ដោយៈ គ្រី សម្បត្តិ/ភ្នំពេញ៖កម្លាំងនគរបាលបង្ការពន្លត់និងសង្គ្រោះអគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារបង្ការទប់ស្កាត់អគ្គីភ័យនិងការជួយសង្គ្រោះ ដើម្បីពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅគ្រាដែលគេមើលឃើញថាបញ្ហាអគ្គីភ័យនៅក្នុងរាជធានីភ្នំពេញនៅតែជាបញ្ហាប្រឈមបង្កហានិភ័យគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ ខណៈដែលរយៈពេលមួយខែចុងក្រោយនេះអគ្គីភ័យនៅក្នុងរាជធានីភ្នំពេញបានកើតឡើងចំនួន០៧លើក បណ្តាលឱ្យឆេះផ្ទះចំនួន៤៤ខ្នង ឆេះរថយន្តបីគ្រឿង និងទ្រព្យសម្បត្តិមួយចំនួនផងដែរ។
កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គីភ័យ ក្នុងនោះមានការចូលរួមពីលោកនាយការិយាល័យជំនាញ លោកនាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ក៏បានលើកឡើងដាក់ចេញវិធានការមួយចំនួនដល់កម្លាំងបង្ការសង្គ្រោះអគ្គីភ័យដោយបានណែនាំកម្លាំងជំនាញសង្គ្រោះអគ្គីភ័យត្រូវមានមុខដែលបានបែងចែកតាមវេនប្រចាំការ២៤ម៉ោងលើ១៤ម៉ោង រងចាំទទួលព័ត៌មាន និងត្រៀមចេញអន្តរាគមន៍ឱ្យបានទាន់ពេលវេលាឆាប់រហ័សក្នុងករណីអគ្គីភ័យកើតឡើងជាយថាហេតុណាមួយនោះ។
លោកឧត្តមសេនីយ៍ស្នងការរង ក៏បានណែនាំឱ្យកម្លាំងត្រូវយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារជួយសង្គ្រោះអគ្គីភ័យ និងបន្តចុះណែនាំប្រជាពលរដ្ឋយល់ដឹងហើយចូលរួមបង្ការទប់ស្កាត់អគ្គីភ័យនិងណែនាំឱ្យមានការថែទាំរថយន្តពន្លត់អគ្គីភ័យនិងសម្ភារៈជាប្រចាំធានាឱ្យការប្រើប្រាស់បានគង់វង់យូរអង្វែង៕