ដោយៈ គង់​ហេង​/ កំពង់ចាមៈ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស បាន​ប្តេជ្ញា​ចិត្តជា​យុទ្ធសាស្ត្រ គឺ​ខិតខំ​រក្សា​ប្រៀប​ឈ្នះ និង​បន្ត​ពង្រីក ប្រៀប​ឈ្នះ​នេះ ឈានទៅ​កាន់ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នា​ឆ្នាំ​២០២៣​។ នេះ​ជាការ​ថ្លែង​ឱ្យដឹង​របស់លោក យឹម ឆៃលី សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​សមាជិក សមាជិកា ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥ ក្រុង​កំពង់ចាម ប្រមាណ ៣០០ នាក់ និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ចាម រួមទាំង​លោក ខ្លូត ផន ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត​នេះ នៅក្នុង​សួន​គ្រញូង ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី ២៧ កក្កដា នេះ​។​

​ដើម្បី​សម្រេចការ​ប្តេជ្ញា​ចិត្តជា​យុទ្ធសាស្ត្រ​នេះ លោក យឹម ឆៃលី បានផ្តល់​ការណែនាំ​ថាៈ ត្រូវការពារ​ដាច់ខាត​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់ ការប៉ុនប៉ង​បង្កចលាចល របស់​ពួក​ប្រឆាំង​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិ សំដៅ​ធានា ដំណើរការ​អភិវឌ្ឍ និង​ការរស់នៅ​សុខសាន្ត​របស់​ប្រជាជន​, បន្ត​ជំរុញ និង​ពង្រឹង​ការអនុវត្ត គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង ប្រាំពីរ ចំណុច​។​

​លោក​បាន​បន្តថាៈ ខិតខំ​លើកកម្ពស់​អភិបាលកិច្ច ធានា​ការផ្តល់​សេវាសាធារណៈ ប្រកបដោយ​តម្លាភាព​, ខិតខំ​ដោះស្រាយ​ជម្លោះដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ ឱ្យបាន​ល្អ និង​ឆាប់រហ័ស​, ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឃុំ សង្កាត់ ២០២២-២០២៧, ពង្រឹង​ការអនុវត្ត​ឱ្យបាន​ល្អ​នូវ​តួនាទី ភារកិច្ច និង​របៀបរបប​ធ្វើ​ការងារ​របស់​ឃុំ សង្កាត់​, បន្ត​ប្រមូលផ្តុំ​ពង្រឹង​អង្គការ​មូលដ្ឋាន​បក្ស ទាំង​គណៈកម្មាធិការ​គ​ណ​បក្ស​ឃុំ​សង្កាត់ អនុសាខា​ក្រុម​បក្ស និង​គ្រួសារ​បក្ស ពោលគឺ ត្រូវ​បន្ត​ការរៀបចំ​កម្លាំង​ក្រុម​បក្ស​ភូមិ លើ​គោលការណ៍​ឱ្យបាន ៨០ ភាគរយ ដោយ​ឈរលើ​ទស្សនៈ​រក្សា​ចាស់ កសាង​ថ្មី និង​គ្រប់គ្រង​សមាជិក​បក្ស ដោយ​បន្ត​អនុវត្ត​ពង្រឹង​អ្នក​ចាស់ អូសទាញ​អ្នកថ្មី​។​

​លោក​បាន​បន្ថែមថាៈ ជំរុញ និង​ពង្រឹង​ការងារ​ចលនា​មហាជន​, បន្ត​ថែរក្សា​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​គណបក្ស​ឃុំ សង្កាត់​នីមួយៗ​, ពង្រឹង ពង្រីក​កិច្ចសហការ និង​ទំនាក់ទំនង ល្អ ជាមួយ​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​មូលដ្ឋាន ដោយ​មិនមាន​ការបែងចែក ពណ៌​សម្បុរ នយោបាយ​, អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ប្រកាស​អន្តរក្រសួង​,​ថ្នាក់ដឹកនាំ​បក្ស​ឃុំ​សង្កាត់ និង​ក្រុម​បក្ស​ភូមិ​ត្រូវមាន​ឆន្ទៈ​ស្មោះត្រង់ និង​ទទួលខុសត្រូវ ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្តថាៈ ត្រូវ​គ្រប់គ្រង​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​មាន​យុត្តិធម៌ ដល់​ប្រជាពលរដ្ឋ គឺ​លុបបំបាត់​ឱ្យអស់ នូវ​ជំងឺ​គ្រួសារនិយម បក្សពួកនិយម ជំងឺ​ពើងទ្រូង ដាក់​ប្រជាជន និង​អំពើពុករលួយ​គ្រប់​រូបភាព នៅ​មូលដ្ឋាន​, ត្រូវ​ចាត់វិធានការ​ឱ្យមាន ប្រសិទ្ធភាព លើ​ការលុបបំបាត់​ភាព​អសកម្ម​នានា និង​ត្រូវ​បន្ត​ថែរក្សា​សមិទ្ធផល របស់​រាជរដ្ឋាភិបាល ដែលមាន​នៅក្នុង​មូលដ្ឋាន និង​លើកទឹកចិត្ត​ពង្រឹង ពង្រីក​ការចូលរួម របស់​ប្រជាជន​៕/V​