ដោយៈ ភ្នំដែក / ព្រះវិហារៈ កូនឈើប្រណិត និងកូនឈើហូបផ្លែ ចំនួន ៣៥០ ដើម ត្រូវបានលោកនាយផ្នែករដ្ឋបាលព្រៃឈើឆែប ចែកជូនដល់មន្ត្រីរាជការ លោកគ្រូ និងសិស្សានុសិស្ស យកទៅដាំនៅក្នុងបរិវេណវិទ្យាល័យដូនទន់ ដើម្បីជាប្រយោជន៍​សាធារណៈ។

លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប បានឲ្យដឹង នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២២ នេះថាៈ ផ្នែករដ្ឋបាលព្រៃឈើឆែប រួមនឹងសង្កាត់ព្រៃឈើទាំងអស់ បានចែកកូនឈើប្រណិត និងកូនឈើហួបផ្លែ ចំនួន ៣៥០ ដើម សម្រាប់យកទៅដាំ នៅក្នុងបរិវេណវិទ្យាល័យដូនទន់ ដើម្បីជាប្រយោជន៍សាធារណៈ និងជាការអបអរសារទររុក្ខទិវា ៩កក្តដា ឆ្នាំ២០២២។

លោក សេង លាង បានបញ្ចាក់ឲ្យដឹងថាៈ ការដាំដុះកូនឈើ នៅក្នុងវិទ្យាលយដូនទន់ គឺដើម្បីបណ្តុះមនសិការ ដល់ក្មួយៗសិស្សានុសិស្ស ឲ្យចេះស្រឡាញ់បរិស្ថាន ចេះស្រឡាញ់ព្រៃឈើ ពីព្រោះថា ព្រៃឈើ មានសារៈសំខាន់ណាស់ ចំពោះមនុស្ស និងសត្វ ពិសេសព្រៃឈើ ជារបាំងការពារ កុំឲ្យបំពុលបរិស្ថាន។

លោកបានបន្តថាៈ កូនឈើទាំងនោះ រួមមាន កូនទៀបបារាំង ចំនួន ២៥ ដើម កូនអំពិលផ្អែម ចំនួន ៥០ ដើម លឿងរាជ ៥០ ដើម កូនក្ងោក ២៥ ដើម កូនគ្រញូងចំនួន ១០០ ដើម កូនបេងចំនួន ២៥ ដើម កូនអង្កាញ់ចំនួន ២៥ ដើម កូនរំដួលចំនួន ២៥ ដើម និងកូនឈើ ឥន្ទនេល ចំនួន២៥ដើម ៕/V