ដោយៈ កាំ​ពី / ក្រចេះ៖ ស្ត្រី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ផ្កាប់មុខ លើ​ចង្ក្រាន​ដាំ​ស្លរ កាលពី​ល្ងាច ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នៅក្នុងពេល​ស្ត្រី​ម្នាក់​នោះ និង​ប្ដី បាន​ទៅ​ដេក​ធ្វើស្រែ នៅ​ចំណុច​ក្បាល​ស្រែ​ទំនប់​ចិន ស្ថិតនៅ​ក្នុងភូមិ​ថ្ម​គ្រែ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ហើយ​សមត្ថកិច្ច បាន​សង្ស័យ​ជា​ករណី​ឃាតកម្ម ព្រោះ​ឃើញ​មាន​ស្នាម​កាប់ ចំ​កញ្ចឹងក ។​

​មន្ត្រីនគរបាល​មូលដ្ឋាន បានបញ្ជាក់​ឲ្យ​ដឹងថាៈ ស្ត្រីជន​រងគ្រោះ ឈ្មោះ ក្ដាន់ យ៉េន អាយុ ៦២ ឆ្នាំ រស់នៅ​ភូមិ​ថ្ម​គ្រែ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ​។ នៅវេលា​ម៉ោង ៨ យប់ ប្អូនថ្លៃ​របស់​ជនរងគ្រោះ បាន​ទូរស័ព្ទ​ទៅ​នគរបាល និង​រាយការណ៍​ថា បងថ្លៃ​គាត់ ត្រូវបាន​គេ​កាប់ ហើយ​ក្រុមគ្រួសារ បាន​ដឹក​គាត់ មក​មណ្ឌល​សុខភាព ហើយ​គ្រូពេទ្យ បាន​បញ្ជាក់ថា គាត់ (​ស្ត្រី​រងគ្រោះ​) បាន​ស្លាប់​ហើយ​។​

​ប្រភព​បានបញ្ជាក់​ទៀតថាៈ ជនរងគ្រោះ បាន​ទៅ​ដេក​ធ្វើស្រែ ជាមួយ​ប្ដី អស់​រយៈពេល ៧ ថ្ងៃ​ហើយ ស្រាបតែ​នៅ​ល្ងាចម្សិលមិញ​នេះ គេ​ប្រទះឃើញ​គាត់​ស្លាប់​ផ្កាប់មុខ លើ​ចង្ក្រាន ដោយមាន​ស្នាម​កាប់​នឹង​វត្ថុ​រឹង ចំ​កញ្ចឹងក ។ ករណីនេះ កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ កំពុង​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ នៅ​កន្លែងកើតហេតុ ដើម្បី​កំណត់​មុខសញ្ញា​ជនដៃដល់​។​
​ប​ច្ច​ប្បន្ន កម្លាំង​នគរបាល បាន​ហៅ​ប្ដី​របស់​ជនរងគ្រោះ ទៅ​សួរនាំ​រក​មូលហេតុ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ថ្ម​គ្រែ ក្រោយមក​បន្ត​នាំយកទៅ​សួរនាំ នៅ​អធិកា​ដ្ឋា​ន​នគរបាល ស្រុក​ចិត្រ​បុរី បន្តទៀត​៕/V​