ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល វេទិកា សន្តិភាព​កម្ពុជា បាន​ហៅ​ការលើកឡើង របស់​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកវិភាគ​នយោបាយ មួយចំនួន គ្មាន​ដឹង​ខ្យល់​អ្វី​នោះទេ ហើយ​គោលបំណង​របស់​ពួកគេ ដែល​បានលើកឡើង គឺ​គ្រាន់តែ​ចង់​ដាក់បន្ទុក​ចោទប្រកាន់ និង​បង្អាប់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា នៅក្រោម​ការដឹកនាំ​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បន្តវេន​។ ប៉ុន្តែ​ការលើកឡើង ករណី​បញ្ហា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ពី​សំណាក់​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកវិភាគ​ទាំងនោះ គឺ​គ្មាន​ដឹង​ខ្យល់​អី​ទេ វា​មិន​ស្មើនឹង​ក្មេង​បៀម​ដៃ​ផង​។

​ការលើកឡើង​របស់លោក សួន សេរី​រដ្ឋា បានធ្វើ​ឡើង បន្ទាប់ពី​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកវិភាគ បាន​រិះគន់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​អាស៊ាន​ប្តូរ​វេន​ថា ហាក់​គ្មាន​តម្លៃ ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ នៅ​ភូមា ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។​

​លោក សួន សេរី​រដ្ឋា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកក្កដា នេះ​ថាៈ ជោគជ័យ ឬ​បរាជ័យ នៃ​ការផ្សះផ្សា​ជាតិ ឬក៏​ការឯកភាព​ជាតិ វា​មិន​អាស្រ័យទៅលើ​អន្តរជាតិ ឬ​អ្នក​ខាងក្រៅ​ទេ តែ​វា​អាស្រ័យទៅលើ​ក្រុម​ភាគី​ជម្លោះជាតិសាសន៍ នៅក្នុង​ប្រទេស​នោះ តែម្តង ។ កត្តា​អន្តរជាតិ ឬក៏​កត្តា​ខាងក្រៅ វា​គ្រាន់តែ​ជាក​តា​លី​ករ ប៉ុន្តែ​អង្គ​ប្រតិករ​សំខាន់ ដើម្បី​បញ្ចប់​វិបត្តិ​ន​យ​បាយ វិបត្តិ​ផ្ទៃក្នុង​វិបត្តិ​សង្គ្រាម នៅក្នុង​ប្រទេស​នីមួយៗ គឺ​ភាគី​ជម្លោះ នៅក្នុង​ប្រទេស​នោះ ដែលជា​អង្គ​ប្រតិករ​។
​បើសិនជា​ពាក់ព័ន្ធ​ទៅ​និង​តួនាទី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​គឺ​តួនាទី​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​បន្តវេន​វិញ មាន​អាណត្តិ​តែមួយ​ឆ្នាំ​ទេ​។ ប៉ុន្តែ​ជោគជ័យ​ដែល​កើតមាន នៅក្នុង​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា ប្រធាន​អាស៊ាន គឺ​បាន​តាំង​ប្រេសិត​អាស៊ាន​មួយ ដែល​អាច​ជាន់ដី មី​យ៉ាន់​ម៉ា ហើយ​អាច​ជួប ជាមួយ​ប្រមុខ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ព្រមទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា គោរព​នូវ គោលការណ៍ កុងសង់ស៊ីស របស់​អាស៊ាន ហើយ​គោលការណ៍​នេះ ធានា​យ៉ាងម៉េច រក្សា​ឲ្យ​បាន​នៅ​ម​ជ្ឈ​ភាព​អាស៊ាន កុំ​ឲ្យ​បាត់បង់​បេក្ខភាព ឬ​សមាជិក​ណាមួយ​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា បានបញ្ជាក់​ថាៈ គោលការណ៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​ដាក់ចេញ​ធានា​ឲ្យ​បាន នូវ​ម​ជ្ឈ​ភាព​អាស៊ាន ឯកភាព​ជាតិ​ផ្ទៃក្នុង របស់​សមាជិក​អាស៊ាន ហើយ​ជោគជ័យ​សម្បើម​ណាស់ នៅក្នុង​ពាក់កណ្តាល​អាណត្តិ នៃ​ប្រធាន​អាស៊ាន​បន្តវេន ដែល​កម្ពុជា​កាន់តំណែង ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​បន្តវេន គឺ​សម្តេច​បាន​ជាន់​ទឹកដី មី​យ៉ាន់​ម៉ា ជួប​ជាមួយនឹង​មេដឹកនាំ​យោធា របស់​មី​ម៉ាន់​ម៉ា និង​បាន​ណែនាំ​គោលនយោបាយ​ផ្សេងៗ ជាពិសេស គឺ​បានស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ គឺជា​គោលការណ៍​សំខាន់​។​

