ដោយៈ គង់​ហេង / កំពង់ចាមៈ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម និង​អាជ្ញាធរ ស្រុក​កងមាស បានសម្រេច​ប្រើប្រាស់​គ្រឿងចក្រ ចាក់ដី​កិន​បង្ហាប់​ម្តងទៀត ដើម្បី​ធ្វើដំណើរ​ឡើងវិញ ក្រោយពី​ការចុះពិនិត្យ​ជាក់ស្តែង ដល់ទី​តាំង​ច្រាំង​ព្រែក​ក្របៅ នៅ​រសៀល​ថ្ងៃទី​២៦ កក្កដា ម្សិលមិញ​។​

​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម បានឱ្យដឹង​នៅ​ថ្ងៃទី ២៧ កក្កដា​នេះ​ថាៈ ទីតាំង​ព្រែក​ក្របៅ ដែល​បាន​ស្រុត តាម​ការសន្និដ្ឋាន​បឋម តាម​ភ្នែក​ទទេ ទំនងជា​បណ្តាល​ពី​ទទួល​ឥទ្ធិពល​ភ្លៀង បី​យប់​ជាប់ៗ​គ្នា ធ្វើឱ្យ​ដី​ខ្សោយ ទន់ជ្រាយ ក៏​ស្រុត​ចុះក្រោម ជម្រៅ​ពី ០,៥ ទៅ ០,៧ ម៉ែត្រ និង​រេល​ញែក ទៅខាង​ព្រែក បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​បន្តថាៈ ដូច្នេះ​ខាង​អាជ្ញាធរ ស្រុក​កងមាស និង​ឃុំ​ព្រែក​ក្របៅ បានសម្រេច ប្រើប្រាស់​គ្រឿងចក្រ ចាក់ដី សម្រួល​ដល់​ការធ្វើ​ចរាចរ បណ្តោះអាសន្ន​សិន រង់ចាំ​ពិនិត្យមើល ស្ថានភាព​ជាក់ស្តែង បន្តទៀត​។​

​លោក អ៊ី កុក​គង់ មេឃុំ​ព្រែក​ក្របៅ បានឱ្យដឹង​នៅ​រសៀល ថ្ងៃទី ២៧ កក្កដា​ថាៈ នៅ​ចំពោះមុខ​នេះ យើង​បានឱ្យ​គ្រឿងចក្រ ឈូស​សម្រួល​ផ្លូវ ដើម្បី​ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្ស បានធ្វើ​ដំណើរ ឆ្លងកាត់​បណ្តោះអាសន្ន គឺ​នៅ​មិនទាន់បាន ចាក់​បង្ហាប់ដី នោះទេ ពិសេស​រង់ចាំ​រាំងភ្លៀង​សិន​។​

​លោក​មេឃុំ បាន​បន្តថាៈ ដោយឡែក ស្ថានភាព​នៅ​កន្លែង​ច្រាំង​បាក់ស្រុត​នោះ គឺ​ការស្រុត​ច្រាំង បាន​ស្រុត​ប្រមាណ ២០ ម៉ែត្រ លូត​ទៅមុខ​បន្ថែមទៀត និង​រេល​ញែក ចូល​ព្រែក ប្រហែល​ជិត​ពាក់កណ្តាល​ព្រែក​។ ម្យ៉ាងទៀត នៅពេល​គ្រឿងចក្រ កាយ​ចុះក្រោម ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ នៅ​ព្រឹក​មិញ​នេះ បាន​ប្រទះឃើញ​ទឹក បាន​ហូរ​ចេញ ពី​ក្នុងភូមិ ចំ​កន្លែង​បាក់ស្រុត​នោះ​៕/V​