ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រតិបត្តិករទីតាំងជីករ៉ែរបស់អូស្ត្រាលីបានប្រកាសកាលពីថ្ងៃពុធទី២៧កក្កដាថា អ្នករុករករ៉ែក្នុងប្រទេសអង់ហ្គោឡាបានរកឃើញពេជ្រពណ៌ផ្កាឈូកសុទ្ធដ៏កម្រមួយ ដែលគេជឿថាជាគ្រាប់ពេជ្រធំបំផុតក្នុងរយៈពេល ៣០០ ឆ្នាំ។
ក្រុមហ៊ុន Lucapa Diamond Company បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកវិនិយោគថា ពេជ្រពណ៌ផ្កាឈូកទម្ងន់ ១៧០ ការ៉ាត់ ដែលគេដាក់ឈ្មោះថា The Lulo Rose ត្រូវបានរកឃើញនៅអណ្តូងរ៉ែលូឡូ (Lulo) ភាគឦសាននៃប្រទេស ហើយជាត្បូងពេជ្រពណ៌ផ្កាឈូកដ៏ធំបំផុតមិនធ្លាប់មានពីមុនមក។
ការរកឃើញ “ជាប្រវត្តិសាស្ត្រ” នៃត្បូងពេជ្រ Type IIa ដែលជាទម្រង់ដ៏កម្រនិងសុទ្ធបំផុតនៃពេជ្រធម្មជាតិ ត្រូវបានស្វាគមន៍ដោយរដ្ឋាភិបាលអង់ហ្គោឡា ដែលជាដៃគូនៅក្នុងអណ្តូងរ៉ែនេះផងដែរ។
លោក ដាយអាមែនទីណូ អាហ្សេវេដូ (Diamantino Azevedo) រដ្ឋមន្ត្រីក្រសួងធនធានរ៉ែរបស់អង់ហ្គោឡាបាននិយាយថា”កំណត់ត្រានេះនិងត្បូងពេជ្រពណ៌ផ្កាឈូកដ៏អស្ចារ្យដែលបានរកឃើញពីអណ្តូងរ៉ែលូឡូ បន្តបង្ហាញថា អង់ហ្គោឡាជាតួអង្គសំខាន់នៅលើឆាកពិភពលោក”។
ពេជ្រនេះនឹងត្រូវលក់ក្នុងការដេញថ្លៃជាអន្តរជាតិ ដែលទំនងជាក្នុងតម្លៃដ៏អស្ចារ្យណាស់។
ពេជ្រពណ៌ផ្កាឈូកស្រដៀងគ្នានេះបានលក់ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោករួចទៅហើយ។
ត្បូងពេជ្រ Pink Star ទម្ងន់ ៥៩,៦ ការ៉ាត់ ត្រូវបានលក់ដេញថ្លៃនៅទីក្រុងហុងកុងក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃ ៧១,២ លានដុល្លារអាម៉េរិក។ វានៅតែជាពេជ្រថ្លៃបំផុតមិនធ្លាប់លក់ពីមុនមក៕
ពេជ្រមិនទាន់ច្នៃ The Lulo Rose នឹងត្រូវលក់ក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មាន