វើលខាប់ ៖ បុរស​ខ្លាំង​នៅ​ឆេ​ច្នី ផ្តល់​សញ្ជាតិ​កិត្តិយស​ដល់ សាឡា របស់​អេ​ហ្ស៊ី​ប​

1518
ចែករម្លែក

​បន្ទាប់ពី​ក្រុម​របស់ខ្លួន​ខ្ទាត​ចេញពី​ការប្រកួត​វើ​ល​ខាប់ កីឡាករ​បាល់ទាត់​អេ​ហ្ស៊ី​ប ម៉ូ​ហា​ម៉េ​ត សាឡា បានឈ្នះ​រង្វាន់​លើកទឹកចិត្ត​មួយ​ជា​ទម្រង់​សញ្ជាតិ​កិត្តិយស​របស់​ឆេ​ច្នី​។​

​បុរស​ខ្លាំង​របស់​ឆេ​ច្នី លោក រ៉ាំ​ហ្សា​ន កា​ឌី​រ៉ូ​វ (Ramzan Kadyrov) បាន​សរសេរ​នៅលើ Telegram ថា គាត់​បានប្រគល់​ពានរង្វាន់​កិត្តិយស​នេះ​ដល់​កីឡាករ​ហង្ស​ក្រហម Liverpool រូបនេះ ខណៈ​រៀបចំ​អាហារ​ពេល​ល្ងាច​មួយពេល​សម្រាប់​ក្រុម​អេ​ហ្ស៊ី​ប ដែល​ហ្វឹកហាត់​វើ​ល​ខាប់​នៅក្នុង​រដ្ឋធានី​ហ្គ្រោ​ស្នី (Grozny) របស់​ឆេ​ច្នី​។​

​លោក កា​ឌី​រ៉ូ​វ បាន​សរសេរ​កាលពី​ថ្ងៃ​សុក្រ​ថា “​ម៉ូ​ហា​ម៉េ​ត សាឡា គឺជា​ពលរដ្ឋ​កិត្តិយស​របស់​ឆេ​ច្នី​! យប់​នេះ​ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដើម្បី​ផ្តល់​កិត្តិយស​ខ្ពង់ខ្ពស់​ដល់​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​ម្នាក់​ដែល​លេង​ឱ្យ​អេ​ហ្ស៊ី​ប​និង​ហង្ស​ក្រហម Liverpool”​។​

​លោក​កា​ឌី​រ៉ូ​វ ដែល​គាំទ្រ​ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​គ្រប់គ្រង​ឆេ​ច្នី​ដោយ​កណ្តាប់ដៃ​ដែក ដែលនាំឱ្យ​មានការ​ថ្កោលទោស​ពី​សំណាក់​អង្គការសិទ្ធិមនុស្ស​ជាច្រើន​៕ ដោយ៖ កញ្ញាដាលីស

សាឡា ទទួលបាន​សញ្ជាតិ​កិត្តិយស​ឆេ​ច្នី កាលពី​ថ្ងៃ​សុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម