​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ​មួយ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ នេះ នៅ​សាលប្រជុំ​សាលាខេត្ត ដើម្បី​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ អនុវត្ត​បន្ត ។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ជំរុញ​ដល់ គ្រប់​ស្ថាប័ន អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់ ត្រូវ​ពង្រឹង​និង​គ្រប់គ្រង​មន្ត្រីរាជការ ក្រោម​ឱវាទ របស់ខ្លួន ឱ្យបាន​ល្អ ត្រួតពិនិត្យ​សកម្មភាព​ការងារ ធៀប​ទៅនឹង​ផែនការ​សកម្មភាព​អនុវត្ត ឱ្យបាន​តាម​គោលការណ៍ របស់​ថ្នាក់លើ បានកំណត់ និង​ត្រូវមាន​វិធានការ ចំពោះ​មន្ត្រី រាជការ​ណា មិន​គោរព​តាមច្បាប់​សហលក្ខន្តិកៈ​ម​ន្ត្រី​រាជការ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បានដាក់​ចេញ​នូវ​ទិសដៅ សំរាប់​អនុវត្ត​បន្ត គ្រប់​អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី រៀបចំ​សោភ័ណភាព​ក្នុង​ក្រុង ស្រុក រៀបចំ​ដាក់​អំពូល​សូ​ឡា បំភ្លឺ​តាម​ដងផ្លូវ រៀបចំ​សួនច្បារ តាម​មាត់ទន្លេ ភូមិ​កំពុងអភិវឌ្ឍន៍ រៀបចំ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ រៀបចំ​ផ្លូវ​ក្នុង​ក្រុង ដោយ​ចាក់​កៅស៊ូ និង​បេតុង ឱ្យបាន​គ្រប់​ផ្លូវ ទប់ស្កាត់​ការចាក់ដី ដោយ​គ្មាន​ច្បាប់​អនុញ្ញាត រក្សា​ការពារ​ធនធានធម្មជាតិ ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ រក្សាសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ទទួលខុសត្រូវ​របស់​ខ្លួន ឲ្យ​បានល្អ ជាពិសេស បន្ត​បំរើសេវា​សាធារណៈ ដោះស្រាយ​សំណូមពរ និង​តម្រូវ​ការចាំបាច់ ព្រមទាំង​ដោះស្រាយ​ទំនាស់ ដែល​នៅ​សេសសល់ ឱ្យបាន​ទាន់ពេលវេលា ជូន​ប្រជាពលរដ្ឋ​។​

​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ក៏បាន​ផ្តាំ​ផ្ញើឱ្យ​គ្រប់​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក ចង់​សម្រេចបាន​នូវ​ទិសដៅ ខាងលើ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​ប្រតិបត្តិ​តាម​តួនាទី ភារកិច្ច​របស់ខ្លួន ដោយមាន​ផែនការ​សកម្មភាព​ការងារ​ច្បាស់លាស់ ស្របតាម​គោល នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។ ជាពិសេស​គ្រប់​អង្គ ភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ អំពី​វិធាន​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​ផ្សេងៗ និង​បន្ត​យកចិត្តទុកដាក់ ចូលរួម​ផ្សព្វផ្សាយ អប់រំ​អំពី​វិធានការ​បង្ការ​ការ ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ថ្មី និង​ជំងឺ​អុត​ស្វា ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ជ្រួតជ្រាប ស្របតាម​ការណែនាំ​រប​ស់ ក្រសួងសុខាភិបាល បានកំណត់​៕/V​