ដោយៈ ចាន់តូ / ភ្នំពេញ​៖ មន្ត្រី​យោធា​ម្នាក់ ត្រូវ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង បុក​ម៉ូតូ និង​កិន​ស្លាប់​នៅនឹងកន្លែង កាលពី​វេលា​ម៉ោង​ប្រមាណ ២​និង​៣០​នាទី រសៀល​ថ្ងៃទី​២៧ ខែ កក្កដា ឆ្នាំ​២០២២ នៅមុខ​បុរី​វ៉ា​រី​ណា នៅតាម​ផ្លូវ​បេតុង ក្នុងភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​

​នគរបាល​សង្កាត់​ក្រាំងធ្នង់ បាន​ប្រាប់​ឱ្យដឹងថាៈ ជនរងគ្រោះ ដែល​បាន​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ឈ្មោះ ព្រីង សាមី អាយុ ៣៣ ឆ្នាំ ជា​មន្ត្រី​យោធា ឋាន​ត្ត​ស​ក្កិ អនុសេនីយ៍ទោ មាន​លំនៅ នៅផ្ទះ​លេខ​១៨៣ ផ្លូវលំ ភូមិ​ភ្នៀ​ត ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១CU.៣៧០៧ ។​
​ចំណែក រថយន្ត​បង្ក​គ្រោះថ្នាក់ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប៊ិច ពាក​ស្លាក​លេខ ភ្នំពេញ ២BK.១០៤៧ អ្នកបើកបរ បាន​រត់​គេចខ្លួនបាត់​។​

​បើតាម​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថាៈ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត មួយគ្រឿង ខាងលើ បានធ្វើ​ដំណើរ​តាមផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ខាងកើត​ទៅខាង​លិច ក្នុង​ល្បឿន​លឿន ។ នៅពេល​មកដល់​កន្លែង​កើតហេតុ រថយន្ត​នោះ បាន​បើក​បត់​ឆ្វេង ហើយក៏​បុក​កិន​ម៉ូតូ​មន្ត្រី​យោធា ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាលឱ្យ​ស្លាប់ នៅ​កន្លែង​តែម្តង​។​

​តាម​ព័ត៌មាន​ដដែល បានបញ្ជាក់​ថាៈ នៅក្នុង​គ្រោះថ្នាក់​នេះ រថយន្ត បាន​បុក​កិន​ម៉ូតូ ជាប់​ក្រោម​រថយន្ត អូស​ឡើង​ចិញ្ចើមផ្លូវ ទៅបុក​ផ្ទប់​នឹង​បង្គោល​ដែក​មួយ​ដើម ។ បន្ទាប់ពី បង្គ​គ្រោះថ្នាក់ អ្នកបើកបរ បាន​រត់​គេចខ្លួនបាត់​ស្រមោល បន្សល់ទុក​រថយន្ត និង​មន្ត្រី​យោធា ដេកស្លាប់​នៅ​កន្លែងកើតហេតុ ។​

​សព​ត្រូវបាន​នគរបាល ប្រគល់ឱ្យ​ក្រុមគ្រួសារ ។ ចំណែក​ម៉ូតូ និង​រថយន្ត ត្រូវ​នគរបាល ចរាចរណ៍ ចុះទៅ​វាស់វែង រួច​នាំយក​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ នៅពេល​ក្រោយ​៕/V​