​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម លោក ឱក ប៊ុង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី ហ្វូ​ឡា​កេ​មី អា​គិ​ន​លេ​យ ( Folakemi I. Akinleye )​ឯកអគ្គរដ្ឋទូត​នី​ហ្សេ​រី​យ៉ា និង​សហការី​។​

​លោក រដ្ឋលេខាធិការ បានទទួល​ស្វាគមន៍​លោកស្រី ហ្វូ​ឡា​កេ​មី អា​គិ​ន​លេ​យ យ៉ាង​កក់ក្តៅ និង​សម្តែង​ការអបអរសាទរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​លោកស្រី​ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សហព័ន្ធ​នី​ហ្សេ​រី​យ៉ា​ប្រចាំ​កម្ពុជា និង​គាំទ្រ​យ៉ាង​ពេញលេញ​ក្នុង​អាណត្តិ​បំពេញបេសកកម្ម​របស់​លោកស្រី ដែល​ពិតជា​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​-​នី​ហ្សេ​រី​យ៉ា កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​លោកស្រី ហ្វូ​ឡា​កេ​មី អា​គិ​ន​លេ​យ បាន​ជម្រាបជូន​ថា បច្ចុប្បន្ននេះ​នី​ហ្សេ​រី​យ៉ា​កំពុង​ប្រឈមមុខ​នឹង​កង្វះ​ការផ្គត់ផ្គង់​ស្បៀងអាហារ ដែល​បណ្តាលមកពី​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ស្នើ​ភាគី​ទាំងពីរ​ធ្វើការ​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។​

​ជា​កិច្ច​ឆ្លើយតប លោក រដ្ឋលេខាធិការ បាន​ជម្រាបជូន​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​នី​ហ្សេ​រី​យ៉ា នៅមាន​ទំហំ​តិចតួច​នៅឡើយ ដែលមាន​ឱកាស​ដើម្បី​ជំរុញ​និង​ពង្រីក​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែម​នាពេលខាងមុខ តាមរយៈ​ការបង្កើន​ការដោះដូរ​មុខទំនិញ​សំខាន់ៗ និង​ការវិនិយោគ​លើ​វិស័យ​សក្តានុពល​រវាង​ភាគី​ទាំងពីរ​។ លោក បាន​លើកឡើងថា កម្ពុជា​ស្វាគមន៍​រាល់​វិនិយោគិន និង​ធុរជន​បរទេស​ដែល​មក​បណ្តាក់ទុន​នៅ​កម្ពុជា រួមទាំង​វិនិយោគិន​នី​ហ្សេ​រី​យ៉ា​ផងដែរ ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​នីតិវិធី​ងាយស្រួល ដែល​បម្រើ​ដល់​សកម្មភាព​ធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋលេខាធិការ បានធ្វើ​បទ​បង្ហាញ​សង្ខេប​ស្តីពី​វឌ្ឍនភាព​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​កម្ពុជា​ពី​ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន ជូន​លោកស្រី​ឯកអគ្គរដ្ឋទូត​។ តាមរយៈ​បទ​បង្ហាញ​នេះ លោកស្រី​ឯកអគ្គរដ្ឋទូត មាន​ចំណាប់អារម្មណ៍​ទាក់ទង​ការអភិវឌ្ឍន៍​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​, កសិកម្ម និង​វិនិយោគ និង​បានស្នើ​ភាគី​ទាំងពីរ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​-​វិនិយោគ តាមរយៈ​ការពិនិត្យ​លទ្ធភាព​វិនិយោគ​រួមគ្នា​លើ​វិស័យ​អាទិភាព ដើម្បី​បម្រើ​សេចក្តីត្រូវការ​ទៅវិញទៅមក និង​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​ជា​កិច្ច​ឆ្លើយតប លោក​រដ្ឋលេខាធិការ គាំទ្រ​លើ​សំណើ​នេះ ដែល​ភាគី​ទាំងពីរ​គួរ​ធ្វើការ​រួមគ្នា​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេភាគី និង​ស្នើឱ្យ​ភាគី​នី​ហ្សេ​រី​យ៉ា​ពិចារណា​នាំចូល​ទំនិញ​បន្ថែម​ពី​កម្ពុជា​ក្រៅពី​ទំនិញ​សក្តានុពល​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ពិភពលោក​(​សម្លៀកបំពាក់​,​ស្បែកជើង​,​កង់​,​សម្ភារៈ​ធ្វើដំណើរ​) រួមមាន​៖ អង្ករ ដំឡូង​មី ផ្លែ​មៀន ស្វាយ និង​មុខទំនិញ​ដទៃទៀត​។ លោក បានស្នើ​ឱ្យមាន​ដំណើរ​ទ​ស្សន​កិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ទាំង​ស្ថាប័នរដ្ឋ​និង​ឯកជន​នី​ហ្សេ​រី​យ៉ា​ទាំង​កម្រិត​រដ្ឋមន្ត្រី និង​ថ្នាក់​មន្ត្រី​បច្ចេកទេស ដើម្បី​ស្វែងយល់​ពី​បរិយាកាស​ធុរកិច្ច និង​វិនិយោគ និង​វិស័យ​សក្តានុពល​គួរ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។​
​គួរ​បញ្ជាក់ថា ៖​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​នី​ហ្សេ​រី​យ៉ា ក្នុង​ឆ្នាំ​២០១៨ (​នាំចេញ ៥៩៧ ពាន់​ដុល្លារ​, នាំចូល ៥៣៥ ពាន់​ដុល្លារ​), ឆ្នាំ​២០១៩(​នាំចេញ ២៤៦ ពាន់​ដុល្លារ​, នាំចូល ៥០២ ពាន់​ដុល្លារ​), ឆ្នាំ​២០២០ (​នាំចេញ ៤៦៤ ពាន់​ដុល្លារ​, នាំចូល ៣៥ ពាន់​ដុល្លារ​), ឆ្នាំ​២០២១ (​នាំចេញ ១៥៣ ពាន់​ដុល្លារ​, នាំចូល ៣៥៧ ពាន់​ដុល្លារ​) និង​ឆ្នាំ​២០២២ (៦​ខែ​ដើមឆ្នាំ​) (​នាំចេញ ១២២ ពាន់​ដុល្លារ​, នាំចូល ១៩៩ ពាន់​ដុល្លារ​) ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​២០២១ កើនឡើង ២% ធៀប​នឹង​ឆ្នាំ​២០២០៕​