​ប្រែ​សម្រួលៈ​បំណង​(ST)៖ រញ្ជួយ​ដី​កំលាំង​៧,១​រិ​ច្ឆ​ទ័រមួយ​បាន​វាយប្រហា​រកោះ​លូ​ហ្សុន​(Luzon)​របស់​ហ្វីលីពីន​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កក្កដា ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​បួន​នាក់ និង​បង្ក​របួស​ជាង​៦០​នាក់​ទៀត នៅពេល​អាគារ​ជាច្រើន​ក្នុង​ខេត្ត​អា​ប្រា​(Abra)​ភាគ​ខាងជើង​បាន​ដួលរលំ ហើយ​វា​បាន​បញ្ជូន​រំ​ញ័រ​ខ្លាំង​ដល់​រដ្ឋធានី​ម៉ានីល​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក បេន​ចា​មីន អា​បា​ឡូ​ស ( Benjamin Abalos)​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ក្នុង​ខេត្ត​បេន​ហ្គេត​(Benguet) ម្នាក់​នៅក្នុង​ខេត្ត​អា​ប្រា និង​ម្នាក់​ទៀត​នៅក្នុង​ខេត្ត​មួយទៀត​។​មនុស្ស​ជាង​៦០​នាក់​ទៀត​រងរបួស​។​

​យោង​តាម​ផ្នែក​អង្កេត​ភូមិសាស្ត្រ​អាម៉េរិក រញ្ជួយ​ដី​នេះ​នៅ​ចម្ងាយ​១១​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ដូឡូ​រ៉េស​(Dolores)​ក្នុង​ជំរៅ​រាក់​តែ​១០​គីឡូម៉ែត្រ​។​

​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​អា​ប្រា​ត្រូវបាន​ជម្លៀសមនុស្សចេញ​ក្រោយ​អាគារ​របស់​វា​បាក់​មួយ​ផ្នែក​តែ​មិន​មាន​អ្នកស្លាប់​ឬ​រងរបួស​នៅ​ទីនោះ​ទេ​។​

​សូមបញ្ជាក់​ថា ហ្វីលីពីន​ជា​ប្រទេស​ងាយ​នឹង​រង​គ្រោះ​ធម្មជាតិ ដូចជា​រញ្ជួយ​ដី​និង​ការផ្ទុះ​ភ្នំភ្លើង ដោយសារ​វា​ស្ថិតនៅ​លើ​តំបន់​ទម្រ​ទ្វីប​សកម្ម​មួយ​ដែល​គេ​ហៅថា «​កង​ភ្លើង​»​ប៉ាស៊ីហ្វិក ។​រញ្ជួយ​ដី​កើតមាន​​ជា​ញឹកញាប់ និង​មាន​ព្យុះ​ជា​មធ្យម​២០​ក្នុង​មួយឆ្នាំ​៕

​រូបភាព​បង្ហាញ​អាគារ​បាក់បែក​ដោយសា​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ពុធ​នៅ​កោះ​លូ​ហ្សុន