​លោក សួន សេរី​រដ្ឋា បានលើកឡើង​ថាៈ នៅក្នុង​ប្រទេស​ដែល​កំពុង​តែមាន​វិបត្តិ មានទំនាស់​ផ្ទៃក្នុង សួរថា តើ​អាច​ដោះស្រាយ​វិបត្តិ ឬក៏​ទំនាស់​ផ្ទៃក្នុង ក្នុង​រយៈពេល ១​ឆ្នាំ ២ ឆ្នាំ អី​កើត ឧទាហរណ៍​បទពិសោធ​ន៍ នៅក្នុង​ប្រទេស​កម្ពុជា គឺមាន​ទំនាស់​ផ្ទៃក្នុង សង្គ្រាមស៊ីវិល ជិត​ពាក់កណ្តាល​សតវត្ស​រ៍ ហើយ​ការដោះស្រាយ​វិបត្តិ​សង្គ្រាមស៊ីវិល នៅក្នុង​ប្រទេស​កម្ពុជា ការចាប់ផ្តើម​នូវ​ការចរចា តាំងពី​សម័យ​សម្តេច​តេ​ជោ ហ៊ុន សែន ឡើងកាន់តំណែង ជា​នាយករដ្ឋមន្ត្រី​ទី​១ ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោយមក ដូរ​ជា​រដ្ឋ​កម្ពុជា តាំងពី​ឆ្នាំ​១៩៨៥ គឺ​ចាប់ផ្តើម​មាន​ជំនួប មាន​ការចរចា​ផ្លូវការ និង​ក្រៅផ្លូវការ រហូតដល់​ឆ្នាំ​១៩៩១ ទើប​អាច​មានការ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ គ្រប់ភាគី​ចូលមក ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព ហើយ​នៅ​ឆ្នាំ​១៩៩៣ ចុះហត្ថលេខា​ទាំងអស់គ្នា ៤​ភាគី មាន​អន្តរជាតិ​ទទួលស្គាល់ ពិតប្រាកដ​ត្រឹមត្រូវ​។ ប៉ុន្តែ​ដល់ពេល​ចុងបញ្ចប់ មួយ​ភាគី​ដកខ្លួន​ចេញ មិន​គោរព​កិច្ចព្រមព្រៀង​។​

​ចុងបញ្ចប់ ទាល់​តែមាន​គោលនយោបាយ​ឈ្នះ​ឈ្នះ ដែល​សម្តេច​បានដាក់​ចេញ​ជា គោលការណ៍​ទៅ​អនុវត្ត​នៅក្នុង​ប្រទេស ដឹកនាំ​ការបញ្ចប់​វិបត្តិ​សង្គ្រាមស៊ីវិល នៅក្នុង​ប្រទេស ខ្លួនឯង គឺ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​នឹង​ហើយ ដែល​បានបញ្ចប់ សង្គ្រាម នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ។​

​លោក​បាន​បន្តថាៈ ទាក់ទង​វិបត្តិ​ផ្ទៃក្នុង សង្គ្រាមស៊ីវិល នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដូចគ្នា គឺ​សំខាន់​ណាស់ ភាគី​ជម្លោះ​នៅក្នុង​ប្រទេស​នេះ​តែម្តង ដែល​ត្រូវតែ​ស្វែងរក​បទ​ឈប់​បាញ់​គ្នា ជា​ស្ថាពរ ហើយ​មក​អង្គុយ​តុ​ចរចា​ជាមួយគ្នា ហើយ​អាច​យក​រូបមន្ត​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដាក់ចេញ និង​ដែល​បានឈ្នះ​នៅក្នុង​ប្រទេស​កម្ពុជា យកទៅ​ពិនិត្យថា តើ​គ្រាប់ពូជ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​កម្ពុជា អាច​យកទៅ​បណ្តុះ​ដុះ នៅ​លើដី​របស់​មី​យ៉ាន់​ម៉ា បានដែរ​ឬ​អត់​? ហើយ​សិក្សា​ទាំងអស់គ្នា រក​វិធាន ដើម្បី​បញ្ចប់ វិបត្តិ​នយោបាយ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ កិច្ចការ​ទាំងអស់នេះ មិនមែន​ធ្វើ​តែ ១​ឆ្នាំ ឬ ២​ឆ្នាំ​ទេ ហើយ​ប្រធាន​បន្តវេន​អាស៊ាន មាន​អាណត្តិ​តែ ១​ឆ្នាំ ។​

​ការលើកឡើង​របស់​ម​ន្ត្រី​សង្គម​ស៊ីវិល និង​អ្នកវិភាគ​មួយចំនួន ដែល​សម្ភាសន៍​តាម​វិទ្យុ​មួយ ដែលជា​វិទ្យុ​គាំទ្រ​សម្លេង​ពួកគេ ដើម្បី​បំប៉ោង ដើម្បី​ប​ញ្ជេះ​កំហឹង​ប្រជាពលរដ្ឋ ដើម្បី​បន្លំ ស្ថានការណ៍​ពិត នៅក្នុង​ប្រទេស​កម្ពុជា គឺ​ពួកគេ​មានបំណង​ច្បាស់លាស់ នៅក្នុង​ការលើកឡើង​។ ពួកគេ​ឆ្លៀត​យក​ព្រឹត្តិការណ៍​ជាតិ និង​ព្រឹត្តិការណ៍​អន្តរជាតិ គ្រប់​ព្រឹត្តិការណ៍​ទាំងអស់ ដែល​កើតឡើង យកមក​វ៉ៃ​ប្រហារ លើ​ការដឹកនាំ​របស់ រាជរដ្ឋាភិបាល ដើម្បី​ប​ញ្ជេះ​កំហឹង​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ យល់ច្រឡំ អំពី​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល នៅក្រោម​ការដឹកនាំ​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​៕/V