​ដោយៈ អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ ទំនិញ​ពាណិជ្ជកម្ម​ជាច្រើន​មុខ ដែល​នាំ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់ ឥឡូវនេះ មាន​ចំនួន​កើន​ទ្វេដង បន្ទាប់ពី​មានការ​បើក​ច្រក ឱ្យ​ដំណើរការ​ជាធម្មតា​ឡើងវិញ​។ នេះ​ជាការ​បញ្ជាក់​ពី​មន្ត្រីនគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ។​

​សូមបញ្ជាក់ថា ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ គឺជា​ច្រកព្រំដែន​មួយ ជាប់​ជាមួយនឹង​ព្រំដែន ថៃ ក្នុងចំណោម​ច្រក​ទាំងបី នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្ថិតនៅក្នុង​ក្រុង​សំរោង ។​

​ប្រភពពី​មន្ត្រីនគរបាល​ដដែល បានលើកឡើង​ថាៈ ទំនិញ​ពាណិជ្ជកម្ម ជាច្រើន​មុខ​ច្រើន ប្រភេទ ដែល​បាន​នាំ​ចូលមក​កម្ពុជា តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​នោះ គឺជា​ប្រភេទ ទំនិញ​នាំចូល ដោយ​ក្រុមហ៊ុន គិត​ជា​មធ្យម ចាប់ពី​រថយន្ត ២០០ ទៅ ២៥០ គ្រឿង ក្នុង​មួយថ្ងៃ ដែល​នេះ​ជា​ចំនួន​កើន​ទ្វេដង បើ​ធៀប​ក្នុងអំឡុងពេល​ផ្ទុះ​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ មាន​ត្រឹមតែ​រថយន្ត ចំនួន ១០ ទៅ ២០ គ្រឿង​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ​។ ទំនិញ​ដែល​នាំចូល ទាំងនោះ មានមុខ​ប្រភេទ ដូចជា គ្រឿងសំណង់ ភេសជ្ជ​: ។​ល​។ ក្រៅពីនោះ ក៏មាន​នាំចូល នូវ​ទំនិញ​កសិផល គ្រឿងទេស​ផលិត​ក្នុងស្រុក ធ្វើការ​ដោះដូរ រវាង​ពលរដ្ឋ និង​ពលរដ្ឋ បម្រើ​តាម​សេចក្ដីត្រូវការ​ចំ​បាច់ ប្រចាំថ្ងៃ​ផងដែរ​។​

​រីឯ​ចំណែក​ច្រកទ្វារព្រំដែន​អន្តរជាតិ រវាង​កម្ពុជា ថៃ ពីរ​ផ្សេងទៀត គឺ​ច្រក​ជាំ​សា​ងាំ ក្នុងស្រុក​អន្លង់វែង និង​ច្រក​ជប់​គគី ក្នុងស្រុក​បន្ទាយ​អំពិល គ្មាន​ទំនិញ​ក្រុមហ៊ុន​នាំចូល តាម​ច្រកទ្វារព្រំដែន​នោះទេ ពោលគឺ ពលរដ្ឋ និង​ពលរដ្ឋ ជាប់​តំបន់​គ្នា ដោះដូរ​តែ​ទំនិញ និង​របស់របរ ដែលជា​តម្រូវការ​ប្រើប្រាស់ ប្រចាំថ្ងៃ​ប៉ុណ្ណោះ​៕/V​