើញ​ឲ្យ​ទទួល​កាដូរ​អនុស្សាវរីយ៍​ដោយផ្ទាល់​ពី ឯកឧត្ដម នូវ សុខភាព ប្រធាន​សមាគម​មូលនិធិ​គ្រួសារ​ខ្មែរ ហើយ កម្មវិធី​ក៏បាន​បញ្ចប់ទៅ​ប្រកបដោយ​ភាព​រីករាយ និង​ភាពជោគ ជ័យ​គួរ​ជាទី​មោទនៈ​។​

​គួរ​រម្លឹក​ផងដែរ​ថា សមាគម​មូលនិធិ​គ្រួសារ​ខ្មែរ ក៏បាន​ធ្វើការ​សម្ពោធ​បើក​ការិយាល័យ​សម្រាប់​គម្រោង​កម្មវិធី​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ នៅក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ​ផងដែរ ដែល មាន​ទីតាំង​ស្ថិតនៅ​អាគារ​លេខ​១៩៩ តាម​បណ្ដោយ​មហាវិថី​ត្រសក់ផ្អែម កែង​ផ្លូវ ៣០៦ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​៕
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គម្រោង​កម្មវិធី​កម្ពុជា​ផ្ទះ​ទី​២​របស់ខ្ញុំ​៖
-​គេហទំព័រ​៖ cm2h.com
-​លេខ​ទូរស័ព្ទ​/​តេ​លេ​ក្រាម​៖ ០៦៦ ៥៩០ ១៦៨, ០៦៩ ៥៩០ ១៦៨
-​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/CambodiaMySecondHome