ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ រួមជាមួយ​មន្ត្រី និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប បាននាំគ្នា​បិទទ្វារ​ប្រជុំ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២ នេះ នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ដើម្បី​សម្របសម្រួល ដោះស្រាយ​សំណើសុំ​អនុវត្តន៍ កិច្ចព្រមព្រៀង​បញ្ចប់​វិវាទ​ដីធ្លី ទំហំ ៧៨៧ ហិកតា នៅលើ​ភូមិសាស្ត្រ ៣ សង្កាត់ គឺ​សង្កាត់​និមិត្ត សង្កាត់​ផ្សារកណ្តាល និង​សង្កាត់​អូរឫស្សី (​ទើប​បង្កើត​ថ្មី​) នៃ​ក្រុង​ប៉ោយប៉ែត និង ១​ឃុំ គឺ​ឃុំ​អូរ​បី​ជាន់ នៃ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏ប៉ុន្តែ លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ នៅ​ទ័លច្រក​ដដែល ។​

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង ក្រោម​ការដឹកនាំ ដោយ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ក្រុង​ប៉ោយប៉ែត ដោយមាន ការចូលរួម​ពី​មន្ត្រី​ចម្រុះ ដូចជា នាយ​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​អន្តរ​វិស័យ សាលាខេត្ត ប្រធាន​-​អនុប្រធាន ការិយាល័យ​គ្រប់គ្រង​ការអភិវឌ្ឍ និង​សំណង់​សាលាខេត្ត ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត លោក​អភិបាល អភិបាលរង ប្រធានការិយាល័យ​ភូមិបាល ក្រុង​ប៉ោយប៉ែត និង​ស្រុក​អូរជ្រៅ ជាពិសេស​លោក ឧកញ៉ា លី សាយ​ឃាង និង​លោក​មេធាវី អ៊ីវ ប៉ូ​លី (​អ្នកស្នើសុំ​)​និង​លោក ញឹក ប៊ុនឆៃ (​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​) និង​លោក​មេធាវី មៀ​ច សំ​អ៊ា​ន់ (​អ្នកពាក់ព័ន្ធ​)​។​

​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ ជាការ​ឆ្លើយតប​តាម​សំណើសុំ​អនុវត្ត កិច្ចព្រមព្រៀង​បញ្ចប់​វិវាទ ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ ចេញ​ដោយ​សាលាដំបូង រាជធានី​ភ្នំពេញ ។​

​បន្ទាប់ពី​កិច្ចប្រជុំ បានបញ្ចប់​មក លោក ង៉ោ ម៉េង​ជ្រួ​ន បាន​និយាយប្រាប់​អ្នកសារព័ត៌មាន នៅពេល​លោក​បាន​ចេញមកក្រៅ​បន្ទប់​ប្រជុំ​ថាៈ ” កិច្ចប្រជុំ​សម្របសម្រួល​នេះ មិនបាន​លទ្ធផល​អ្វី​ទេ ប៉ុន្តែ​ភាគី​វិវាទ បាន​យល់ព្រម ឬ​ឯកភាពគ្នា ថា​នឹង​ចូល​តុ​ជជែក​គ្នា នៅក្នុង​បន្ទប់​ប្រជុំ ដើម្បី​សម្របសម្រួល ដោះស្រាយ​គ្នា នៅ​លើក​ក្រោយ ឆាប់ៗ​នេះ ” ។​

​បើតាម​មន្ត្រី​ជំនាញ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា កិច្ចប្រជុំ បាន​ឯកភាពគ្នា លើ ៣ ចំណុច​គឺៈ (១) – គ្រប់ភាគី យល់ព្រម​អនុវត្ត​កិច្ចព្រមព្រៀង បញ្ចប់​វិវាទ ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ រវាង​លោក​ឧកញ៉ា លី សាយ​ឃាង និង​លោក ញឹក ប៊ុនឆៃ ដោយ​ឯកភាពគ្នា​ថា នឹង​បន្ត​ជួបប្រជុំ សម្របសម្រួល​គ្នា លើក​ក្រោយ​ទៀត​។ (២)- កិច្ចប្រជុំ នឹង​កោះហៅ​ឈ្មោះ តែ ភ័​ណ្ឌ​ណូ​រ៉ា អ្នកទិញ​ដី ទំហំ ៦៩ ហិកតា ពី​លោក ញឹក ប៊ុនឆៃ ដោយ​តម្រូវ​ឱ្យទៅ​ដោះស្រាយ​គ្នា ជាមួយ​ឧកញ៉ា លី សាយ​ឃាង តាម​កិច្ចព្រមព្រៀង នេះដែរ ។ (៣)-​កិច្ចប្រជុំ នឹង​បន្ត​ដោះស្រាយ​រឿងនេះ ជាមួយ​អ្នកពាក់ព័ន្ធ ដែល​តម្រូវ​ឱ្យមក​ចូលរួម​ដោះស្រាយ​ផងដែរ ៕/V