ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ កូរ៉េខាងជើងបានប្រើខួបនៃបទឈប់បាញ់ ដែលបានបញ្ឈប់ការប្រយុទ្ធគ្នានៅឧបទ្វីបកូរ៉េកាលពី៦៩ ឆ្នាំមុន ដើម្បីព្រមានអំពី “សង្គ្រាមកូរ៉េលើកទីពីរ” ដោយបន្ទោសសហរដ្ឋអាម៉េរិកនិងកូរ៉េខាងត្បូងចំពោះការបង្កអរិភាព។
កូរ៉េខាងជើងប្រារព្វខួបនៃបទឈប់បាញ់ ដែលបានបញ្ឈប់ការប្រយុទ្ធគ្នានៅឧបទ្វីបកូរ៉េកាលពី៦៩ ឆ្នាំមុន ក្នុងព្រឹត្តិការសាធារណៈដោយមិនមានពាក់ម៉ាស់ការពារកូវីដ១៩
ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិកនិងកូរ៉េខាងត្បូង ដែលកំពុងអនុវត្តជាមួយនឹងក្លិនរំសេវដ៏ឈួលនោះកំពុងធ្វើឱ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែធ្ងន់ធ្ងរ” ដោយហៅប្រទេសទាំងពីរថា “ពួកបង្ករឿង ដែលចង់បានសង្គ្រាមដ៏ខ្លោចផ្សា”។
សហរដ្ឋអាម៉េរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែនេះ ដែលរួមមានឧទ្ធម្ភាគចក្រ AH-64E Apache និងយន្តហោះចម្បាំងបំបាំងកាយ F-35A ។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងរហូតមកទល់ពេលនេះទើបតែត្រូវបានផ្តល់ជូននៅលើវេបសាយរបស់ក្រសួងប៉ុណ្ណោះ និងមិនមែននៅលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួនទេដោយបង្ហាញថាវាអាចសម្រាប់ទស្សនិកជនក្នុងស្រុក។
កូរ៉េខាងជើងបានហៅសមយុទ្ធរួមគ្នានេះអស់ជាច្រើនទសវត្សរ៍មកហើយថាជាការត្រៀមលក្ខណៈឈ្លានពាន និងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាសមយុទ្ធបច្ចុប្បន្នអាចនឹងរីករាលដាលទៅជាសង្គ្រាមកូរ៉េលើកទីពីរ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងគាប់ជួនជាមួយនឹងការចុះហត្ថលេខាថ្ងៃទី ២៧ ខែកក្កដាលើកិច្ចព្រមព្រៀងឈប់បាញ់ក្នុងចំណោមកងកម្លាំងអង្គការសហប្រជាជាតិដែលដឹកនាំដោយសហរដ្ឋអាម៉េរិក កូរ៉េខាងជើង និងចិន ដោយនាំមកនូវបទឈប់បាញ់ដល់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣។
ទោះបីសង្គ្រាមបានបញ្ចប់ត្រឹមបទឈប់បាញ់ ក៏ប៉ុន្តែកូរ៉េខាងជើងបានអបអរថ្ងៃនេះថាជា “ជ័យជម្នះក្នុងបេតុភូមិ”។
អស់រយៈពេលជាច្រើនឆ្នាំមកហើយសហរដ្ឋអាម៉េរិកបានចង្អុលបង្ហាញថា ប្រសិនបើកូរ៉េខាងជើងចង់បានសន្ធិសញ្ញាសន្តិភាពផ្លូវការនិងទំនាក់ទំនងការទូតនោះខ្លួនត្រូវតែលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។
កូរ៉េខាងត្បូងនិងសហរដ្ឋអាម៉េរិកបានព្រមានថា កូរ៉េខាងជើងឆាប់ៗនេះទំនងជានឹងសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ដែលនឹងក្លាយជាការសាកល្បងលើកទីប្រាំពីររបស់ខ្លួន៕
ទូរទស្សន៍កូរ៉េខាងជើងរាយការណ៍អំពីការសាកល្បងអាវុធនាំផ្លូវថ្មីរបស់ខ្លួននៅស្ថានីយរថភ្លើងក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២